យ៉ាងហោចណាស់ក្មេងវ័យជំទង់ ២៣នាក់ ក្នុងរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេស ឥណ្ឌា បានធ្វើអត្តឃាត គិតចាប់ពីលទ្ធផលប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ (school-leaving exam) ត្រូវបានប្រកាសក្នុងខែមេសា ឆ្នាំ២០១៩កន្លងទៅ ។ មូលហេតុនៃការសម្លាប់ខ្លួនរបស់សិស្សទាំងអស់នេះ ស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយ ដ្បិតមន្ត្រីអប់រំឥណ្ឌា អះអាងថា បញ្ហានៃការធ្វើអត្តឃាតរបស់សិស្សនេះ មិនពាក់ព័ន្ធនឹងកំហុសបច្ចេកវិទ្យា និងដំណើរការមិនប្រក្រតីនៃលទ្ធផលប្រឡងនោះទេ។
ការអប់រំថ្នាក់ឧត្តមសិក្សាក្នុងប្រទេសឥណ្ឌា មានការប្រកួតប្រជែងយ៉ាងមុតស្រួច ហើយការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ មានសារសំខាន់ខ្លាំងណាស់សម្រាប់ដណ្តើមកៅអីក្នុងសាកលវិទ្យាល័យល្អៗក្នុងប្រទេស។ សិស្សឥណ្ឌាទូទៅ យល់ឃើញថា ការចូលរៀនថ្នាក់ឧត្តមសិក្សា ជាមាគ៌ាដ៏សំខាន់ ដើម្បីឆ្ពោះទៅរក ការងារប្រាក់ខែខ្ពស់ និងអនាគតភ្លឺស្វាង។
ម្យ៉ាងវិញទៀត សាកលវិទ្យាល័យលំដាប់កំពូលៗខ្លះ ក៏រៀបចំការប្រឡងចូលរៀនដោយឯករាជ្យ ប៉ុន្តែសិស្ស ដែលទទួលបានពិន្ទុល្អក្នុងការប្រឡងនេះ នៅតែអាចបាត់បង់កៅអីរបស់ពួកគេ ប្រសិនបើអ្នកទាំងនោះ ធ្លាក់ក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ។
តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការប្រកាសលទ្ធផលប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ សិស្ស និងអាណាព្យាបាលជាច្រើន បានធ្វើបាតុកម្ម និងចោទប្រកាន់ថា ការដាក់ពិន្ទុសិស្ស មានភាពមិនប្រក្រតី ហើយក៏បានទាមទារឲ្យមានដាក់ពិន្ទុជាថ្មីផងដែរ។
បុរសជាឪពុកជនជាតិឥណ្ឌាម្នាក់ឈ្មោះថា Venugopal Reddy បាននិយាយថា កូនប្រុសលោក ធ្វើបានពិន្ទុពេញក្នុងមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា កាលពីការប្រឡងថ្នាក់ទី១១ ។ ប៉ុន្តែក្នុងឆ្នាំនេះ ពោលគឺថ្នាក់ទី១២ លទ្ធផល បង្ហាញថា រូបគេ ទទួលបានត្រឹម ១ពិន្ទុ ក្នុងមុខវិជ្ជាគណិតវិទ្យា ហើយពិន្ទុសូន្យសម្រាប់មុខវិជ្ជារូបវិទ្យា ។ ត្រង់ចំណុចនេះ លោក Reddy បានលើកជាចម្ងល់ថា «តើវាអាចកើតឡើងបានដោយរបៀបណា?»។
តាមរយៈ BBC បុរសដដែលនេះ បញ្ជាក់ឲ្យដឹងទៀតថា កូនប្រុសលោក បានប្រឹងប្រែងសិក្សាសម្រាប់ការប្រឡងនេះ ប៉ុន្តែក្រោយចេញលទ្ធផលរួច រូបគេ សោកសង្រេងជាខ្លាំង ហើយលែងរៀនសូត្រ និងឈប់បរិភោគចំណីអាហារ ដោយគេ សម្ងំនៅតែក្នុងផ្ទះប៉ុណ្ណោះ។ លោក Reddy សង្កត់ធ្ងន់ថា លោក ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពផ្លូវចិត្តរបស់កូនលោក។
ដោយឡែក ខណៈបាតុកម្ម កាន់តែមានភាពតានតឹង ការធ្វើអត្តឃាតរបស់សិស្សដែលបានប្រឡងធ្លាក់ ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋ Telangana ។ ក្រុមការពារសិស្សកុមារមួយ បានប្តឹងតវ៉ាប្រឆាំងនឹងរដ្ឋនេះទៅកាន់តុលាការកំពូលឥណ្ឌា។ ក្រោយជំនុំជម្រះរួចរាល់ តុលាការ បានចេញបញ្ជាឲ្យគណៈកម្មការទទួលបន្ទុកកិច្ចការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ ដាក់ពិន្ទុម្តងទៀតលើក្រដាសប្រឡងរបស់សិស្សដែលបានធ្លាក់។
លទ្ធផលប្រឡងថ្មី ដែលត្រូវបានប្រកាសនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ បង្ហាញថា ក្រដាសប្រឡងរបស់សិស្សធ្លាក់ចំនួន ១១៣៧ ត្រូវបានពិនិត្យ និងដាក់ពិន្ទុជាថ្មី ហើយពួកគេ ត្រូវបានប្រកាសថា ទទួលជោគជ័យក្នុងការប្រឡងនេះ។ សិស្សម្នាក់ ដែលដំបូងឡើយធ្វើបានពិន្ទុសូន្យក្នុងមុខវិជ្ជាមួយ បែរជាទទួលបានពិន្ទុដល់ទៅ៩៩ឯណោះក្នុងលទ្ធផលប្រកាសពេលក្រោយ។
តើអ្នកណាជាជនបង្កក្នុងរឿងចម្រូងចម្រាស់ ដែលឈានដល់មានមនុស្សស្លាប់បែបនេះ?
ក្រោយការស៊ើបអង្កេតរបស់សារព័ត៌មានអង់គ្លេស BBC ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនមួយឈ្មោះថា Globarena Technology ជាតួអង្គសំខាន់ក្នុងបញ្ហាដ៏ចម្រូងចម្រាសនេះ។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនឥណ្ឌានេះ ឈ្នះកិច្ចសន្យារបស់រដ្ឋាភិបាលដើម្បីរៀបចំការប្រឡងប្រជែងនៅទូទាំងរដ្ឋភាគខាងត្បូងនៃប្រទេសនេះ ដែលមានសិស្សចូលរួមប្រឡងច្រើនជាង ៩៧ម៉ឺននាក់។ ក្រុមហ៊ុននេះ ក៏មានកាតព្វកិច្ចដំណើរការពិន្ទុប្រឡងចុងក្រោយសម្រាប់ប្រកាសលទ្ធផលផងដែរ។
គណៈកម្មការទទួលបន្ទុកផ្នែកអប់រំរដ្ឋឥណ្ឌា ដែលផ្តល់ការងារដល់ក្រុមហ៊ុន Globarena បានលើកឡើងថា បញ្ហានៃការធ្វើអត្តឃាតរបស់សិស្សនេះ មិនពាក់ព័ន្ធនឹងកំហុសបច្ចេកវិទ្យា និងដំណើការមិនប្រក្រតីនៃលទ្ធផលប្រឡងនោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកិវទ្យា Globarena បានចេញមុខសារភាពថា ភាពមិនប្រក្រតី ពិតជាបានកើតឡើងមែន។
ប្រាប់សារព័ត៌មាន BBC ក្នុងខែមេសា ឆ្នាំ២០១៩ នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក VSN Raju បានបកស្រាយថា ក្រុមហ៊ុនលោក អនុវត្តតាមនីតិវិធី ដែលដាក់ចេញដោយគណៈកម្មការអប់រំឥណ្ឌា។ ឧបទ្ទវហេតុ ដែលបានកើតឡើងនេះ គឺជារឿងអកុសលបំផុត។ ដំបូងឡើយ វា បញ្ហាកំហុសបច្ចេកទេស តែក្រោយមកក្រុមហ៊ុនលោក បានកែប្រែឲ្យល្អឡើងវិញ។
គ្រួសារសិស្សស្រីម្នាក់ដែលបានធ្វើអត្តឃាត ឈ្មោះថា Anamika Yadav បានអះអាងថា ពួកគេ នឹងដាក់បណ្តឹងផ្នែកព្រហ្មទណ្ឌប្រឆាំងនឹងគណៈកម្មការអប់រំឥណ្ឌា និងក្រុមហ៊ុនបច្ចេកវិទ្យាឯកជន Globarena ។ ប្រាប់សារព័ត៌មាន BBC គ្រួសារសិស្សស្រីអាយុ១៦រូបនេះ បានបញ្ជាក់ឲ្យដឹងថា កូនស្រីពួកគេ បានធ្វើអត្តឃាតប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទទួលដំណឹងថា រូបនាង បានធ្លាក់ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ ខណៈដែលលទ្ធផលបានផ្លាស់ប្ដូរ ដោយម្ដងនាងជាប់ ម្ដងទៀតបែរជាធ្លាក់ទៅវិញ៕