អន្តរជាតិ
កំហុស​បច្ចេកទេស កាមេរ៉ា​ខ្លះ​តម្លៃ​រាប់ម៉ឺន​ដុល្លារ Amazon ដាក់លក់​តែ​ខ្ទង់​១០០​ដុល្លារ
18, Jul 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Amazon បាន​ដាក់លក់​បញ្ចុះតម្លៃ​ក្នុង​យុទ្ធនាការ​បញ្ចុះតម្លៃ​ប្រចាំឆ្នាំ (Prime Day) សម្រាប់​អតិថិជន​ដែល​ជាវ​ជាប្រចាំ​។ អ្វីដែល​គួរ​ឲ្យ​គួរ​ឲ្យ​កត់សម្គាល់ កំហុស​បច្ចេកទេស​ក្នុង​ការដាក់​តម្លៃ បានធ្វើ​ឲ្យ​អតិថិជន​ជាច្រើន មានឱកាស​ទិញ​កាមេរ៉ា​ទំនើបៗ តែ​ក្នុង​រង្វង់​១០០​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​បច្ចេកវិទ្យា PetaPixel​។​

 
​កាមេរ៉ា Sony a6000/16-50 mm Lens ដែលមាន​តម្លៃ​៥៥០​ដុល្លារ ត្រូវបាន​ដាក់លក់​ត្រឹមតែ ៩៤.៥០​ដុល្លារ​ប៉ុណ្ណោះ​។ អ្នកប្រើប្រាស់​ម្នាក់​បាន​ចែករំលែក​ព័ត៌មាន​នេះ​នៅលើ​គេហទំព័រ​ទិញដូរ Slickdeals​។ ព័ត៌មាន​បានបង្ហាញ​ផងដែរ​ថា កាមេរ៉ា មាន​អ្នកទិញ​រួចទៅហើយ​។​
 
​ជាមួយគ្នានេះ អតិថិជន​ម្នាក់ បាន​អះអាង​គេ​បាន​ទិញ​បាន​កាមេរ៉ា​មួយ​ក្នុងតម្លៃ​តែ​៩០០​ដុល្លារ​អាមេរិក ខណៈ តម្លៃ​ដើម​គឺ​រហូតដល់​ទៅជា​ង​១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។ រីឯ​អតិថិជន​ម្នាក់ទៀត បាន​ចែករំលែក​ថា គេ​ចំណាយ​តែ​៩៤​ដុល្លារ សម្រាប់​កាមេរ៉ា Canon EF 800mm f/5.6L IS ដែលមាន​តម្លៃ​ដើម​១៣០០០​ដុល្លារ​អាមេរិក​។​


 
​តាម​ការផ្សាយ​របស់ Peta Pixel ដដែល អ្នក​ថតរូប​ម្នាក់​ឈ្មោះ Cody McGee បាន​ទិញ​កាមេរ៉ា Fujifilm X100F ក្នុងតម្លៃ​៩៤.៤៨​ដុល្លារ ខណៈ​តម្លៃ​ទូទៅ​គឺ​១២៩៩​ដុល្លារ​។ បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន Slickdeals ឈ្មោះ Steeve ក៏បាន​អះអាង​ពី​ការបញ្ជាទិញ​ជោគជ័យ​នូវ​កាមេរ៉ា Canon EOS R ក្នុងតម្លៃ​៩៤.៤៨​ដុល្លារ​ផងដែរ ដោយ​តម្លៃ​ដើម​កាមេរ៉ា​នេះ គឺ​ប្រមាណ​២០០០​ដុល្លារ​អាមេរិក​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កាមេរ៉ា​ម៉ាក Sony ភាគច្រើន មានតម្លៃ ៩៤.៤៨​ដុល្លារ ដោយ​តម្លៃ​ដើម​ខ្លះ មាន​ពី​២០០០​ដុល្លារ​ដល់​៥៥០០​ដុល្លារ​។ បើទោះបីជា Amazon លើកឡើង​ពី​កំហុស​បច្ចេកទេស​ក៏ដោយ តែ​អតិថិជន​ខ្លះ​បាន​អះអាងថា ពួកគេ​ទទួលបាន​ទំនិញ​ដល់ដៃ​រួចហើយ​។​
 
​ខណៈដែល​អតិថិជន​ខ្លះ រីករាយ​ជាមួយនឹង​តម្លៃ​ដែល​មិន​ធ្លាប់​ជួប​ក្នុង​ជីវិត នោះ អ្នក​ថតរូប​មួយចំនួន ជាពិសេស​បុគ្គលិក​នៅ​ក្រុមហ៊ុន Peta Pixel និង Slickdeals ជាដើម រង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ការបញ្ជាទិញ​របស់​ពួកគេ​បរាជ័យ​។ បច្ចុប្បន្ន ការបញ្ចុះ​តម្លៃ​ដ៏​រំភើប​នេះ លែងមានទៀតហើយ ៕



Tag:
 កាមេរ៉ា​
  Amazon
© រក្សាសិទ្ធិដោយ thmeythmey.com