កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ដ៏​ចាប់អារម្មណ៍​! អាស៊ាន​៤​ក្នុង​ពូ​ល​តែមួយ អ៊ីរ៉ាក់​ប៉ះ​អ៊ីរ៉ង់ បងប្អូន​កូរ៉េ​ជួបគ្នា​
19, Jul 2019 , 8:29 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​តំបន់​អាស៊ី​ចំនួន​៤០ នឹង​បើក​ការប្រកួតប្រជែង​គ្នា​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup Qatar 2022 ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ​។ ក្នុងចំណោម​៨​ពូ​លពី A ដល់ H គេ​សង្កេតឃើញថា​ពូ​ល C, G និង H ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​នា​ព្រឹត្តិការណ៍​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​នេះ​។​



​ពូ​ល C ដែលមាន​កម្ពុជា​ផង​នោះ ត្រូវបាន​វីរបុរស​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី Tim Cahill ចាប់​បញ្ចូល​ជាមួយ​ហុងកុង បា​រ៉ែ​ន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ អ្វីដែល​ភ្ញាក់ផ្អើល​សម្រាប់​ពូ​ល​នេះ​គឺ​ការជួបគ្នា​រវាង​អ៊ីរ៉ាក់ អ៊ីរ៉ង់​ដែលជា​គូប្រជែង​ចាស់​ដ៏​ស្រួចស្រាល់​ទាំង​វិស័យ​កីឡាបាល់ទាត់ និង​នយោបាយ​។ 
 
​ប្រទេស​សម្បូរ​ប្រេង​ទាំងពីរ​នេះ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ក្រុម​ខ្លាំង​ប្រចាំ​ពូ​ល C និង​សង្ឃឹម​ខ្ពស់​ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត​ផងដែរ​។ អ៊ីរ៉ង់​ជា​ក្រុម​ដែល​ឈរ​នៅ​កំពូល​នៃ​តារាង​ចំណាត់ថ្នាក់ FIFA Ranking នៅ​តំបន់​អាស៊ី និង​លេខ​២០​លំដាប់​ពិភពលោក​។ អ៊ីរ៉ាក់​ស្ថិតនៅ​លេខ​រៀង​ទី​៩ នៅ​អាស៊ី និង​លេខ​៧៧​ពិភពលោក​។​
 
​សម្រាប់​ពូ​ល G មាន​អេ​មី​រ៉ា​ត​អារ៉ាប់​រួម រួមទាំង​ក្រុម​ពី​អាស៊ាន​៤ វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​។ ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មិនគួរ​ឲ្យ​ជឿ​ក្នុង​ពូ​ល​នេះ ដែលមាន​ក្រុម​ពី​តំបន់​អាស៊ាន​តែមួយ​រហូតដល់​ទៅ​៤​ត្រូវ​ប៉ះគ្នា​។ 
 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ក្រុ​មមាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុងការ​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​តារាង ក្នុងចំណោម​ក្រុម​ទាំង​៥​នេះ​។ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​អាច​ជាការ​ប៉ះគ្នា​ដ៏​ភ្ញាក់ផ្អើល​មួយ ដ្បិត​ពួកគេ​ជា​គូ​ស៊ីសាច់ហុតឈាម​។ ថៃ និង​វៀតណាម​ក៏​ធ្លាប់​បានបង្ហាញ​ភាពខ្លាំង​ផងដែរ​កាល​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ សម្រាប់​ពូ​ល G នេះ​។ ខណៈដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជា​ក្រុម​នាំមុខគេ​ទៅហើយ យ៉ាង​ក៏អាចមាន​ក្រុម​ពី​ស៊ាន​មួយមានភាគរយខ្ពស់​អាច​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ដើម្បី​ឈានទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣​ទៀត​ដែរ​។​
 
​ដោយឡែក​ពូ​ល H កូរ៉េខាងត្បូង លី​បង់ កូរ៉េខាងជើង តួ​កមេ​នី​ស្ថាន និង​ស្រីលង្កា​។ កូរ៉េខាងត្បូង​ជា​ក្រុម​ជោគជ័យ​ជាងគេ​នា​ការប្រកួត​ជម្រុះ​សម្រាប់​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នាពេល​កន្លងមក​។ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ជក់ចិត្ត​សម្រាប់​ពូ​ល​នេះ​ផងដែរ គឺ​ការ​ប៉ះគ្នា​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​។ កូរ៉េខាងត្បូង និង​ជើង បាន​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​រយៈពេល​ចុងក្រោយ​ក៏​ត្រជាក់​វិញ ដ្បិត​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​លោក ម៉ូ​ន ជេ​អ៊ី​ន​។​
​សម្រាប់​ពូ​ល H នេះ ក៏ត្រូវ​បាន​គែ​ជឿជាក់ថា​កូរ៉េខាងត្បូង​នឹង​អាច​ឈានទៅ​វគ្គ​បន្ត​ដែរ​។​
 
​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ តំបន់​អាស៊ី FIFA World Cup Qatar 2022 និង Asian Cup 2023 ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​យុទ្ធនាការ​ពីថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។​
 
​ខាងក្រោម​ជា​ក្រុម​ទាំង​៤០ ដែល​ចែកចេញជា​៨​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម​៖
 
​ពូ​ល A ៖ ចិន ស៊ី​រី ហ្វីលីពីន ម៉ា​ល់​ឌី​វ និង កោះ​ហ្គា​ម​
 
​ពូ​ល B ៖ អូស្ត្រាលី ហ្ស៊​កដា​នី ឆាយ​នី​ស​តា​យ​ប៉ិ និង កូ​វ៉ែត​
 
​ពូ​ល C ៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ បា​រ៉ែ​ន ហុងកុង និង​កម្ពុជា​
 
​ពូ​ល D៖ អា​រ៉ា​ប៊ី​សា​អូឌីត អ៊ូ​ស​បេ​គី​ស្ថាន ប៉ា​ឡេ​ស្ទី​ន យេ​មែន និង​សិង្ហ​បុរី​
 
​ពូ​ល E៖ បង់​ក្លា​ដែ​ស អូ​ម៉​ង់ ឥណ្ឌា អា​ហ្វ​ហ្កា​នី​ស្ថាន និង​កាតា​
 
​ពូ​ល F៖ ជប៉ុន គៀ​ហ្ស៊ី​ស៊ី​ស្ថាន តាជី​គី​ស្ថាន មី​យ៉ាន់​ម៉ា និង​ម៉ុង​ហ្គោ​លី 
 
​ពូ​ល G៖ អេ​មី​រ៉ា​ត​អារ៉ាប់​រួម វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​
 
​ពូ​ល H៖ កូរ៉េខាងត្បូង លី​បង់ កូរ៉េខាងជើង តួ​កមេ​នី​ស្ថាន និង​ស្រីលង្កា​
 

Tag:
 World Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com