កីឡាអន្តរជាតិ
អន្តរជាតិ
AFF នឹងធ្វើការជាមួយលេខាធិការដ្ឋានអាស៊ានដើម្បីសម្រេចសុបិនរៀបចំ World Cup
× គណៈកម្មាធិការរៀបចំការប្រកួត World Cup នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF World Cup Committee) ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៣ កំពុងបន្តការពិភាក្សាជាមួយលេខាធិការដ្ឋានអាស៊ាន និងដៃគូសំខាន់ៗផ្សេងទៀតដើម្បីសម្រេចក្តីសុបិនក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលមានសហព័ន្ធចំនួន១២ជាសមាជិក (អាស៊ាន១០ រួមជាមួយទីម័រខាងកើត និងអូស្ត្រាលី) បានបង្ហាញការគាំទ្រចំពោះគម្រោងដេញថ្លៃរួមសម្រាប់ប្រទេសនៅតំបន់អាស៊ាននេះ។ ប្រធាន AFF រូបនេះអះអាង ថាសមាជិកទាំងអស់សុទ្ធតែបានគាំទ្រ បន្ទាប់ពីកិច្ចប្រជុំប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFFCM) នៅប្រទេសឡាវ ដែលសិក្សាពីផ្នែកមួយនៃរបៀបវារៈក្នុងគោលបំណងដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup។
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី-អាគ្នេយ៍ (AFF)
លោក ខៀវ សាម៉េត ដែលជាជនជាតិខ្មែរដំបូងគេដែលកាន់តំណែងជាប្រធាន AFF បានបញ្ជាក់ថា៖ «AFF ស្វាគមន៍ចំពោះការប្រកាសរបស់មេដឹកនាំនយោបាយនៅក្នុងតំបន់របស់យើងក្នុងការផ្តួចផ្តើមដេញថ្លៃរៀបចំ World Cup 2034»។ លោកបន្ថែមថា អាស៊ានមានទំហំសេដ្ឋកិច្ចលំដាប់ទី៣នៅអាស៊ី និងទី៧លើពិភពលោក ដូច្នេះតំបន់នេះ មានសក្តានុពលគ្រប់គ្រាន់ដើម្បីរៀបចំ World Cup ហើយសំខាន់ជាងនេះទៀត វានឹងពង្រឹងចំណងទំនាក់ទំនងរបស់ប្រជាជនអាស៊ានទាំង ៦៤០ លាននាក់។
AFF បានបង្កើត AFF World Cup Committee កាលពី ៦ឆ្នាំមុន ខណៈដែលគំនិតនេះត្រូវសមាជិកយកទៅជជែកជាច្រើនលើកមកហើយ។ រហូតដល់សព្វថ្ងៃ ពួកគេនៅតែទន្ទឹងរង់ចាំធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន (AS) ដែល FIFA បានផ្តល់ការអនុញ្ញាតឲ្យមានការដេញថ្លៃរៀបចំការប្រកួតរបស់ FIFA ជួសមុខឲ្យប្រទេសជាសមាជិក។
លោក ខៀវ សាម៉េត អះអាងយ៉ាងមុតមាំថា AFF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ AS ក្នុងនាមជាតំណាងសមាជិកសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ានទាំងអស់ក្នុងការរួមគ្នាឆ្ពោះទៅរកការដេញថ្លៃផ្លូវការ។
ជាមួយគ្នានេះ AFF ក៏បានស្វាគមន៍ចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចន្ទអូចា ដែលប្រកាសថាប្រទេសអាស៊ានទាំង១០ នឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤ ដែលមានរយៈពេល១៥ឆ្នាំទៅមុខទៀត គិតចាប់ពីឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា World Cup ឆ្នាំ២០២២ កាតានឹងដឹកនាំធ្វើម្ចាស់ផ្ទះ មុនពេលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកត្រូវរៀបចំរួមគ្នានៅឆ្នាំ២០២៦។ យក្សចិន ដែលស្រេកឃ្លានក្នុងការធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកដែរនោះ សង្ឃឹមថានឹងឈ្នះការដេញថ្លៃពីសំណាក់ FIFA សម្រាប់ការប្រកួតឆ្នាំ២០៣០៕
Tag:
World Cup
អាស៊ាន
AFF
© រក្សាសិទ្ធិដោយ thmeythmey.com