ជាតិ
អាជ្ញាធរអប្សរា នឹងបង្កើតផ្លូវកង់សម្រាប់ភ្ញៀវទេសចរ ដែលនិយមជិះកង់នៅតំបន់អង្គរ រូបភាពអជ្ញាធរជាតិអប្សរា
× អាជ្ញាធរអប្សរា គ្រោងនឹងបង្កើតផ្លូវសម្រាប់ជិះកង់ ដើម្បីឲ្យភ្ញៀវទេសចរណ៍ដែលនិយមជិះកង់ មានសុវត្ថិភាព និងបានទស្សនាតំបន់ព្រៃអង្គរដោយគ្មានការរំខានពីឡានម៉ូតូ។ គម្រោងផ្លូវកង់នេះ មានប្រវែងសរុប២៣,២គីឡូម៉ែត្រ គឺជុំវិញតំបន់អង្គរជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩កក្កដាថា៖ «ផ្លូវកង់ក្នុងតំបន់អង្គរនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់នេះ ដោយសារអាជ្ញាធរគិតពីសុវត្ថិភាពអ្នកជិះកង់។ សម្រាប់ភ្ញៀវទេសចរណ៍ដែលជិះកង់ ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្វើដំណើរ ដូច្នេះផ្លូវនេះ កាត់បន្ថយហានិភ័យពីឡានម៉ូតូដល់អ្នកជិះកង់។ ហើយអាជ្ញាធរអប្សរា មានបំណងបំពេញភាពរីករាយដល់ភ្ញៀវទេសចរណ៍ បានទស្សនាព្រៃឈើក្នុងតំបន់រមណីយដ្ឋានដោយគ្នានការរំខានពីឡានម៉ូតូ។» យ៉ាងណាក៏ដោយ គម្រោងសាងសង់ផ្លូវកង់ក្នុងពេលឆាប់ៗខាងមុខនេះ លោក ឡុង កុសល មិនបានបញ្ជាក់ច្បាស់ថាចាប់ផ្ដើមសាងសង់នៅពេលណាឡើយ។
គម្រោងផ្លូវកង់នេះ មានការគាំទ្រពី លោកស្រី ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហង់ ពៅ អគ្គនាយកប្រធានអាជ្ញាធរអប្សរា និងមន្រី្តជំនាញគ្រប់នាយកដ្ឋានពាក់ព័ន្ធ ដោយបានចុះពិនិត្យទីតាំងនិងសិក្សាអំពីលទ្ធភាពនិងបញ្ហាប្រឈមនានាលើគម្រោងសាងសង់។
ផ្លូវកង់នេះ គ្រោងនឹងត្រូវសាងសង់ស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នក្នុងតំបន់អង្គរ ចម្ងាយមិនលើសពី២៥ម៉ែត្រ ដែលអាចមើលគ្នាឃើញជាការរក្សាសន្តិសុខ សុវត្ថិភាព ហើយទាំងបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ ។ ការស្ថាបនា អាជ្ញាធរជាតិអប្សរាបានគិតគូរជាចម្បងលើការអភិរក្សបុរាណដ្ឋាន ដោយគ្មានការជីកកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុងត្រង់កន្លែងមានស្ពាន គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ដោយបញ្ចៀសផលប៉ះពាល់ព្រៃឈើដែលមានស្រាប់។ លើសពីនេះ អាជ្ញាធរជាតិអប្សរា បានគិតដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែក នឹងដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់៕
Tag:
ខេត្តសៀមរាម
ផ្លូវកង់
តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com