ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ៖ អ្នកនយោបាយ​បាន​ជំរុញ​ឲ្យ​មាន «​តុលាការ​មហាជន​»
19, Jul 2019 , 8:20 pm        
រូបភាព
រាប់ពីឆ្វេងទៅ៖ លោក ជិន ម៉ាលីន រដ្ឋលេខាក្រសួងយុត្តិធម៌ (អង្គុយនៅទី៣)
រាប់ពីឆ្វេងទៅ៖ លោក ជិន ម៉ាលីន រដ្ឋលេខាក្រសួងយុត្តិធម៌ (អង្គុយនៅទី៣)
ភ្នំពេញ៖ ​អង្គការសហប្រជាជាតិ បាន​រកឃើញថា «​ការកាត់ទោស​ដោយ​មហា​ជន​» គឺជា​រឿង​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ។  អង្គការ​អន្តរជាតិ​មួយ​នេះ បកស្រាយ​ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​ករណីនេះ​កើតឡើង ព្រោះ​មនុស្ស​ជាច្រើន​បាន​ខកចិត្ត និង​កង្វះ​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌ និង​និតិរដ្ឋ ។ មន្ត្រី​យុត្តិធម៌ លោក ជិន ម៉ា​លីន បកស្រាយ​បន្ថែមថា អ្នកនយោបាយ​ក៏​ជា​អ្នក​រួមចំណែក​ជំរុញ​ឲ្យ​កើតមាន ករណី​អំពើហិង្សា​តាម​ដងផ្លូវ​ដែរ​។ 
 
​ជុំវិញ​ការរកឃើញរបស់អង្គការសហប្រជាជាតិ​នេះ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​និយាយថា អ្នកនយោបាយ​មួយចំនួន បានរួម​ចំណែក​ក្នុងការ​ជំរុញ​ឲ្យ​មាន​«​ការកាត់ទោស​ដោយ​មហា​ជន​»​នេះ​។ លោក ម៉ា​លីន បាន​កត់សម្គាល់ថា អ្នកនយោបាយ​ខ្លះ បាន​ប្រើ​សារ​នយោបាយ​បែប​បញ្ឆេះ​កំហឹង​ពូជសាសន៍ និង​វណ្ណៈ ដែល​បាន​ជំរុញ​ឲ្យ​មានការ​កាត់ទោស​ដោ​យម​ហា​ជន នៅក្នុង​សង្គម​កម្ពុជា​។ 
សូមស្ដាប់សំឡេង៖



 
​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​រូបនេះ បាន​និយាយថា​៖«​សារ​នយោបាយ​មួយចំនួន​គឺមាន​ភាព​ចាក់​ដោត ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​កំហឹង​ជាតិ​សាសន៍ មាន​ភាពបះ​បោល និង​ចលាចល​នៅក្នុង​សង្គម ឲ្យ​អ្នកក្រ​ស្អប់​អ្នកមាន ឲ្យ​កម្មករ​ស្អប់​ថៅកែ ឲ្យ​ខ្មែរ​ស្អប់​យួន ស្អប់​ចិន ឲ្យ​អ្នកស្រែ​ស្អប់​អ្នកទីក្រុង ដូច្នេះ​សារ​ទាំងអស់​នោះបាន​ផល គឺ​ចេញ​មកជា​អំពើហិង្សា និង​ការសម្លាប់​តាម​ដងផ្លូវ​»​។ 
 
​លោក ម៉ា​លីន បានស្នើ​ឲ្យ​អ្នកនយោបាយ និង​អ្នកវិភាគ​ឯករាជ្យ បញ្ឈប់​ការវិភាគ និង​ផ្ញើ​សារ​នយោបាយ​បែប​ដាក់បន្ទុក​មក​តែ​លើ​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយចំនួន​បន្ត​ប្រព្រឹត្ត​បទល្មើស «​ការកាត់ទោស​ដោយ​មហា​ជន​» ពោលគឺ​គួរតែ​ពន្យល់​ពលរដ្ឋ​ពី​និតិ​វិធី​ផ្លូវច្បាប់​ឲ្យ​បាន​ច្រើនជាង​បញ្ឆេះ​កំហឹង​។ 
 
​លោក Simon Walker តំណាង​ស្តីទី​ការ​រិ​យា​ល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​សម្ភាស​ពលរដ្ឋ​មួយចំនួន លើ​បញ្ហា​«​ការកាត់ទោស​ដោយ​មហា​ជន​»​នេះ ដោយ​ពួកគេ​ភាគច្រើន​ឆ្លើយថា ពួកគេ​មិនមាន​ការជឿជាក់​លើ​ប្រព័ន្ធតុលាកា​, ពន្ធនាគារ និង​សមត្ថកិច្ច ជាពិសេស​សង្ស័យ​លើ​ការប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ជនសង្ស័យ​ជាដើម ទើប​ពួកគេ​សម្រេច​កាត់ទោស​ដោយ​ខ្លួន​ពួកគេ​តែម្ដង​។ បើតាម​លោក Simon ពលរដ្ឋ​កម្ពុជា​មិនទាន់​យល់ដឹង​ច្បាស់​ពី​នីតិរដ្ឋ​ច្បាស់​នៅឡើយ ព្រោះ​ពួកគេ​មានចំណេះដឹង​លើ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​តិច​នៅឡើយ​។ 
 
​តំណាង​ស្តីទី​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា​៖«​ការកាត់ទោស​ដោយ​មហា​ជន ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​រដ្ឋ​ត្រូវតែ​ចាត់វិធានការ ទប់ស្កាត់ និង​ការពារ​»​។  
 
​កាលពី​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៩ អង្គការសហប្រជាជាតិ​បានចេញ​ផ្សាយ​របាយការណ៍​ថា ពី​ឆ្នាំ​២០១០ ដល់ ២០១៨ មានការ​កាត់ទោស​ដោយ​មហាជន​នៅ​កម្ពុជា ចំនួន ៧៣​ករណី​។ ក្នុងនោះ ២២​ករណី​ត្រូវបាន​សម្លាប់ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា ប្រព្រឹត្តិ​មិនល្អ​នៅក្នុង​សង្គម ដូចជា លួច​, គ្រោះថ្នាក​ចរាចរណ៍ និង​បទល្មើស​ដ៏ទៃទៀត​។ ចំណែក​៣៥ ករណី​ទៀត ត្រូវបាន​សម្លាប់​ក្រោយពី​មានការ​ចោទប្រកាន់​លើ​អំពើ​អាប​ធ្មប់​។ និង​១៦ ករណី​ទៀត​បណ្ដាល​ឲ្យ​រង​បួស ឬ​ត្រូវបាន​យាយី​។ 
 
​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បានទទួល​ស្គា​ល់ពី​ភាពខ្វះ​ចន្លោះ​របស់​អាជ្ញាធ​រ​ក្នុងការ​អនុវត្ត​ច្បាប់​នាពេល​កន្លងមក​ផងដែរ​។ ត្រង់ចំណុច​នេះ​លោក ម៉ា​លីន ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ តុលាការ សង្គម​ស៊ីវិល អ្នកនយោបាយ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ចូលរួម​ទប់ស្កាត់​«​ការកាត់ទោស​ដោយ​មហា​ជន​»​នេះ តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​។ 
 
​លោក ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​បន្ថែម ដោយ​ត្រូវ​តាម​ចាប់​អ្នកប្រព្រឹត្ត​បទល្មើស​ទាំង​នោះមក​ដាក់​ទោស​តាមច្បាប់​។  លោក​បានកត់សម្គាល់​ឃើញ​ថា ករណី​«​ការកាត់ទោស​ដោយ​មហា​ជន​» មួយចំនួន ត្រូវបាន​អាជ្ញាធរ​ព្រងើយកន្តើយ និង​ខ្វះ​ការយកចិត្តទុកដាក់​។ បន្ថែម​ពីនេះ​លោក​បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជំរុញ​ការអប់រំ និង​ផ្សព្វផ្សាយ​លើ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​៕ 

Tag:
 យុត្តិធម៌
  តុលាការមហាជន
© រក្សាសិទ្ធិដោយ thmeythmey.com