ពីនេះ ពីនោះ
«​សំរាម​»​មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត​បានឡើយ​!
19, Jul 2019 , 7:39 am        
រូបភាព
រូបពីក្រសួង​បរិស្ថាន
រូបពីក្រសួង​បរិស្ថាន
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន មានការ​ប្រែប្រួល ដោយ​ពាក្យ​ខ្លះ​ត្រូវ​សរសេរ​ជា​ព្យាង្គ​រាយ មកជា​ព្យាង្គ​តម្រួត​វិញ ប៉ុន្តែ​ពាក្យ​ខ្លះ​នៅតែ​រក្សា​ជា​ព្យាង្គ​រាយ​ដដែល​។ ជាក់ស្តែង​ពាក្យ «​សំរាម​» នេះ​មិនអាច​សរសេរ​ជា​«​សម្រាម​»​ព្យាង្គ​តម្រួត​បានឡើយ គឺ​ត្រូវ​រក្សា​វា​ជា​ព្យាង្គ​រាយ​ដដែល​។ 

 
​វចនានុក្រម​សម្តេច ជួន ណាត ពន្យល់​លម្អិត​ពាក្យ​«​សំរាម​» ដែល​មានន័យថា ជា​គ្រឿង​ខ្ជាំ​។ បើ​និយាយ​ឲ្យ​ចំ​ទៅ​«​សំរាម​»​ត្រូវបាន​គេ​ចាត់ទុកថា ជា​កាកសំណល់ ឬ​របស់របរ​ដែល​គេបោះបង់​ចោល​។ គេ​ច្រើន​ប្រើពាក្យ​នេះ ជាមួយនឹង​ពាក្យ គំនរ​សំរាម​,​សំរាម​ប្លា​ស្ទិ​ក​,​បោស​សំរាម ជាដើម​។ 
 
«​សំរាម​»​ជា​ព្យាង្គ​រាយ ត្រូវបាន​មនុស្ស​មួយចំនួន ច្រឡំ​សរសេរ​«​សម្រាម​»​ជា​ព្យាង្គ​តម្រួត ដោយសារ​គេ​សង្កេតឃើញថា​ពាក្យ​ខ្លះ​ប្តូរ​ពី​ព្យាង្គ​រាយ មកជា​ព្យាង្គ​តម្រួត​វិញ ពាក្យ​នោះ​មាន ចំលើយ​, តំរូវ​, សំរាប់​,​កំលាំង​, កំពស់​, ចំការ​, ចំរៀង​, ចំលង​, តំលៃ​។​ល​។ ត្រូវ​ប្តូរ​មកជា​ព្យាង្គ​តម្រួត​វិញ ចម្លើយ​,​តម្រូវ​, សម្រាប់​,​កម្លាំង​,​កម្ពស់​,​ចម្ការ​, ចម្រៀង​,​ចម្លង​,​តម្លៃ​។​ល​។​
 
​ថ្វី​ដ្បិត​ពាក្យ​ខ្លះ​ត្រូវបាន​ប្តូរ​មក​សរសេរ​ជា​ព្យាង្គ​តម្រួត​ក្តី ប៉ុន្តែ​មាន​ពាក្យ​ខ្លះ​សម្តេច ជួន ណាត មិន​តម្រូវ​ឲ្យ​សរសេរ​ជា​ព្យាង្គ​តម្រួត​នោះទេ ពាក្យ​នោះ​មានដូចជា ជំងឺ​, ជំរុញ មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត ជ​ម្ញឺ និង ជម្រុញ បានឡើយ​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com