ជាតិ
បាក់ឌុប
«​អប្បមាទ​»​មាន​តួនាទី​អ្វី​នៅពេល​ប្រឡង​បាក់​ឌុប​?
21, Jul 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖«​អប្បមាទ​» ជា​ពាក្យ​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា យកមកប្រើ​ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩ នេះ​។ ពាក្យ​នេះ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​ពន្យល់​លម្អិត​ថា ជា​សេចក្តី​មិន​ធ្វេស​ ​មិន​ប្រហែស​ ការមិន​ធ្វេសស្មារតី​ ​ការប្រុងប្រយ័ត្ន​ជានិច្ច​ ​ការ​ប្រុង​មិន​ឲ្យ​ភ្លាំងភ្លាត់​។


 
​អ្នកនាំពាក្យ​ក្រ​សួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បាន​ពន្យល់​ពាក្យ​«​អប្បមាទ​»​សម្រាប់​ប្រើ​នៅក្នុង​ការប្រឡង​បាក់​ឌុប​ថា ជា​អ្នកត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប នៅតាម​មណ្ឌល​ប្រឡង​។ 


 
​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​មិនមាន​អ្នកសង្កេតការណ៍​ដូច​ការប្រឡង​បាក់​ឌុប​រាល់​ឆ្នាំ​នោះទេ​ប៉ុន្តែ​ក្រសួង នឹង​ពង្រាយ​មន្ត្រី​របស់ខ្លួន គរុ​សិស្ស និង​គរុ​និស្សិត ធ្វើជា​អប្បមាទ និង​ជំនួយការ​អប្បមាទ សម្រាប់​តាមដាន ដំណើរការ​ប្រឡង​បាក់​ឌុប​។ នេះ​ជាការ​បញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​កំណាព្យ​មួយ ដែល​លោក​និពន្ធ​តាម​រថយន្ត ពី​ខេត្តកំពង់ឆ្នាំង ទៅ​ពោធិ៍សាត់ ដោយ​ពន្យល់​ពី​តួនាទី​«​អប្បមាទ​»​។ ក្នុង​កំណាព្យ​នេះ លោក​បកស្រាយ​ថា​៖«​ខ្ញុំ​ជា​អប្បមាទ នៅពេល​ប្រឡង  បំពេញ​តាម​កម្រង​ភារកិច្ច ខិតខំ​ប្រឹងប្រែង​ធ្វើ​មិនដែល​ភ្លេច គឺជា​កាតព្វកិច្ច​ដើម្បី​ខ្មែរ​។ កំណែទម្រង់​ឲ្យ​មានគុណ​ភាព ឲ្យ​យុវជន​យើង​ជ្រាប និង​ពូកែ  ជា​ពូជសាសន៍​ធ្លាប់​ខ្លាំង នឹង​គេ​ដែរ យើង​ប្រឹង​ដើម្បី​ខ្មែរ​មាន​កិត្តិយស​។ កើតមក​ជាតិ​នេះ​មិនដែល​សោកស្តាយ ខ្ញុំ​សូម​អភិប្រាយ​ដើម្បី​ជាតិ ហើយ​សូម​កើត​មកជា​ខ្មែរ​ម្តងទៀត ហើយ​សូមកុំ​ឲ្យ​ឃ្លាត​ពី​អង្គរ​។ ខ្ញុំ​ធ្វើ​ដោយ​ការទទួលខុសត្រូវ ប្រឡង​នាំមក​នូវ​គុណភាព​ល្អ ខ្ញុំ​នឹងធ្វើ​ដោយ​ចិត្ត​ស្មោះសរ កូន​ខ្មែរ​អនាគត​ល្អជា​តិ​រុងរឿង​»​។ 
 
​នា​ថ្ងៃទី​១៧ ខែកក្កដា​នេះដែរ លោក​រដ្ឋមន្ត្រី​អប់រំ បាន​ណែនាំ​ពី​តួនាទី និង​ភារកិច្ច ទៅ​គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស និង​ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​ច្បាប់  យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។ 
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៩ ខែសីហា​នោះ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន​៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ ចំណែក​មណ្ឌល​ប្រឡង មាន​ចំនួន ២០២ មណ្ឌល (​កើន​៦​មណ្ឌល​)​។  
 
​គួរ​រម្លឹក​ផងដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​សរុប ១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៩៥​មណ្ឌល​។ សិស្ស​ដែលជា​ប់​និទ្ទេស A មាន​ចំនួន​២៩០​នាក់​, និទ្ទេស B មាន​ចំនួន ១,៥៣២​នាក់​, និទ្ទេស​C មាន​ចំនួន ៤,៦៣១​នាក់​, និទ្ទេស D មាន​ចំនួន​១៣,៩៩៩​នាក់ និង​និទ្ទេស​E មាន​ចំនួន ៥៤.៦០៧​នាក់​៕
 
 
 
 

Tag:
 អប្បមាទ​
 ​បាក់​ឌុប​
 ​អប់រំ​
 ​ហង់ ជួន ណា​រ៉ុ​ន​
 Bacll2019
© រក្សាសិទ្ធិដោយ thmeythmey.com