ភ្នំពេញ៖ យោងតាមសភាពធម្មជាតិ និងតាមបទពិសោធន៍នៃជីវិតមនុស្ស គេសង្កេតឃើញថា ទង្វើចេតនារបស់មនុស្សសុទ្ធតែមានបំណង ទោះបីបំណងនោះល្អឬអាក្រក់ក៏ដោយ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា«ចាប់ច្រវាសម្លឹងត្រើយ»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតខាងលើនេះ យើងគួរយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យគន្លឹះទីមួយ«ច្រវា» គឺជាឧបករណ៍ ឬជាប្រដាប់សម្រាប់អុំ ឬចែវទូក។ ពាក្យទីពីរ «ត្រើយ» គឺជាប៉ែកដី ឬចំណែកដីមាត់សមុទ្ទ ទន្លេ ស្ទឹង ព្រែក ម្ខាងៗ ឧទាហរណ៍ ត្រើយអាយ ត្រើយនាយ។ ទីបី«សម្លឹង» សំដៅយកការមើលស្លឹង ការមើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក ឬការប្រមើលអំពីអ្វីមួយ ដូចជា ការសម្លឹងមើលទិស មើលត្រើយ ឬមើលប្រយោជន៍ រំពឹងគិតចំពោះប្រយោជន៍ ឬគោលដៅណាមួយ ជាដើម។
ក្នុងន័យត្រង់«ចាប់ច្រវាសម្លឹងត្រើយ» មានន័យថា ជាទូទៅ មុននឹងចាប់ច្រវាអុំទូក គេតែងតែសម្លឹងមើលត្រើយ មើលទិសដៅ ឬគោលដៅដែលគេចង់ឆ្ពោះទៅ។ បើមិនដូច្នោះទេ អ្នកអុំទូក ឬចែវទូកនោះ នឹងមិនដឹងថាគាត់ត្រូវទៅតាមផ្លូវណា ទិសណា និងទីណានោះទេ។ ក្នុងន័យត្រង់ដែរ គេក៏អាចយកសុភាសិតនេះ ទៅប្រើសម្រាប់និយាយពាក់ព័ន្ធនឹងអ្នកបើកបរយានដទៃទៀតដែរ ក្នុងន័យថា មុននឹងកាន់ចង្កូតកង់ ម៉ូតូ រថយន្ត កប៉ាល់ នាវា យន្តហោះ ជាដើម ក៏ត្រូវសម្លឹងមើលត្រើយ មើលទិសដៅ ស្ថានភាពផ្លូវ ឬគោលដៅដែលគេចង់ឆ្ពោះទៅដែរ។ បើពុំដូច្នោះទេ ពួកគេនឹងមិនដឹងថា ត្រូវទៅតាមទិសណា តាមផ្លូវណា និងគោលដៅណាឡើយ។
ប្រសិនបើពួកគេមិនដឹងអំពីគោលដៅ ចម្ងាយផ្លូវ ស្ថានភាពផ្លូវ និងហានិយភ័យដែលអាចកើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើនោះទេ ពួកគេក៏មិនអាចដឹងថាត្រូវត្រៀមអ្វីខ្លះ ចំនួនប៉ុន្មាន សម្រាប់ការធ្វើដំណើរឆ្ពោះទៅគោលដៅនោះ និងសម្រាប់ដោះស្រាយបញ្ហាឬគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលធ្វើដំណើរនោះដែរ។
ម្យ៉ាងទៀតសុភាសិតនេះក៏ចង់ប្រាប់ថា អ្នកដែលបានចាប់ច្រវា ឬកាន់ចង្កូត អ្នកនោះប្រាកដជាចង់ឆ្ពោះទៅរកគោលដៅណាមួយ មិនមែនពួកគេគ្មានគោលបំណង ឬគោលដៅហើយបែរជាឡើងចាប់ច្រវា ឬចង្កូតដោយចៃដន្យនោះទេ។
ក្នុងន័យធៀប «ការចាប់ច្រវា» អាចមានន័យថា ការចាប់ផ្ដើមធ្វើអ្វីមួយ ការចាប់ផ្ដើមសកម្មភាពអ្វីមួយ។ «ការសម្លឹងត្រើយ» អាចមានន័យថា ជាការកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាជាក់លាក់ណាមួយ។ ហេតុនេះ សុភាសិត«ចាប់ច្រវាសម្លឹងត្រើយ» ក្នុងន័យធៀប អាចមានន័យថា រាល់ទង្វើ ឬសកម្មភាពដោយចេតនារបស់មនុស្សម្នាក់ ក្រុមណាមួយ ប្រទេសណាមួយ...សុទ្ធសឹងតែមានទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាណាមួយ។ ម្យ៉ាងទៀត សុភាសិតនេះ ក៏ចង់និយាយថា មុននឹងធ្វើទង្វើ ឬសកម្មភាពណាមួយ មនុស្សម្នាក់ៗ ក្រុមនីមួយៗ ឬប្រទេសនីមួយៗ ត្រូវតែកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាឱ្យច្បាស់លាស់។ បើមិនដូច្នោះទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យធំធេងឡើយ។
ជារួម សុភាសិតនេះ ចង់ដាស់សតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជនឱ្យចងចាំថា យើងមិនត្រូវងាយជឿតាមការអូសទាញ ការឃោសនា ឬការបញ្ចុះបញ្ចូលរបស់មនុស្សណាម្នាក់ ឬក្រុមណាមួយ ដោយមិនបានសិក្សាស្វែងយល់ហ្មត់ចត់អំពីគោលបំណងឬគោលដៅរបស់ពួកគេនោះទេ ពីព្រោះថា គ្រប់ទង្វើ គ្រប់សកម្មភាព ឬគ្រប់ព្រឹត្តិការណ៍ ដែលបង្កើតឡើងដោយចេតនារបស់មនុស្ស សុទ្ធតែមានគោលបំណង ឬគោលដៅណាមួយនៅពីក្រោយជានិច្ច។ គោលបំណងឬគោលដៅទាំងនោះ អាចល្អ ឬអាក្រក់ លើកលែងតែអំពើអចេតនា អំពើសភាវគតិ និងបាតុភូតធម្មជាតិប៉ុណ្ណោះដែលគ្មានគោលបំណង។ ហេតុនេះ ពួកគេត្រូវតែប្រុងប្រយ័ត្នខ្ពស់មុននឹងជឿតាមឬទទួលយកអ្វីមួយ បើពុំដូច្នេះទេ ពួកគេនឹងក្លាយទៅជាជនរងគ្រោះដោយការបោកប្រាស់ ឬការកេងប្រវ័ញ្ចពីជនខិលខូចមិនខានឡើយ។
លើសពីនេះទៀត សុភាសិតនេះ ក៏ចង់អប់រំពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជន ត្រូវតែចាំថា មុននឹងចាប់ផ្ដើមធ្វើអ្វីមួយត្រូវតែកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាឱ្យច្បាស់លាស់។ បើមិនដូច្នោះទេ ពួកគេនឹងមិនគ្រាន់តែមិនអាចទទួលបានជោគជ័យធំធេងប៉ុណ្ណោះទេ ពួកគេក៏អាចប្រឈមមុខនឹងហានិភ័យ ឬបរាជ័យដែលពិបាកនឹងជួយស្រោចស្រង់បានថែមទៀតផង៕
ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង