ជាតិ
មន្ត្រី​៖ ស្រូវ​រាប់ម៉ឺន​ហិកតា ក្នុង​ខេត្ត​ចំនួន​៨ កំពុង​រង់ចាំ​ទឹកភ្លៀង
20, Jul 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ ស្រូវ​ចំនួន​៥,៥ម៉ឺន‬​ហិកតា ស្ថិតនៅក្នុង​ខេត្ត​ចំនួន​៨ កំពុងរង់ចាំ​ទឹកភ្លៀង ដោយសារភាពរាំងស្ងួតដែលអូសបន្លាយក្នុងរដូវវស្សានេះ នៅតំបន់មួយចំនួន​។ នេះបើតាមមន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ។ ការសង្គ្រោះ​ដំណាំ​ស្រូវ​មកទល់ពេលនេះ គឺ​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ អាចជួយ​បានតែ​ដីស្រែ​ដែល​នៅ​កៀក​ប្រភពទឹក​ប៉ុណ្ណោះ រីឯ​ស្រែ​នៅ​ឆ្ងាយ រីងស្ងួត ឬ​គ្មាន​ប្រភពទឹក គឺ​មានតែ​សង្ឃឹមលើ​ទឹកភ្លៀង​។​

 
​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey នៅ​ថ្ងៃទី​១៩​កក្កដា ថា​ចំនួន​ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ទាំងនេះ គឺ​នៅ​ខេត្តបន្ទាយមានជ័យ​មាន ១៧ ៦៤៧​ហិកតា បាត់ដំបង​ជាង​២០ ០០០​ហិកតា កំពង់ធំ ៧ ៥៦៣​ហិកតា កំពង់ចាម ៥ ៣៩៨​ហិកតា ឧ​ត្ត​រ​មានជ័យ ៨៨០​ហិកតា ព្រៃវែង ៣០០០​ហិកតា ពោធិ៍សាត់​មាន​ចំនួន ៥០០​ហិកតា និង​ខេត្តសៀមរាប​៤៥០​ហិកតា​។​
 
​បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ មូលហេតុ​ដែល​ខេត្ត​ទាំងនេះ ជួប​ភាពរាំងស្ងួត​បែបនេះ ដោយសារ​បាតុភូត​Elnino​នៅតែមាន​ឥទ្ធិពល​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​រដូវប្រាំង​មាន​រយៈពេល​វែង និង​មានកូន​រដូវប្រាំង​ក្នុង​រដូវវស្សា នៅ​ខែសីហា​ខាងមុខនេះ​ទៀតផង​។ 
 
​លោក កែវ វី បាន​និយាយ​ដូច្នេះ​ថា​៖ ថ្វី​ដ្បិត​ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ភ្លៀង​ធា្ល​ក់​ក៏ពិតមែន ប៉ុន្តែ​ភ្លៀង​ភាគច្រើន​ធា្ល​ក់នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បន្ត​ធា្ល​ក់នៅ​តំបន់ឆ្នេរ​សមុទ្រ​។ ដោយឡែក​ខេត្ត​ទាំង​ប៉ុន្មាន​ខាងលើនេះ ក៏មាន​ភ្លៀង​ធា្ល​ក់​ដែរ ប៉ុន្តែ​ធា្ល​ក់​ក្នុង​កម្រិត​ខ្សោយ​»​។ បញ្ហា​នេះ អាជ្ញាធរ​ជំនាញ​កំពុង​ចាត់វិធានការ​បូ​ប​ទឹក សម្រាប់​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​នៅតែ​កន្លែង​ណា​ដែលមាន​ប្រភពទឹក​។ ប៉ុន្តែ​នៅ​តំបន់​មួយចំនួនទៀត ប្រភពទឹក​ត្រូវបាន​រីងស្ងួត ដូចជា​ស្ទឹង​មង្គល​បូរី ដែល​ស្ថិតនៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កំពុង​រីង​ទឹក​ផងដែរ​។ នេះ​មូលហេតុ ដែល​ទាមទារ​រង់ចាំ​ភ្លៀង​ធា្ល​ក់ ដើម្បី​សង្គ្រោះ​ស្រូវ និង​ដំណាំ​ផ្សេងៗ​»​។ 
 
​ក្រៅពី​ប្រភពទឹក​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រភពទឹក​នៅ​តំបន់​មួយចំនួនទៀត​ក៏មាន​រីងស្ងួត​ផងដែរ​។ ក្នុងនោះ មាននៅ​ខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កំពុង​រង់ចាំ​ទឹកភ្លៀង​។ លោក​បានបញ្ជាក់​ដូច្នេះ​៖ «​ប្រសិនបើ​ក្នុង​រយៈពេល​៤-៥​ទៀត ឬមួយ​សប្តាហ៍ មាន​ភ្លៀង​ធ្លាក់​ច្រើន​នោះ ស្រូវ​ទាំងនោះ​នឹងមាន​ការខូចខាត​តិចតួច ហើយ​ស្រូវ​មួយចំនួន​ក៏​អាច​រស់​ឡើងវិញ​ផងដែរ​។  ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត​ប្រសិនបើ​មិនមាន​ភ្លៀង​ច្រើន​ធ្លាក់​ទេ ក្នុងចំណោម​ខេត្ត​ទាំង​ប៉ុន្មាន​នេះ ខេត្តបន្ទាយមានជ័យ​នឹងរង​ការខូចខាត​ច្រើនជាងគេ ព្រោះ​ខេត្ត​នេះ ពុំ​សូវ​មាន​ប្រភពទឹក​នោះទេ​»​។​
 
​លោក កែវ វី បាន​បន្ថែមថា​ក្រៅពី​ស្រូវ ដែល​កំពុង​រងគ្រោះ​ពី​ការខ្វះ​ទឹក​ស្រោចស្រព ដំណាំ​ពោត និង​ដំ​ឡូ​វ​មី​រាប់ពាន់​ហិកតា​ក៏​កំពុង​រង​ខូចខាត​ដោយសារ​ខ្វះ​ទឹក​នេះ​ផងដែរ​។​
 
​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ខាងលើនេះ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ ក្រសួង​ធនធានទឹក និង​មន្ត្រី​ជំនាញ បាន​បង្ហូរទឹក​សម្រាប់​ប្រើប្រាស់​ស្ទើរ​អស់ពី​អាង​រលីង​។ ដូចជា អាងទឹក​ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ ចង់​រីង​ទឹក​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជីវៈចម្រុះ​ក្នុង​ត្រពាំង​នោះ​។ នេះ​ជាការ​លើក របស់ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រាប់​សារព័ត៌មាន​ThmeyThmey​តាម​ទូរ​សព្ទ នា​ថ្ងៃទី​១៩​កក្កដា​។ 
 
​ដោយសារតែ​បាតុភូត​Elnino នៅ​កម្ពុជា មិនទាន់​អស់​ឥទ្ធិពល ដូច្នេះ​ភ្លៀង​នូវមាន​លក្ខណៈ​ធ្លាក់​ដោយ​កន្លែង​មិនបាន​ល្អប្រសើរ​ទេ នៅក្នុង​ខេត្ត​មួយចំនួន​។ «​ខេត្ត​ដែល​ជួប​គ្រោះរាំងស្ងួត យើង​កំពុង​ដោះស្រាយ  ដែលមាន​លក្ខណៈ​ប្រសើរ​ជា​បណ្តើរៗ​នៅតាម​ចំនួន​មួយចំនួន ដូចជា​នៅមាន​ខេត្ត​ពោ​ធ៍​សាត់ ព្រៃវែង កំពង់ចាម ឧ​ត្ត​រ​មានជ័យ​»​។ ទោះជា​មានការ​ដោះ​ស្រោ​យ​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​ជំនាញ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​តំបន់​មួយចំនួន ពិសេស តំបន់​បឹង​កំពីងពួយ​ក្នុង​ខេត្តបាត់ដំបង កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ព្រោះ​អត់​ទឹក ប្រើប្រាស់​សម្រាប់​ផ្តល់ឱ្យ​ប្រជាកសិករ​នានា​។ នេះ​បើតាម លោក ចាន់ យុ​ត្ថា​។ 
 
​បើ​តាក​ការអះអាង​របស់លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ដែល​ប្រាប់​សារព័ត៌មាន​ThmeyThmey នៅក្នុង​ខេត្តបាត់ដំបង​សព្វថ្ងៃនេះ មាន​ស្រូវ​រហូតដល់​៥-៦​ម៉ឺន​ហិកតា កំពុង​ជួប​គ្រោះរាំងស្ងួត រួមទាំង​ដំណាំ​ពោត និង​ដំឡូង​មី​ចំនួន​៧​ពាន់​ហិកតា​ផងដែរ​៕

Tag:
 កសិកម្ម​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com