ជាតិ
ធុងសំរាម​ច្នៃ​ពី​សំបក​កង់ឡាន​ជោគជ័យ​ក្នុង​ទីផ្សារ តែ​ខ្វះ​បច្ចេកទេស​ផលិត​
20, Jul 2019 , 9:59 am        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុក ធុងបរិស្ថាន
រូបភាពពីទំព័រហ្វេសប៊ុក ធុងបរិស្ថាន
​ភ្នំពេញ​៖ សិប្បកម្ម​ធ្វើ​ធុងសំរាម ពី​កង់ឡាន​ចាស់ៗ ដែលមាន​ទីតាំង​នៅក្នុង​ស្រុក ព្រៃឈរ នៅ​ខេត្តកំពង់ចាម ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន រហូតដល់​ផលិត​មិនទាន់​តម្រូវការ​ផង​។ បើតាម អ្នកនាង សឿន សុថា​រី ដែលជា​ម្ចាស់​សិប្បកម្ម ក្នុង​មួយថ្ងៃ អ្នកស្រី ទទួលបាន​ការបញ្ជាទិញ ពី​២០ ទៅ​៣០​ធុង ប៉ុន្តែ​សមត្ថភាព​ផលិត​របស់​សិប្បកម្ម បាន​មិន​ដល់ ១០ ធុងសំរាម​ផង​ក្នុង​មួយថ្ងៃ ដោយសារ​កង្វះខាត​បច្ចេក​ទេស​ផលិត​។



​លោក ហ៊​ន៉ វ៉ាន់​ថា ជា​មេជាង​នៅក្នុង​សិប្បកម្ម​កែច្នៃ​ធុងសំរាម​នេះ ជាង​៤​ឆ្នាំ​មកហើយ​។ មេជាង​វ័យ​៤២​ឆ្នាំ​រូបនេះ ពន្យល់​ពី​បញ្ហា​ក្នុង​ចង្វាក់​ផលិតកម្ម​ដូច្នេះ​៖«​ពិបាក​លើ​បច្ចេកទេស​ធ្វើ ដោយសារ​ប្រើ​កម្លាំង​ដៃ និង​កាំបិត សម្រាប់​ចៀរ​កង់ឡាន​នៅឡើយ​។ ជាង​ក្នុង​សិប្បកម្ម​មានតែ ៦​នាក់ ហើយ​ក្នុង​មួយថ្ងៃ ជាទូទៅ អាចធ្វើ​បានត្រឹមតែ​៦​ធុង​។ ខ្ញុំ​ជោគជ័យ អាច​យក​សំបក​កង់ឡាន​ធ្វើជា​ធុងសំរាម​បាន និង​មាន​ទីផ្សារ​ធ្វើ​មិនទាន់ ប៉ុន្តែ​ការ​ប្រឈម គឺ​មិនទាន់​រក​ឧបករណ៍​មក​ជំនួស​កាំបិត ចៀរ​កង់ឡាន​»​។​

 រូបភាពពីទំព័រហ្វេសប៊ុក ធុងបរិស្ថាន

 
​លោក វ៉ាន់​ថា រៀបរាប់​ដំណើការ​នៃ​ការធ្វើ​ធុងសំរាម​នេះ​ដូច្នេះ​៖«​ដំបូង ត្រូវ​ដើរ​ទិញ​សំបក់​កង់ឡាន​ពី​តាម​ភូមិ​ស្រុក​។ បន្ទាប់មក ត្រូវ​ចាំង​ក្រឡា​កងឡាន រួច​ចៀរ ដែល​ធុងសំរាម​មួយ​ត្រូវ​ប្រើ​សំបក​កង់ឡាន​ពីរ​។ ក្រោយពី​ចៀរ​រួច ត្រូវ​ពន្លាត់​និង​ដុត រួច​ទើប​ចាប់​ខ្ចៅ​ធ្វើ​គម្រប ហើយ​ចុងក្រោយ​ទើប​លាង​សម្អាត និង​បាញ់ថ្នាំ​»​។​
 
​បើតាម​លោក វ៉ាន់​ថា កង់ឡាន​មួយ លោក​ទិញ​ពី​គេ​តម្លៃ ១៥,០០០​រៀល​។ ចំណែកឯ​ការដឹកជញ្ជូន ក៏​ត្រូវគេ​តាំងពី​ដឹក​ពី​កន្លែង​ទិញ មក​សិប្បកម្ម និង​ដឹក​ពី​ទីតាំង​សិប្បកម្ម នៅ​កំពង់ចាម មក​ចែកចាយ​លក់​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ ចំណែកឯ​តម្លៃ​លក់​ចេញ​វិញ ចន្លោះ ២៥ ដុល្លារ ទៅ​៣៤​ដុល្លារ​។ 
 
​ដ្បិតតែ​រអ៊ូ​មិន​ដាច់​ពី​មាត់ ថា​ការងា​នេះ​លំបាក និង​សូវ​ចំណេញ ប៉ុន្តែ​លោក​ថា មិន​បោះបង់ចោល​នោះទេ ដោយសារតែ​ជា​កិច្ច​ការដែល​នៅ​មួយកន្លែង ខណៈដែល​បច្ចុប្បន្ន​ផលិតផល​របស់ខ្លួន មានការ​គាំទ្រ​ច្រើន​ផង​នោះ​៕
 
 

Tag:
 ធុងសំរាម​
 ​កង់ឡាន​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com