ជាតិ
សេដ្ឋកិច្ច
ជួលផ្ទះ១៥០០ដុល្លារក្នុង១ខែ តែម្ចាស់ហាងយីហោ «ខ្ចៅស្ទាវ» អាចចំណេញបាន!
× ភ្នំពេញ៖ ខ្ចៅ-ខ្យងស្ងោរជាមុខរបរតូចតាចមួយ ប៉ុន្តែលោក អៀង សុខឿន ហ៊ានចំណាយប្រាក់រហូតដល់១៥០០ដុល្លារក្នុងមួយខែ ជួលផ្ទះគេសម្រាប់ខ្ចៅស្ងោរ អស់រយៈពេលជិត៤ឆ្នាំ មកហើយ។ ក្រៅពីលក់ខ្ចៅ-ខ្យងស្ងោរ លោក សុខឿន ក៏មានលក់ក្តាមស្ងោរ ប្រហិត និងពងមាន់អាំងជាដើម ដោយលោកបានអះអាងថា ក្នុងមួយខែលោកលក់បានមិនក្រោម៥០០០ដុល្លារទើបអាចទប់ចំណាយ និងរកចំណេញបាន។
ផ្ទះដែលលោក សុខឿន ជួលសម្រាប់លក់ខ្ចៅស្ងោរ ដែលមានយីហោង«ខ្ចៅស្ទាវ» មានទីតាំងលើផ្លូវ១៣៥នៅជិតផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ។ ក្នុងមួយថ្ងៃ លោក សុខឿន លក់ខ្ចៅស្ងោរអស់៤ធុង ដែលមានទម្ងន់ពី១២០-១៥០គីឡូក្រោម និងខ្យងស្ងោរអស់១២០គីឡូក្រោម។ ចំនួនខ្ចៅ-ខ្យងស្ងោរនេះសព្វថ្ងៃ គឺលក់មិនគ្រប់គ្រាន់នឹងអតិថិជនមកទិញឡើយ។ បើការអះអាងរបស់អ្នកលក់រូបនេះ។
សូមស្ដាប់បទសម្ភាស៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey ខ្ចៅសោ្ងរដែលលោក អៀង សុខឿន ទទួលទិញបោះដុំពីអ្នករកខ្ចៅផ្ទាល់មានតម្លៃពី៨-១២ម៉ឺនរៀលក្នុងមួយធុង ដែលមានទម្ងន់ចន្លោះ៣៥ទៅ៤០គីឡូ ដោយមានការដឹកជញ្ជូនដល់កន្លែងផងដែរ។ ខ្ចៅស្ងោរនេះក្នុងមួយធុង លោក សុខឿន អាចលក់រាយទៅឱ្យអតិថិជនបានជាមធ្យម៦០ចាន ដោយក្នុងមួយចានលក់បានតម្លៃ៤០០០រៀល។ រីឯខ្យងស្ងោរវិញ មានតម្លៃ៨០០០រៀល ក្នុងមួយចានដូចគ្នា។ ក្រៅពីចំណូលនៃការលក់ខ្ចៅ និងខ្យងនេះ អ្នកលក់វ័យ៥៣ឆ្នាំរូបនេះ ក៏ទទួលបានចំណូលពីការលក់ក្តាម ប្រហិត ពងមាន់អាំង និងភេសជ្ជៈមួយចំនួនផងដែរ។
លោក អៀង សុខឿន បាននិយាយដូច្នេះ៖ ការលក់ដូរនេះ បើយើងទូទាត់ថ្លៃចំណាយហើយអស់ រួមទាំងប្រាក់ខែបុគ្គលិក និងថ្លៃជួលផ្ទះ គឺអាចនៅសល់ប្រាក់(ចំណេញ)បានជាង១០០ដុល្លារ ក្នុងមួយថ្ងៃ»។ លោក បានបញ្ជាក់ផងដែរ ថា បុគ្គលិកដែលបម្រើការងារនៅហាង«ខ្ចៅស្ទាវ»នេះ មានចំនួន១៥នាក់ ដោយ មួយនាក់ ជាមធ្យមទទួលប្រាក់ឈ្មួលបាន១៥០ដុល្លារក្នុងមួយខែ៕
Tag:
ជាតិ
សេដ្ឋកិច្ច
ខ្ចៅស្ងោរ
ទួលទំពូង
វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com