ជាតិ
UN ថា កាស៊ីណូ​នៅ​កម្ពុជា អាច​ប្រឈម​ការលាង​លុយ ប៉ុន្តែ​រដ្ឋាភិបាល​បដិសេធ​
19, Jul 2019 , 5:42 pm        
រូបភាព
​ភ្នំពេញ​៖ គ្មាន​ឡើយ​ការលាង​សម្អាត​ប្រាក់ តាមរយៈ​កាស៊ីណូ​នៅ​កម្ពុជា​។ នេះ​ជាការ​អះអាង​របស់​រដ្ឋា​ភិ​បាល ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បទឧក្រិដ្ឋ និង​គ្រឿងញៀន (United Nation On Drug and Crime) ដែល​លើកឡើងថា កាស៊ីណូ​នៅ​កម្ពុជា អាច​ប្រឈម​ការលាង​លុយកខ្វក់រ​បស់​ឈ្មួយ​ញ​រកស៊ី​ទុច្ចរិត​។​


 
​របាយការណ៍​របស់​កា​រិ​យា​ល័យ​អង្គការសហប្រជាជាតិ ១០៣​ទំព័រ បាន​រៀបរាប់​ពី​បញ្ហា​បទឧក្រិដ្ឋ និង​គ្រឿងញៀន ដែល​កំពុង​សាយភាយ និង​គំរាមកំហែង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​ក៏មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុង​របាយការណ៍​ដដែល បាន​លើក​ពី​បញ្ហា​ថ្នាំញៀន ប្រភេទ​ថ្នាំជក់ ការជួញដូរ​មនុស្ស និង​សត្វព្រៃ រួមទាំង​បទឧក្រិដ្ឋ​លាងលុយកខ្វក់​ជាដើម​។​
 
​ទាក់ទង​នឹង​បទល្មើស​លាង​លុយ​នេះ ការិយាល័យ​អង្គការសហប្រជាជាតិ បាន​រៀបរាប់ថា គិត​ត្រឹម​ខែមករា​ឆ្នាំ​២០១៩ មាន​កាស៊ីណូ​ចំនួន​២៣០​កើតឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​កម្ពុជា មាន​កាស៊ីណូ​១៥០​កន្លែង និង​កាស៊ីណូ​៦៧​កន្លែង​ទៀត មាននៅ​ក្នុងប្រទេស​ហ្វីលីពីន មី​យ៉ាន់​ម៉ា និង​ឡាវ​។ របាយការណ៍​អង្គការសហប្រជាជាតិ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ថា ការកើនឡើង​ចំនួន​កាស៊ីណូ​នេះ កើតឡើង​ក្រោយពី​មាន​ចំណាត់ការ​បង្ក្រាប​ករណី​លាងលុយកខ្វក់​នៅ​ទីក្រុង ម៉ា​កាវ ប្រទេស​ចិន ២០១៤​។​
 
«​ការកើនឡើង​ក្តី​ព្រួយបារម្ភ​ដែល ចលនា​នៃ​សកម្មភាព​បទឧក្រិដ្ឋ​ទាក់ទង​នឹង​កាស៊ីណូ​បាន​ផ្លាស់​ទី​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ ជាពិសេស​ប្រព័ន្ធតុលាការ​នៅ​តំបន់​មេគង្គ​នោះ នៅ​ខ្វះ​សមត្ថភាព​នៃ​ការបង្ខិតបង្ខំ និង​ធ្វេសប្រហែស​លើ​ការអនុវត្ត​ច្បាប់​លើ​សកម្មភាព​ឧក្រិដ្ឋ​»​។ នេះ​ជាការ​លើកឡើង​របស់​កា​រិ​យា​ល័យ​អង្គការសហប្រជាជាតិ ដែល​បាន​បន្ថែមថា កម្ពុជា​គឺជា​ភស្តុតាង​បង្ហាញ​យ៉ាងច្បាស់ នៃ​ការកើនឡើង​ចំនួន​កាស៊ីណូ​គ្មាន​ការ​អាជ្ញា​បណ្ណ និង​មាន​អាជ្ញា​បណ្ណ នៅក្នុង​អំឡុង​ឆ្នាំ​២០១៤​មក​។​
 
​ជុំវិញ​ការលើកឡើង​នៅក្នុង​របាយការណ៍ ត្រូវបាន​លោក ម៉ី វ៉ាន់ ច្រានចោល​ហើយ អះអាងថា កម្ពុជា​គ្មាន​ករណី​លាង​លុយ​តាមរយៈ​កាស៊ីណូ​នោះទេ​។ ត្រង់ចំណុច​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ បាន​និយាយថា កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​អាស៊ី​ប៉ាស៊ីហ្វិក (Asia/Pacific Group on Money Laundering ) ដែល​ប្រឆាំង​លើ​បទល្មើស​លាង​លុយ​នៅ​កម្ពុជា​។ ក្នុងន័យនេះ​លោក ម៉ី វ៉ាន់ បាន​អះអាងថា កម្ពុជា តែងតែ​ប​ញ្ចូ​ន​របាយការណ៍​ពី​កាស៊ីណូ ទៅ​អង្គការ​អន្តរជាតិ​មួយ​នេះ ត្រួតពិនិត្យ​រៀងរាល់​មួយខែ​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​លាងលុយកខ្វក់​នេះ​។ ប៉ុន្តែ​មិនទាន់មាន​ចម្លើយ​អវិជ្ជមាន​ជុំវិញ​កាស៊ីណូ​នៅ​កម្ពុជា ពី​អង្គការ​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឆាំង​លើ​បទល្មើស​លាង​លុយ​នៅឡើយ​ទេ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ម៉ី វ៉ាន់ បាន​និយាយ​ដូច្នេះ​ថា​៖«​គេ​(​អង្គការ​អាស៊ី​ប៉ាស៊ីហ្វិក​) មានកម្ម​វិធី​ឲ្យ​យើង​ដំណើរការ​ពី​ព័ត៌មាន​កាស៊ីណូ នៅពេលដែល​យើង​យក​ព័ត៌មាន​ដាក់​ចូលទៅ​កម្មវិធី​នោះ ម៉ាស៊ីន​កម្មវិធី​គេ​វាយតម្លៃ​ចេញមក​ឲ្យ​ថា កាស៊ីណូ​ណា​មាន​ហានិភ័យ​ផ្នែក​ខាង​លាង​លុយ កាស៊ីណូ​ណា​អត់​មាន​ហានិភ័យ​ផ្នែក​ខាង​លាង​លុយ​។ យើង​កំពុងធ្វើការ​ងារ​ហ្នឹង​ជាមួយ​ពួកគាត់​(​អង្គការ​អាស៊ី​ប៉ាស៊ីហ្វិក​) ហើយ​ជាប្រចាំ​រៀងរាល់​៣​ខែ ប៉ុន្តែ​ប៉ុន្មាន​ខែ​មកនេះ គឹ​១​ខែម្ដង យើង​រាយការណ៍​ទៅ​ឲ្យ​គេ ហើយ​គេ​វាយតម្លៃ​ហើយ នៅក្នុង​ហ្នឹង​គេ​អត់​ទាន់​មាន​ប្រាប់ថា យើង​មាន​ហានិភ័យ​នៅ​ផ្នែក​ខាង​កាស៊ីណូ​នេះ​ទេ ព្រោះ​អីយើ​ង​ធ្វើ​អ្វីៗ​តាម​គេ​ប្រាប់​យើង​ហើយ​»​។​
 
​បន្ថែម​ពីនេះ​លោក ម៉ី វ៉ាន់ បាន​ពន្យល់​ពី​របៀប​អនុវត្ត​នៃ​ដំណើរការ​ទប់ស្កាត់​ការលាង​លុយ​នៅក្នុង​កាស៊ីណូ ថា នៅពេលដែល​បុគ្គល​បរទេស​ម្នាក់​ចូល​លេងល្បែង​នៅក្នុង​កាស៊ីណូ ដែល​នាំយក​ទឹកប្រាក់​លើសពី​៣​ពាន់​ដុល្លារ​ឡើងទៅ គឺ​ត្រូវ​កំណត់​អត្តសញ្ញាណ ហើយ​បញ្ជូន​ទិន្នន័យ​ពី​បុគ្គល​ទៅ​ប្រទេស​ដើម ដើម្បី​រក​ប្រភពព័ត៌មាន​ថា​តើ​បុគ្គល​ម្នាក់នេះ មាន​លុយ​ប៉ុន្មាន​ចូលមក​កម្ពុជា​? ហើយ​តើ​បុគ្គល​ម្នាក់​នោះ​រកស៊ី​អ្វី​នៅ​ប្រទេស​ដើមកំណើត មុនពេល​មក​កម្ពុជា​នេះ​? នេះ​ជា​ចំណុច​ទី​១​នៃ​ការទប់ស្កាត់​បទល្មើស​លា​ង​លុយ​។​
 
​ចំណែក​ជំហាន​មួយទៀត​នៃ​ការទប់ស្កាត់​បទល្មើស​លា​ង​លុយ​នោះ គឺ​ការកំណត់​អត្តសញ្ញាណ​ពី​ក្រៅប្រទេស​តែម្ដង តាមរយៈ​កិច្ចសហការ​គ្នា​រវាងរ​ដ្ឋ និង​រដ្ឋ ដែល​សង្ស័យ​លើ​បុគ្គល​ណា​ម្នាក់ យកលុយ​ច្រើន​លើស​ចំនួន​កំណត់​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ឺ វ៉ាន់​។​
 
​នៅពេល​សួរថា តើ​កម្ពុជា អាចមាន​ច្បាប់​បង្ក្រាប​ការលាង​លុយកខ្វក់​នៅពេល​ណា​? អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​រូបនេះ បាន​អះអាងថា ច្បាប់​បង្ក្រាប​បទល្មើស​លា​ង​លុយ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ នៃ​ការប្រមូល​ធាតុ​ចូល​បន្ថែម ក្នុង​ការដាក់ទោសទណ្ឌ​លើ​ជនល្មើស​ប៉ុណ្ណោះ​។ «​ច្បាប់​យើង​ជិត​ចេញ​ហើយ ។ វា​ខុស​តែ​ប៉ុណ្ណេះ​ទេ គឺ​ច្បាប់​ចេញមក​យើង​អាចដាក់​ទោសទណ្ឌ​ទៅលើ​អ្នកប្រព្រឹត្ត​ខុស​។ ហើយ​ឥឡូវ​អត់​ទាន់​មានច្បាប់ ពេល​មាន​(​អ្នកប្រព្រឹត្ត​ខុស​)​ម្ដងៗ តុលាការ​ត្រូវ​ច្បាប់ព្រហ្មទណ្ឌ​មក​អនុវត្ត បើ​ករណី​លាង​លុយ​យើង​យក​ច្បាប់​លាង​លុយ​មក​អនុវត្ត វា​ខុស​តែ​ប៉ុណ្ណឹង​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ី វ៉ាន់​។​
 
​ជាមួយគ្នានេះ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាងថា កម្ពុជា ជា​ប្រទេស​ប្រឆាំងនឹង​បទល្មើស​លាង​លុយ​នេះ ដូច្នេះ​វា​គ្មាន​អ្វីដែល​ត្រូវ​ឲ្យ​កម្ពុជា ផ្ដល់​កន្លែង​បើក​កាស៊ីណូ សម្រាប់​ការ​ចរាចរ​លុយកខ្វក់​នោះឡើយ​។ 
 
«​របាយការណ៍​(​ការិយាល័យ​អង្គការសហប្រជាជាតិ​)​ហ្នឹង គឺ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ទេ​។ កម្ពុជា ជា​ប្រទេសមួយ ដែល​ប្រឆាំងនឹង​ការលាង​លុយ ដូចជា​ចំណាត់ការ​បន្តបន្ទាប់​ហើយ ឃើញ​ចាប់បាន​ជនបរទេស​មួយចំនួន ដែល​នាំ​លុយ​ខុសច្បាប់​ចូលមក​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​ខ្លួនឯង​ធ្លាក់​ទៅក្នុង​ទិសដៅ​នៃ​ការលាង​លុយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​រង់ចាំ​សហការ​ជាមួយ​ការិយាល័យ​អង្គការសហប្រជាជាតិ បើសិនជា​សង្ស័យ​លើ​ករណី​លាង​លុយ​នៅ​កម្ពុជា​នេះ ។​
 
អត្ថបទទាក់ទង
 
​កាលពីពេល​ថ្មីៗ​នេះ សមត្ថកិច្ច បាន​រឹបអូស​ប្រា​ក់ជាង​៧​លាន​ដុល្លារ ពី​ជនបរទេស​ជា​បន្តបន្ទាប់ ក្រោយពី​ស៊ើបអង្កេត​រកឃើញថា ថវិកា​ទាំងនោះ គ្មាន​ប្រភព​ច្បាស់លាស​។ ទឹកប្រាក់​ទាំងនោះ ត្រូវបាន​តម្កល់​នៅក្នុង​ធនាគារជាតិ ខណៈ​ជនសង្ស័យ​ជាច្រើន​នាក់ បាន​បញ្ជូនទៅ​ឃុំខ្លួន​។ ប៉ុន្តែ​មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ជនសង្ស័យ ដែល​យកប្រាក់​មក​លាង តាមរយៈ​លេងល្បែង​នៅក្នុង​កាស៊ីណូ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
 
​លោក ខៀវ សុភ័គ បញ្ជាក់​ដូច្នេះ​ថា​៖«​បើសិន​មាន​ករណី​(​លាង​លុយ​នៅកាស៊ី​ណូ​)​អ៊ីចឹង​មែន យើងខ្ញុំ​រីករាយ​នឹង​ទទួល​ព័ត៌មាន​ជា​ផ្លូវការ តើ​នៅទីណា កន្លែង​ណា ដើម្បី​យើង​ចាត់វិធានការ ធ្វើការ​ស៊ើបអង្កេត​»​។ 
 
​កម្ពុជា​កំពុង​ស្ថិតនៅ​«​បញ្ជី​ប្រផេះ​» (Grey List) របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ាស៊ីហ្វិក (APG)​។ «​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ាស៊ីហ្វិក (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។ កម្ពុជា​ត្រូវ​ផ្ដល់​របាយការណ៍​រយៈពេល​៣​ខែម្ដង ដល់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ត្រួតពិនិត្យ​នឹង​វាយតម្លៃ​។ នេះ​បើតាម​របាយការណ៍​វាយតម្លៃ​របស់​អង្គការ​អាស៊ី​ប៉ាស៊ីហ្វិក​៕
 

Tag:
 ​កាស៊ីណូ​
  លាង​លុយ​
 UNODC
 ​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com