អតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក ប្រាក់ សុវណ្ណារ៉ា បានផ្តល់ជាគំនិតថា ក្រុមជម្រើសជាតិកម្ពុជាគួរប្រមូលផ្តុំហ្វឹកហាត់មុនពេលកំណត់ បើចង់បានលទ្ធផលល្អ នាជំនួបវគ្គជម្រុះជុំទី២ព្រឹត្តិការណ៍ World Cup 2022។ គ្រូបង្វឹករូបនេះអះអាងថា កម្ពុជាអាចនឹងជួបការលំបាកខ្លាំងពេលប្រកួតនៅក្រៅទឹកដី ដ្បិតកត្តាពេលវេលា និងអាកាសធាតុ ដោយមិនផ្តោតលើសមត្ថភាព។ ក្រុមកីឡាករកម្ពុជាអាចនឹងចេញទៅបោះជំរំហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ។
ទោះបីមិនហ៊ានបកស្រាយពាក់ព័ន្ធបញ្ហាបច្ចេកទេសលើការបណ្តុះបណ្តាល លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសកម្ពុជាបានផ្តល់ជាគំនិតយោបល់ថា ក្រុមជម្រើសជាតិកម្ពុជាគួរចំណាយពេលប្រមូលផ្តុំហ្វឹកហាត់ឲ្យបានច្រើន បើចង់ទទួលបានលទ្ធផលល្អ។ លទ្ធផលល្អនៅពេលនេះ គឺលោកមិនសំដៅលើការទទួលបានជ័យជម្នះនោះទេ តែសំដៅលើកម្រិតបច្ចេកទេសនិងទម្រង់លេងរបស់ក្រុម ដែលអាចធ្វើឲ្យការប្រកួតល្អមើលក្រោមក្រសែភ្នែកអ្នកគាំទ្រ។
អ្នកចាត់ការក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះបានបន្ថែមថា បើកម្ពុជាមានពេលវេលាច្រើនក្នុងការប្រមូលផ្តុំ ឬសហព័ន្ធមានលទ្ធភាពបញ្ជូនទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្រៅប្រទេស កម្ពុជាអាចត្រៀមខ្លួនបានល្អ សម្រាប់ជំនួបវគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍ World Cup 2022។ លោកជឿជាក់ថា ក្រុមកីឡាករកម្ពុជានឹងធ្វើបានល្អក្នុងការប្រកួតដែលរៀបចំនៅកម្ពុជា តែពួកគេនឹងជួបការលំបាកខ្លាំងនៅក្រៅទឹកដី។ លំបាកក៏ព្រោះតែពេលវេលានិងអាកាសនៅប្រទេសគូប្រកួតខុសគ្នាពីកម្ពុជា។
«បើនិយាយក្នុងចំណោមក្រុមទាំងអស់ ចំពោះទស្សនខ្ញុំក្រុមហុងកុងដូចជាក្រោមគេ តែបើធៀបនឹងកម្ពុជាយើងក្រោមនឹងទៀត ព្រោះយើងធ្លាប់ចាញ់ពួកគេនៅលើទឹកដីរបស់យើង។ ដូច្នេះការប្រកួតនេះពិតជាពិបាកមែនទែន មិនមែនពិការរឿងឡើងនោះទេ គឺពិបាករឿងលទ្ធផល ហើយសង្ឃឹមថា កម្ពុជានឹងធ្វើបានល្អនៅក្នុងទឹកដី»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលបានបន្ថែមថា គូប្រកួតកម្ពុជាទំនងជាត្រៀមខ្លួនបានល្អ ព្រោះពួកគេសុទ្ធតែមានមហិច្ឆតាចង់ឈ្នះកៅអីវគ្គបន្តរៀងៗខ្លួន។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកំពុងរង់ចាំការពិភាក្សារវាងថ្នាក់ដឹកនាំនិងគ្រូបង្វឹក ក៏ដូចជាអ្នកចាត់ការក្រុម គឺលោក Keisuke Honda ពាក់ព័ន្ធនឹងការជ្រើសរើសប្រទេសដើម្បីបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេស។ តាមគម្រោង កម្ពុជា គ្រោងទៅបោះជំរំហ្វឹកហាត់នៅប្រទេសវៀតណាម តែចិត្តមួយចង់ឲ្យពួកគេទៅហ្វឹកហាត់នៅប្រទេស ដែលមានការរីកចម្រើនផ្នែកបាល់ទាត់។
អគ្គលេខាធិការរូបនេះបានបន្ថែមថា ថ្នាក់ដឹកនាំសហព័ន្ធកំពុងពិភាក្សាជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ដើម្បីសម្របសម្រួលឲ្យក្រុមកីឡាករជម្រើសជាតិមានពេលច្រើនក្នុងការប្រមូលផ្តុំហ្វឹកហាត់ ហើយមិនប៉ះពាល់ការប្រកួតលីគ។ លោកបន្តទៀតថា ក្នុងចំណោមក្រុមជម្រើសជាតិ ដែលគ្រោងប្រមូលផ្តុំហ្វឹកហាត់ត្រៀមវគ្គជម្រុះ World Cup មានកីឡាករវ័យក្មេងសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមឆ្នាំនេះមួយចំនួនផងដែរ។
ទោះបីមិនរំពឹងទទួលបានជោគច័យ លោក កែវ សារ៉េត សង្ឃឹមថា ក្រុមយុវជនដែលត្រូវត្រៀមការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះនឹងទទួលបានបទពិសោធល្អៗពីការប្រកួតនេះ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរ។ វាក៏ជាការប្រកួត ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិ និងយុវជនកម្ពុជាផងដែរ។
សម្រាប់ការប្រកួតវគ្គជម្រុះជុំទី២ World Cup 2022 ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅពូល C ជាមួយអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង។ ការប្រកួតនឹងព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ខែមិថុនា ឆ្នាំ២០២០៕