កីឡាជាតិ
ជាតិ
ចាន់ សំអាត រៀបរាប់​ពី​ភាពជូរចត់​និង​រីករាយ ទាំង​ក្នុង​វិស័យ​គុន​ខ្មែរ និង​គុន​ចម្រុះ​
20, Jul 2019 , 5:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​ចាន់ សំអាត មានឈ្មោះ​បោះ​សំឡេង​កាន់តែខ្លាំង​ពេល​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE មួយរយៈ​ចុងក្រោយ​នេះ​។ ក្នុងនោះ សំអាត មានបទពិសោធន៍​ជូរចត់ និង បទពិសោធន៍​ល្អ​អំឡុងពេល​ប្រឡូក​ក្នុង​វិស័យ​គុន​ខ្មែរ និង គុន​ចម្រុះ​តាំងពីដើម​ដល់​បច្ចុប្បន្ននេះ​។ បើ​គិត​កំណត់ត្រា​ប្រកួត​គុន​ខ្មែរ​នៅតាម​ជាយដែន និង ចូល​ប្រកួត​នៅ​ថៃ​ខ្លះ​ផង​នោះ ចាន់ សំអាត ប្រហែល​ប្រកួត​បាន​ជាង ១០០ លើក ប៉ុន្តែ កំណត់ត្រា​លើស​ង្វៀន​តាម​ទូរទស្សន៍​ត្រូវគេ​បង្ហាញ​ត្រឹម​ក្បែរ ១០០ លើក​ប៉ុណ្ណោះ​។

 
​រឿង​ជូរចត់​លាយ​សំណាង​៖
​ក្រោយ​ឳ​ពុក​ទទួលមរណភាព​អំឡុង​ឆ្នាំ ២០០២ បាន​បន្សល់ទុក​ម្ដាយ​និង​បងប្អូន​ប្រុស​ស្រី ៣​នាក់​គ្មាន​ទីពឹង​ដូច​មុន រួមទាំង សំអាត ផង​។ សំអាត បាន​ក្លាយជា​ក្មេង​ដើរលេង​គ្មាន​គោលដៅ និង ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៧​។ យ៉ាងណាក្ដី វា​ជា​សំណាង​មួយ​រហូតដល់​សព្វថ្ងៃនេះ គឺ ខុន ស៊ី​ចាន់ បាន​ណែនាំ​ឲ្យ​រូបគេ​ទៅ​ហាត់​ប្រដាល់​នៅ​ឆ្នាំ ២០០៨ ជាមួយ​គ្រូបង្វឹក ឡោ វុទ្ធី នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ បន្ទាប់ពី ស៊ី​ចាន់ បានឃើញ សំអាត ឡើង​ប្រកួត​សប្បាយៗ​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​វត្ត «​ថ្លា​ត​» នា​ស្រុក​អន្លង់វែង​។ សំអាត ក៏មាន​អនុស្សាវរីយ​ស្រក់​ទឹកភ្នែក​ជាមួយ ស៊ី​ចាន់ បែបនេះ​៖«​ខ្ញុំ​មិន​ច្បាស់​ឆ្នាំ តែ​ពេលនោះ ខ្ញុំ​ប្រកួត​ដល់​២​ដង​ក្នុង ១ ថ្ងៃ គឺ ប្រដាល់​ថ្នាក់ជាតិ​និង​ប៉ុស្តិ៍​បាយ័ន​ពេល​ល្ងាច​។ ពេល​ដល់​ប៉ុស្តិ៍ ខ្ញុំ​វ៉ៃ​ចាញ់​ព្រោះ​វា​អស់​ស៊ុ​ហ្វ​ខ្លាំង​។ បង ខុន ស៊ី​ចាន់ ស្ដី​ឲ្យ​ខ្ញុំ​ថា វ៉ៃ​ដូច​គ្មាន​ចិត្ត​ស៊ូ​សោះ​។ ខ្ញុំ​តូចចិត្ត​ពេល​ចុះ​លើ​រេញ ហើយ ពេល​គាត់​ឌុប​ម៉ូតូ ខ្ញុំ​ក៏​ស្រក់​ទឹកភ្នែក​បណ្ដើរ​ពេល​កំពុង​ជិះ​ពីក្រោយ​គាត់​»​។

យ៉ាងណាក្ដី មិនមាន​ខឹង​ក្រោធ​អ្វី​ដាក់ ខុន ស៊ី​ចាន់ ទេ​ព្រោះ​រៀមច្បង​រូបនេះ​ជួយ​គេ​ច្រើន​រួមទាំង​ការ​ទំនុកបម្រុង​លុយកាក់​និង​ហូបចុក​។ ពេល​ឡើង​ប្រកួត​ដំបូង​ឡើង​គូ​បិទ​ឆាក បាន​តម្លៃ​ខ្លួន ត្រឹម ៨ ទៅ ១០ ម៉ឺន​អីហ្នឹង​។ ភាគច្រើន​ការធ្វើដំណើរ​ឡើង​ប្រកួត មក​ភ្នំពេញ ពី ឧត្ដរមានជ័យ គឺ ខុន ស៊ី​ចាន់ អ្នក​ជួយ​រ៉ាប់រង​។ តាំងពី​ឆ្នាំ ២០០៨ មក ដែល ចាន់ សំអាត យកឈ្មោះ​ត្រកូល ចាន់ ប៉ុន្តែ ឈ្មោះ​ដើម គឺ ធាន អាត​។ នេះ​ជា​រឿង​ជូរចត់​មួយ​ដែរ ប៉ុន្តែ​បាន​ប្រែក្លាយជា​សំណាង និង មានឈ្មោះ​បោះ​សំឡេង​ដល់​បច្ចុប្បន្ន​។ បើសិន​មិនមាន​ការតស៊ូ​បែបនេះ​ទេ ម្ល៉េះ​សម​មិនអាច​ឈរជើង​ដល់​សព្វថ្ងៃ​ឡើយ​។​
 
​យ៉ាងណាក្ដី​ពេលខ្លះ​ក៏ ចាន់ សំអាត ក៏​គិត​បែប​អស់សង្ឃឹម​ដែរ​ថា ៖«​ពេលខ្លះ​ខ្ញុំ​ឡើង​វ៉ៃ​ទៅ វា​អស់​ពេក អស់កម្លាំង​រលីង​តែម្ដង អស់​ស៊ុ​ហ្វ ហើយ ខ្ញុំ​ចង់តែ​ឈប់​ប្រដាល់​ម្ដងៗ​ដែរ​បង​។ តែ​ក្នុង​ចិត្ត​ចេះតែ​គិតថា យើង​រៀន​បាន​តិចតួច បើ​យើង​មិន​ខំ បើ​យើង​មិន​តស៊ូ​ប្រដាល់​ទេ មិន​ចាប់​ឲ្យ​ជាប់​ទេ វារឹតតែ​លំបាក​ទៀត​»​។ 

​រឿង​ល្អ​ក្នុង​វិស័យ​គុន​ចម្រុះ​៖
​រឿង​ដែល ចាន់ សំអាត ចងចាំ​មិនអាច​បំភ្លេចបាន​គឺ វគ្គ​ជម្រុះ​ខ្សែក្រវាត់ Khmer Warrior Challenge រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV កាល​ឆ្នាំ ២០១៤​។ សំអាត បញ្ជាក់​បែបនេះ ៖«​ខ្ញុំ​ចាំ​ច្បាស់​នៅ​វគ្គ​ជម្រុះ​ខ្សែក្រវាត់​។ កាលនោះ​ខ្ញុំ​បែក​មុខ​បែក​មាត់​ប្រឡាក់​ឈាម​ពេញ​ខ្លួន ប៉ុន្តែ​ខ្ញុំ​ខំតស៊ូ រហូតដល់​ចប់​ទឹក​ទី​៣ ហើយ​ទីបំផុត​ខ្ញុំ​បែរជា​ឈ្នះ​ទៅវិញ​»​។ កីឡាករ​មកពី​ឧត្ដរមានជ័យ​រូបនេះ​បាន​តស៊ូ​យ៉ាងខ្លាំង​តាំងពី​វគ្គ​ប្រមូលផ្ដុំ​នៅ​ឆ្នាំ ២០១៣ រហូតដល់​ឈ្នះ​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣ នៅ​ឆ្នាំ ២០១៤ ក្នុងនាម​ជា​កីឡាករ​ចូល​ជំនួស​កីឡាករ​ម្នាក់​ដែល​រត់ចោលជួរ​អំឡុងពេល​ប្រមូលផ្ដុំ​។ កីឡាករ​ដែលមាន​ឈ្មោះ​ដើម ធាន អាត រូបនេះ​បាន​បន្ត​មក​ហ្វឹកហាត់​ទាំង​គុន​ខ្មែរ និង គុន​ចម្រុះ​នៅ​ក្លិប  Cambodian Top Team តាំងពី​ឆ្នាំ ២០១៤ ដល់​បច្ចុប្បន្ន​បន្ទាប់ពី​ស្គាល់​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ​។ 
 
​នេះ​ក៏​ចាត់ទុកថា​ជា​រឿង​ល្អ​មួយ​ដែរ​សម្រាប់​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​។ ព្រោះ​កីឡាករ​ជាច្រើន​បាន​លាក​ចាក​ពីស​ង្វៀន ដោយ​ផ្អែកលើ​បញ្ហា​ជីវភាព ឬ មាន​ប្រពន្ធ​កូន​។ ចាន់ សំអាត រៀបការ​តាំងពី​ឆ្នាំ ២០១២ ជាមួយ​ប្រពន្ធ​ឈ្មោះ ប្រពន្ធ សាន្ត ឆេង​ហួង និង បង្កើតបាន​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​២​នាក់​។ ទោះ​មាន​ប្រពន្ធ ក៏ សំអាត មាន​ការតាំង​ចិត្តល្អ និង មានឈ្មោះ​ចេញទៅ​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ នៅ​ប្រទេស​ថៃ និង សង្វៀន​លំដាប់​ពិភពលោក ONE ជា​បន្ត​បន្តបន្ទាប់​។ ចាន់ សំអាត ឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​អន្តរជាតិ​បាន​ចំនួន ៥ ដង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com