ភ្នំពេញ៖ បទល្មើសព្រៃឈើខុសច្បាប់ បានប្ដូររូបភាពពីធំមកតូច តាមរយៈកាប់ឈើដឹកតាមម៉ូតូ និងគោយន្តជាដើម ដែលជាមូលហេតុនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញវិធានការដុតកម្ទេចចោលនៅនឹងកន្លែង។ នេះជាការលើកឡើងរបស់លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិមួយនេះ។
«អ្នកខ្លះដឹកឈើទៅតាមរូបភាពជាម៉ូតូ គោយន្ត មានទាំងរទេះគោ រទេះក្របី។ អ៊ីចឹងការដឹកឈើនេះ គឺប្តូរពីរូបភាពធំមកតូច »។ នេះជាការអះអាងរបស់លោក អេង ហ៊ី ដែលបានបន្ថែមថា នៅពេលដែលមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបង្ក្រាបបទល្មើសដឹកឈើតាមម៉ូតូទាំងនេះ តែងតែមានមតិសាធារណជនរិះគន់ពីចំណាត់ការរបស់អាជ្ញាធរថា បង្ក្រាបតែបទល្មើសតូចៗ មិនបង្ក្រាបបទល្មើសធំៗឡើយ។
ឆ្លើយតបការរិះគន់របស់ពលរដ្ឋនេះ លោក អេង ហ៊ី បានថ្លែងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ថា៖«ខ្ញុំធ្លាប់បានបញ្ជាក់ប្រាប់សាធារជនដែរ ។ (បទល្មើស)ធំៗ យើងបង្ក្រាបអស់ហើយ អត់មានទៀតទេ ក៏ប៉ុន្តែមានតែអ្នកដឹកតាមម៉ូតូ»។
អះអាងបែបនេះហើយ អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរូបនេះ បានបកស្រាយទៀតថា កន្លងមកមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក៏ធ្លាប់ហាមឃាត់ និងអប់រំ ផ្សព្វផ្សាយច្បាប់ទៅពលរដ្ឋ ដែលរកស៊ីដឹកឈើខុសច្បាប់ តាមម៉ូតូ គោយន្ត និងមធ្យោបាយផ្សេងដែរ ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ។ ត្រង់ចំណុចនេះលោក អេង ហ៊ី បាននិយាយបកវិញថា សកម្មភាពច្រំដែលៗនៃការរកស៊ីដឹកឈើរបស់ពលរដ្ឋនេះ គឺជាមូលហេតុដែលនាំឲ្យគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដាក់ចេញវិធានការក្តៅ កម្ទេចចោលរាល់មធ្យោបាយនានានៅកន្លែងបែបនេះ។
«ដោយសារយើងសង្កេតឃើញថា ទោះបីជាមានវិធានការអប់រំ ផ្សព្វផ្សាយ ហើយនឹងបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែមាន។ អ៊ីចឹង បានជានៅថ្ងៃទី៨ កក្កដា គឺគណៈកម្មាធិការជាតិ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីឲ្យសាធារណជន ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធ គឹសុំបញ្ឈប់(សកម្មភាព)ជាបន្ទាន់។ ហើយនៅក្នុងវិធានការនោះ បញ្ជាក់ពីចំណុចសំខាន់ ទី១ គឺយើងអនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គល និងក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ទី២ គឹមធ្យោបាយដូចជា រថយន្ត ម៉ូតូ គោយន្ត និងផ្សេងៗទៀត គឺត្រូវបំផ្លាញចោល ។ ប៉ុន្តែការបំផ្លាញចោលនោះ គឺយើងសុំទៅអាជ្ញាធរមានសមត្ថកិច្ច»។ នេះជាការបញ្ជាក់របស់លោក អេង ហ៊ី ដែលបានបន្ថែមថា មកដល់ពេលនេះ មានរថយន្តជិត៤០គ្រឿង ដែលត្រូវបានអាជ្ញាធរបង្ក្រាបបាន ហើយដុតកម្ទេចចោលនៅនឹងកន្លែង។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ ទទួលស្គាល់ថា បទល្មើសព្រៃឈើធំៗ ពិតជាថមថយច្រើន ចាប់តាំងពីរដ្ឋាភិបាល បង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈការអនុវត្តច្បាប់តឹងរ៉ឹងនេះ។ ប៉ុន្តែសម្រាប់លោក ស្រស់ យុទ្ធនាការបង្ក្រាបនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវអនុវត្តការចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែលមានអំណាចធំៗនៅពីក្រោយករណីបទល្មើសព្រៃឈើនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ សកម្មជនការពារព្រៃឈើរូបនេះ បាននិយាយថា ៖«យើងសាទរចំពោះសម្តីរបស់គាត់(អ្នកនាំពាក្យគណៈកម្មាធិការជាតិ) ហើយយើងសប្បាយចិត្តដែលគណៈកម្មាធិការមួយនេះ បានយកចិត្តទុកដាក់បង្ក្រាបបទល្មើសធំៗ ហើយយើងទទួលស្គាល់ ដោយយើងបានឃើញសកម្មភាព ដែលគាត់បញ្ចេញមកថា គាត់បានទប់ស្កាត់ បង្ក្រាបក្រុមហ៊ុនចំនួន៥ នៅក្នុងស្រុកកោះញែក…។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ទៅគណៈកម្មាធិការវិញថា យើងចង់ឲ្យគណៈកម្មាធិការមួយនេះ គឺធ្វើការទប់ស្កាត់អ្នកពាក់ព័ន្ធ អ្នកបំផ្លាញ អ្នកដែលប្រព្រឹត្ត សំខាន់ជាង ដើម្បីចង់ដឹងថាអ្នកណានៅពីក្រោយ ដែលបណ្ដែតបណ្ដោយឲ្យមានរោងចក្រអារឈើ បើកឲ្យមានការកាប់បំផ្លាញព្រៃឈើចេញពីព្រៃការពារចូលមកដីសម្បទានសេដ្ឋកិច្ចហ្នឹង។ គឺយើងចង់បានឲ្យគាត់បញ្ចេញឈ្មោះ ចង់ឲ្យគាត់បញ្ចេញស្នាដៃរបស់គាត់ ធ្វើយ៉ាងណាឲ្យចាប់អ្នកនៅពីក្រោយមកអនុវត្តតាមច្បាប់»។
ចំពោះការលើកឡើងរបស់សកម្មជនព្រៃឈើនេះ លោក អេង ហ៊ី បានបកស្រាយនៅក្នុងសន្និសីទកាសែតថា មិនថាឧកញ៉ា អ្នកមានអំណាច មន្ត្រីមានស័ក្តយសធំប៉ុណ្ណានោះទេ គឺត្រូវអនុវត្តតាមច្បាប់ទាំងអស់។ «គណៈកម្មាធិការជាតិបានដាក់ចេញយន្តការមួយទៀត គឺយើងធ្វើអធិការកិច្ចនៅចំណុចដែលពាក់ព័ន្ធនឹងបទល្មើសនោះ ដោយយើងបានកោះហៅមន្ត្រីរបស់យើងជាបន្តបន្ទាប់ ទាំងបរិស្ថាន ទាំងអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ បើសិនជាមានការពាក់ព័ន្ធគឺយើងអនុវត្តតាមច្បាប់។ អ្នកណាល្មើសវិន័យ នៅត្រឹមក្នុងអង្គភាព ស្ថាប័នទេ គឺយើងអនុវត្តតាមវិន័យ ។ ប៉ុន្តែបើខុសច្បាប់ យើងមិនទុករឿងហ្នឹងចោលទេ ជាពិសេសកងរាជអាវុធហត្ថ»។ នេះជាបញ្ជាក់របស់លោក អេង ហ៊ី ។
លោក អេង ហ៊ី បានបញ្ជាក់ថា ចាប់តាំងពីការអនុវត្តវិធានការកម្ទេចចោលបទល្មើសនៅកន្លែងមក គឺអាជ្ញាធរបានឃាត់រថយន្តជាង៤០គ្រឿង និងមនុស្សចំនួន៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយក្នុងនោះមានឧកញ៉ាម្នាក់ ឈ្មោះ សឹង សំអុល ផងដែរ។ ចំណែកបុគ្គលសង្ស័យពាក់ព័ន្ធករណីបទល្មើសព្រៃឈើ ចំនួន៩នាក់ទៀត កំពុងស្ថិតក្រោមការតាមចាប់ខ្លួន។ បើតាមលោក អេង ហ៊ី បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតលើក្រុមហ៊ុនចំនួន ៥ មានដូចជា ក្រុមហ៊ុន ម៉ាស់ស្ទ័ខេសាន់ ក្រុមហ៊ុន យ៉ាងចាវ ថាច់ហ្វ៊ូត ក្រុមហ៊ុន វ៉ិចធ័ររី និងក្រុមហ៊ុន ណេណាង ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខុសច្បាប់។
ក្រៅពីក្រុមហ៊ុនទាំង៥ ដែលស្ថិតនៅក្នុងខេត្តរតនគិរីខាងលើនេះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀត ដែលកំពុងលបលួចរកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅតាមបណ្ដាខេត្តផ្សេងទៀត ដូចជានៅខេត្តក្រចេះ ពោធិ៍សាត់ និងស្ទឹងត្រែងផងដែរ។ នេះជាការលើកឡើងរបស់លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ។
ត្រង់ចំណុចនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិ លោក អេង ហ៊ី អះអាងថា សមត្ថកិច្ចនៅតែបន្តអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងតឹងរ៉ឹងនេះ នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ពោលគឺមិនមែនអនុវត្តតែនៅតំបន់ភូមិភាគឦសាននោះឡើយ។ បើតាមលោក អេង ហ៊ី គិតចាប់តាំងពីឆ្នាំ២០១៦មក គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាប និងដកហូតឈើបានសរុបជាង ១២ម៉ឺនម៉ែត្រគូប។
ដោយឡែកលោក សួន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់នៃរដ្ឋបាលព្រៃឈើ បាននិយាយថា រយៈប្រមាណ៥ឆ្នាំ ពោលគិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើ សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ឃាត់បទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃ ៨,៦០០ករណី។ ក្នុងនោះពិន័យអន្តរកាលចំនួន ២,៨៨៤ករណី បញ្ជូនទៅតុលាការ ៥,៧១៦ករណី។ ចាប់ឃាត់ឈើមូលជ្រុង ចម្រុះប្រភេទចំនួន ១០,៦៨៣ម៉ែត្រគូប, ឈើអាចម្រុះប្រភេទ ២៤,៣១៤ម៉ែត្រគូប។ ឈើក្រញូងក្រាក់ និងក្រញូងសាច់ចំនួន ៣៦២ម៉ែត្រគូប និង២០,៥៨៤គីឡូក្រាម។
ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា មិនលើកលែងឲ្យអ្នកដែលប្រព្រឹត្តល្មើសច្បាប់នោះទេ បើទោះជាអ្នកនោះមានអំណាចបុណ្យស័ក្ត ជាផ្កាយ ឬក៏លោកខែ ក៏សម្ដេចដកចេញពីតំណែងដែរ៕