កីឡាអន្តរជាតិ
អន្តរជាតិ
បណ្តឹងតវ៉ា​របស់​ប៉ា​ឡេ​ស្ទី​ន​ទៅ FIFA គ្មាន​ប្រសិទ្ធភាព ដ្បិត​បាន​ញុះញង់​ឲ្យ​ស្អប់ Messi
19, Jul 2019 , 8:39 pm        
រូបភាព
​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ា​ឡេ​ស្ទី​ន (PFA) ដែល​ប្តឹង​ប្រឆាំង​ការដាក់​បម្រាម​ខ្លួន​រយៈពេល​១២​ខែ ជុំវិញ​ការ «​ញុះញង់​ឲ្យ​មាន​អំពើ​ហឹ​ង្សា និង​ស្អប់​» ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Lionel Messi​។​


 
PFA ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​ប្រកួត​រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​ម៉ឺន​ហ្វ្រ​ង់​ស្វ៊ី​ស (​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​)​។ ការដាក់ពិន័យ​នេះ ធ្វើឡើង​ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីស្រាអែល (IFA) ប្តឹងទៅ FIFA ជុំវិញ​ឥរិយាបទ​មិន​សមរម្យ​ក្នុង​បាល់ទាត់​ពី​សំណាក់​ប៉ា​ឡេ​ស្ទី​ន​។​


 
​រឿងរ៉ាវ​ខាងលើនេះ​កើតឡើង នៅពេល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ជាមួយ​ជម្រើសជាតិ​អ៊ីស្រាអែល​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ប្រធាន PFA លោក Jibril Rajoub លើកឡើងថា​ការប្រកួត​នេះ​នៅ​ចំពេល​មាន​ជម្លោះ និង​ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​
 
​ម្យ៉ាង​ការប្រកួត​នោះ ក៏ត្រូវ​រៀបចំ​នៅ​កីឡដ្ឋាន Teddy ក្នុង​ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​របស់​អ៊ីស្រាអែល ដែល​ទីលាន​នេះ​ត្រូវបាន​ប៉ា​ឡេ​ស្ទី​ន​អះអាងថា​ពួកគេ​ជា​អ្នក​សាងសង់ និង​ជា​កម្មសិទ្ធិ​របស់ខ្លួន​មុនពេល​បាត់បង់​នៅ​ឆ្នាំ​១៩៤៨​។ 
 
​ដោយសារ​មិន​ពេញ​ចិត្តនឹង​ការរៀប​ចំនេះ លោក Rajoub ដែលជា​ប្រធាន PFA និង​ជា​អ្នកនយោបាយ​ប៉ា​ឡេ​ស្ទី​ន​ផង បាន​ជំរុញ​អ្នកគាំទ្រ​ឲ្យ​ប្រ​ត្តិ​កម្ម​ទៅលើ Lionel Messi និង​ឲ្យ​ពួកគេ​ដុត​អាវ​ដែលមាន​ឈ្មោះ​របស់​ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona នេះ រហូត​ត្រូវ​លុបចោល​ការប្រកួត​តែម្តង​។​
 
​ឥ​រិ​យ​បទ​ខុស​នឹង​ច្បាប់​កីឡា​បែបនេះ ត្រូវ FIFA សម្រេច​ដាក់ពិន័យ​ប៉ា​ឡេ​ស្ទី​ន ពី​ការប្រកួត​គ្រប់​កម្រិត​ទាំងអស់​រយៈពេល​១២​ខែ ពោលគឺ​រហូតដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ២០១៩​។ ក្រោយ​ការដាក់ពិន័យ PFA បានដាក់​ពាក្យ​បណ្តឹងឧទ្ធរណ៍​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ដើម្បី​ប្រឆាំង​ការហាម​នេះ​វិញ ប៉ុន្តែ​ត្រូវ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ច្រានចោល​៕


លោក  Jibril Rajoub ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA)
 

Tag:
 ​បាល់ទាត់​
  CAS
  FIFA
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com