ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សៀមរាប​ជាទី​ក្រុង​បេតិកភណ្ឌ​មួយ​ដែល​ត្រូវការ​ការអភិវឌ្ឍ​ដោយ​ប្រុងប្រយ័ត្ន​
20, Jul 2019 , 10:59 pm        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍ (1)
រូបភាព៖ ក្រសួងទេសចរណ៍ (1)
​សៀមរាប​៖ គណៈកម្មាធិការ​អន្ដរក្រសួង​មួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ មុននឹង​រៀបចំ​ផែនការ​មេនេះ​ទៅបាន គណៈកម្មាធិការ​នេះ​បានរៀបចំ​សិក្ខាសាលា​ពិភាក្សាគ្នា​ច្រើនដង ដើម្បី​លម្អិត​ពី​បែបបទ គោលដៅ​រៀបចំ ក៏ដូចជា​នីតិវិធី​ក្នុងការ​រៀបចំ​។​ល​។ ជាទី​ក្រុង​បេតិកភណ្ឌ​មួយ ខេត្តសៀមរាប​ជា​ខេត្ត​ដែល​ត្រូវមាន​ការសិក្សា​លម្អិត​ច្រើន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ក្រិ​ត្យ​ក្រម​នៃ​ការសង់​អគារ​ជាដើម​។ ការអភិវឌ្ឍ​ខេត្ត​មួយ​នេះ ត្រូវមាន​ការគិតគូរ​ច្រើន ត្រូវមាន​ការប្រុងប្រយ័ត្ន​កុំឱ្យ​ប៉ះពាល់​តម្លៃ​បេតិកភណ្ឌ​ដែល​ចង​ដោយ​អង្គការ​យូណេស្កូ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 
​វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង ដែល​បានរួម​ចំណែក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចសង្គម​តាមរយៈ​ការបង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​។ នៅ​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​កំណើន​ទេសចរ​ក្នុង​អត្រា ១០,៧​ភាគរយ ជាមួយនឹង​ការមកដល់​នូវ​ចំនួន​ទេសចរ​អន្ដរ​ជាតិប្រមាណ​៦​លាន​២​សែន​នាក់ ប្រមូលប្រាក់​ចំណូល​បាន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ១២,៧​ភាគរយ ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មកកាន់​ខេត្តសៀមរាប​មាន​ចំនួន ២​លាន​៥​សែន​នាក់ ក្នុង​កំណើន ៥,៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។ 


 
​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​កំពូល​របស់​កម្ពុជា​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​ទេសចរ​មកកាន់​ខេត្ត​នេះ​កាន់តែ​ច្រើនឡើង ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។ ពិតណាស់ថា កំណើន​ទេសចរ​មាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន ហេតុដូច្នេះ​ហើយ​ទើប​គម្រោង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​នេះ ត្រូវបាន​រៀបចំ​។ ក្រៅពីនេះ បំណង​នៃ​ការរៀបចំ​ផែនការមេ ឬ​Master plan ក៏​ដើម្បី​ជំរុញ​ខេត្ត​នេះ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ជំរុញឱ្យមាន​កំណើន​ទេសចរ​កាន់តែច្រើន​បន្ថែ​ម​ទៀត ឆ្ព​ស់​ទៅកាន់​គោលដៅ​គ្រោងទុក​ឆ្នាំ ២០៣៥​។ 


 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន យល់ថា​ការងារ​នេះ​គឺ​សំខាន់​ណាស់​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍​កម្ពុជា និង​ធានាឱ្យមាន​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរភាព​និង​ការទទួលខុសត្រូវ​។ លោក ថោង ខុន ពន្យល់ថា​៖ «​ផែនការ​មេនេះ មាន​សារសំខាន់​ជា​យុទ្ធសាស្ដ្រ​ចូលរួម​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា គាំទ្រ​ចក្ខុវិស័យ​សម្រេច​ឱ្យបាន​ផែន​ការទទួល​ភ្ញៀវទេសច​រ​ប្រមាណ ១១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥, ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង​២០​លាន​នាក់​ក្នុង​ឆ្នាំ​២០៣៥ ក្នុងនោះ​ប្រមាណ ៥០​ភាគរយ​នឹងធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប ព្រោះ​សៀមរាប​ជា​ប៉ូល​ទេសចរណ៍​ចម្បង​បំផុត​របស់​កម្ពុជា​»​។​


 
 
​ជាមួយគ្នានេះ អ្វីដែល​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​មើលឃើញ​នោះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប​ក្នុង​មូលហេតុ​ទស្សនា​តែ​អង្គរវត្ត​តែមួយ​ប៉ុណ្ណោះ​។ ហេតុ​ដូច្នេះហើយ ផែនការ​មេនេះ​នឹង​ផ្សាភ្ជាប់​តំបន់​ជុំវិញ​ក្នុង​ខេត្តសៀមរាប​រួមបញ្ចូល​គ្នា​ទាំង​ទេសចរណ៍វប្បធម៌​និង​អេកូ​ទេសចរណ៍​។ អេកូ​ទេសចរណ៍​ដែល​លោក​រដ្ឋមន្ត្រី​ចង់​បញ្ជាក់​នោះ គឺ​តំបន់ភ្នំ​គូលែន​និង​បឹង​ទន្លេសាប​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​តែម្ដង​។ «​ដើម្បី​ដើរ​តាម​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​បាន ផែនការមេ​ត្រូវ​កំណត់​វិសាលភាព រួមបញ្ចូល​ទាំង​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ ខណៈដែល​បច្ចុប្បន្ន​ការ​ទស្សនា​អង្គរវត្ត​ជា​មូលហេតុ​ចម្បង​មួយ​របស់​ភ្ញៀវ​ដែល​មកកាន់​សៀមរាប​។ ការរៀបចំ​ត្រូវធ្វើ​ការសិក្សា​និង​កំណត់​ឱ្យបាន​នូវ​យុទ្ធសាស្ដ្រ​និង​ផែនការ​សកម្មភាព​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នៃ​តំបន់​សៀមរាប​ទាំងមូល​ព្រមទាំង​តំបន់​ជុំវិញ ដែលមាន​លើសពី​ការ​ទស្សនា​ប្រាសាទ ឱ្យទៅ​ផ្សាភ្ជាប់​ជាមួយ​សកម្មភាព​កម្សាន្ត​កាន់តែ​សម្បូរបែប​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​រដ្ឋមន្ត្រី​។​
 
 
​ជា​អ្នកជំនាញការ​អន្ដរជាតិ​មួយរូប​ក្នុង​គណៈកម្មាធិការ​រៀប​ចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប លោក Harry Coccossis  បាន​លើកឡើងថា​កំណើន​ទេសចរ​លើ​សាកលលោក​មាន​៤​ភាគរយ​ក្នុង​មួយឆ្នាំ ដ្បិតថា​មាន​បញ្ហា​កើតឡើង​មួយចំនួន​ក៏ដោយ​។ ដូច្នេះ​ដើម្បី​ចាប់យក​ឱកាស​ជាមួយនឹង​កំណើន​នេះ ត្រូវ​ស្វែងយល់​ពី​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ភ្ញៀវទេសចរ ក៏ដូចជា​ទិដ្ឋភាព​ថ្មីៗ​នៅពេល​ទេសចរ​កើនឡើង​។ លោក​ពន្យល់ថា​៖«...​ទី​១​ចំពោះ​បញ្ហា​រីកចម្រើន​បែបនេះ យើង​មាន​ទិដ្ឋភាព​មួយចំនួន ប៉ុន្តែ​ទេសចរ​មានការ​ផ្លាស់ប្ដូរ​ត្រូវ​យល់​ចំណុច​នេះ ព្រោះ​២០​ឆ្នាំមុន​ទេសចរ​មិន​ដូចគ្នា យើង​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​ទិដ្ឋភាព​នេះ​ដើម្បី​យើង​រៀបចំ​សម្រាប់​ពេលអនាគត ធម្មតា​ពេល​មាន​កំណើន​ហើយ វា​មាន​សម្ពាធ​ហើយ សម្ពាធ​នោះ​គឺមាន​តម្រូវ​ការកើនឡើង ពេលខ្លះ​ក៏មាន​ផលប៉ះពាល់​អវិជ្ជមាន ត្រូវ​យល់​និង​ដោះស្រាយ​ផលប៉ះពាល់​ឱ្យបាន​ល្អ​»​។​
 
 
​ដោយសារ​ទីផ្សារ​ទាំងអស់​មានការ​ប្រកួតប្រជែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំណុច​នេះ​លោក Harry ក៏​ឱ្យ​យកចិត្តទុកដាក់​ដែរ​។ អ្នកជំនាញការ​អន្ដរជាតិ​រូបនេះ​យល់ថា បច្ចេកវិទ្យា​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅលើ​ការប្រើប្រាស់​របស់​មនុស្ស​សម័យ​ទំនើប ដូច្នេះ​គេ​ត្រូវធ្វើ​យ៉ាងណា​រៀបចំ​ប្រព័ន្ធ​នេះ​ឱ្យមាន​ភាពងាយស្រួល​ដល់​អតិថិជន​របស់ខ្លួន ដូចជា​ការ​កក់​សណ្ឋាគា​រ អាហា​រដ្ឋា​ន និង​គោលដៅ​ទេសចរណ៍​ជាដើម​។ «​ការផ្លាស់ប្ដូរ​នេះ ជា​ឱកាស​របស់​យើង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទេសចរណ៍​ទៅតាម​តម្រូវការ​ថ្មី ពីព្រោះ​វា​មានការ​រីកចម្រើន​..​តែ​វា​ក៏មាន​ទិដ្ឋភាព​ថ្មី​២​ដែរ គុណភាព​គឺ​សំខាន់​ណាស់​ពីព្រោះថា​ប្រជាជន​ភាគច្រើន​ធ្វើដំណើរ គាត់​មានបទពិសោធន៍​ធ្វើដំណើរ​ច្រើន គាត់​ដឹង​ស្គាល់​ច្រើន​សេវាកម្ម​បែបណា​ល្អ​»​។ លោក Harry បន្ថែម​។​
 
 
​ក្រៅពី​ជំរុញឱ្យមាន​ការរៀបចំ​ផែនការ​នេះ​ឱ្យបាន​លឿន​ហើយ​នោះ លោក ថោង ខុន ក៏​ឱ្យ​គណៈកម្មាធិការ​រៀបចំ​យកចិត្តទុកដាក់ និង​លម្អិត​រាល់​ចំណុច​មួយៗ ដោយ​ត្រូវគោរព​តាម​គោលការណ៍​អភិរក្ស​និង​ការប្រើប្រាស់​គុណសម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ឱ្យបាន​អតិបរិមា​តាមរយៈ​ការពង្រីក​បន្ថែម​លើ​សកម្មភាព​និង​ព្រឹត្តិការណ៍​កម្សាន្ត​នានា ដើម្បី​បង្កើន​ភាព​ពេញចិត្ត ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ដែល​អាចឱ្យ​ពួកគេ​បង្កើន​ការ​ស្នាក់នៅ​កាន់តែ​យូរ បង្កើន​ការចំណាយ ប្រយោជន៍​ដល់​ពលរដ្ឋ​រស់នៅ​សៀមរាប​ក៏ដូចជា​កម្ពុជា​ទាំងមូល​។​
 
​ជាទី​ក្រុង​បេតិកភណ្ឌ​មួយ លោក ថោង ខុន រម្លឹកថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត​។ រាល់​ការអភិវឌ្ឍ​ត្រូវ​គិតគូរ និង​គោរព​តាម​គោលការណ៍​របស់​អង្គការ យូណេស្កូ គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ក៏ដូចជា​ការកំណត់រ​បស់​រាជរដ្ឋាភិបាល​ជាដើម​៕
 
 
 
 
 

Tag:
 ផែនការមេ​អភិវឌ្ឍ​ខេត្តសៀមរាប​
  ថោង ខុន​
  វិស័យ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com