កីឡាអន្តរជាតិ
អន្តរជាតិ
អាល់​ហ្សេ​រី​លើក​ពាន​ទ្វីបអាហ្វ្រិក​លើក​ទី​២ ក្រោយ​រង់ចាំ​២៩​ឆ្នាំ​
20, Jul 2019 , 11:00 am        
រូបភាព
ប្រធាន​ក្រុម Riyad Mahrez ដែលបច្ចុប្បន្នលេងឲ្យ Man City លើកពាន Africa Cup ជាមួយមិត្តរួមក្រុមជម្រើសជាតិ។ រូបថត AFP
ប្រធាន​ក្រុម Riyad Mahrez ដែលបច្ចុប្បន្នលេងឲ្យ Man City លើកពាន Africa Cup ជាមួយមិត្តរួមក្រុមជម្រើសជាតិ។ រូបថត AFP
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី បាន​ក្លាយជា​ម្ចាស់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations ជា​លើក​ទី​ពីរ ក្រោយ​ទទួល​ជ័យជម្នះ ១-០ លើ​សេ​ណេ​ហ្គា​ល់ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Cairo International Stadium ប្រទេស​អេ​ហ្សី​ប​។ ខ្សែប្រយុទ្ធ Baghdad Bounedjah ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទីតាំង​ពី​២​នាទី​ដំបូង​មកម្ល៉េះ​។​



​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ទ្វីបអាហ្វ្រិក​នា​ឆ្នាំនេះ អាល់​ហ្សេ​រី ដែល​ដឹកនាំ​ដោយ​លោក Djamel Belmadi បញ្ចប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល C ដោយ​យកឈ្នះ​លើ​គូប្រជែង​ទាំងបី សេ​ណេ​ហ្គា​ល់ កេ​ន​យ៉ា និង​តង់​ហ្សា​នី​។ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ពួកគេ​យកឈ្នះ​ហ្គី​ណេ ៣-០ បន្ត​យកឈ្នះ​កូត​ឌី​វ័រ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី ក្រោយ​លទ្ធផល​ស្មើ ១-១ មុនពេល​ទម្លាក់​នី​ហ្សេ​រី​យ៉ា ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ការយក​ឈ្នះ​ជើងឯក ជាមួយនឹង​លទ្ធផល ១-០ លើ​សេ​ណេ​ហ្គា​ល់ ជាការ​ដណ្តើម​បានជា​លើក​ទី​ពីរ​របស់​អាល់​ហ្សេ​រី ដោយ​ពួកគេ​ធ្លាប់​ឈ្នះ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩០ នៅ​ទឹកដី​របស់ខ្លួន ក្រោយ​បំបាក់​នី​ហ្សេ​រី​យ៉ា ១-០​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់ Badhdad Bounedjah ដែល​លេង​ឲ្យ​ក្លិប Al Sadd នៃ​ក្របខណ្ឌ Qatar Stars League ក៏​ជាការ​បញ្ចប់​ក្តី​សុបិន​លើក​ពាន​លើកដំបូង​របស់​សេ​ណេ​ហ្គា​ល់​ផងដែរ​។​

​ក្នុងនាម​ជា​ម្ចាស់​ជើងឯក អាល់​ហ្សេ​រី បាន​ប្រាក់រង្វាន់​៤.៥​លាន​ដុល្លារ​អាមេរិក សេ​ណេ​ហ្គា​ល់ បាន​២.៥​លាន​ដុល្លារ​អាមេរិក​។ នី​ហ្សេ​រី​យ៉ា បាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ទុយ​នី​ស៊ី ១-០​។ ក្រុម​ទាំង​ពីរបាន​ប្រាក់រង្វាន់ ២​លាន​ដុល្លារ​អាមេរិក រៀងៗ​ខ្លួន ខណៈ​បេ​ណាំង អាហ្វ្រិក​ខាងត្បូង កូត​ឌី​វ័រ និង​ម៉ា​ដា​ហ្គា​ស្កា ដែល​ឡើងដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក៏​ទទួលបាន​ប្រាក់រង្វាន់​១​លាន​ដុល្លារ​អាមេរិក​រៀងៗ​ខ្លួន​ផងដែរ​។​

​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Odion Ighalo បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ ទទួលបាន​តំណែង​ជា Top Scorer ខណៈ​កីឡាករ​អាល់​ហ្សេ​រី Ismael Bennacer ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ Rais Mbolhi ជា​អ្នកចាំទី​ឆ្នើម​៕



Tag:
 Africa Cup
© រក្សាសិទ្ធិដោយ thmeythmey.com