ជាតិ
អគារ​បេតិកភណ្ឌ​៥០​ទីតាំង នឹង​បង្ហាញ​នៅក្នុង​ពិព័រណ៍​រូបភាព នៅ​ខែសីហា​
21, Jul 2019 , 8:59 am        
រូបភាព
 រូបពីលោក ស្រ៊ិន សុខមាន ស្ថាបនិកគេហទំព័រហ្វេសប៊ុក Amazing Cambodia
រូបពីលោក ស្រ៊ិន សុខមាន ស្ថាបនិកគេហទំព័រហ្វេសប៊ុក Amazing Cambodia
​ភ្នំពេញ​៖ រូបថត​អគារ​បេតិកភណ្ឌ​៥០​ទីតាំង នឹងដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍ នា​ថ្ងៃទី​១០​ដល់​១២ សីហា  សម្រាប់​សាធារណជន​ទស្សនា ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​របស់​មហាជន អំពី​អគារ​បេតិកភណ្ឌ​ទាំងឡាយ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ រូបថត​អគារ​បេតិកភណ្ឌ​ទាំងនេះ ត្រូវបាន​ក្រុម​អ្នកជំនាញ ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។​

 
​ស្ថាបនិក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia លោក ស្រ៊ិ​ន សុខ​មាន ដែល​បាន​ចំណាយពេល​ចុះទៅ​ស្រាវជ្រាវ​ទីតាំង​អគារ​បេតិកភណ្ឌ​នៅ​ស្ទើរ​ទូទាំង​កម្ពុជា​បាន​និយាយថា គុណ​តម្លៃ​ដ៏​វិសេស​នៃ​អគារ​បេតិកភណ្ឌ​ទាំងនោះ​ភាគច្រើន ត្រូវបាន​គ្របដណ្ដប់​ជិតឈឹង ដោយសារតែ​ឥទ្ធិពល​កិត្យានុភាព​នៃ​តំបន់​ទេសចរណ៍ ដែល​ល្បីៗ​នៅក្នុង​ខេត្ត​ជាមួយគ្នា​។​


 
​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ជា​អ្នកសារព័ត៌មាន​មួយរូប​ផង​នោះ លោក សុខ​មាន ដែលមាន​វ័យ​២៦​ឆ្នាំ បាន​បន្ថែមថា អគារ​ដែលជា​មរតក​ស្ថាបត្យកម្ម​ទាំងនោះ នៅ​លាក់កំបាំង​ឆ្ងាយ​ពី​ភ្នែក​មហាជន ដោយ​ស្ថិតនៅ​រាយប៉ាយ​ទូទាំងប្រទេស តាំងពី​នៅ​រាជធានី​ភ្នំពេញ រហូតដល់​តំបន់​ជនបទ​ដាច់​ស្រ​យ៉ា​ល​។​


 
​ការងារ​ស្រាវជ្រាវ​ដែល​ចាយ​ពេល​ជាង​១០​ឆ្នាំ ហើយ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទាំងស្រុង​នេះ គឺជា​បំណង​តែមួយគត់​របស់លោក ស្រ៊ិ​ន សុខ​មាន ដែល​ចង់​រួមចំណែក​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ អ្នកស្រាវជ្រាវ និស្សិត​ស្ថាបត្យកម្ម និង​ផលិតករ​ភាពយន្ត​បាន​ស្គាល់ បានដឹង​ពី​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ ជាពិសេស​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​រស់នៅក្នុង​តំបន់​នោះ​ផ្ទាល់​។ បំណង​មួយទៀត​របស់លោក សុខ​មាន គឺ​បណ្ដុះ​ស្មារតី​មោទកភាព​ជាតិ ចំពោះ​យុវជន​ជំនាន់​ក្រោយ ឱ្យ​ចូលរួម​ចែករំលែក​ប្រវត្តិ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អគារ​ដែល​ចាស់​ទ្រុឌទ្រោម ខ្លះ​ត្រូវបាន​បោះបង់ចោល និង​ខ្លះ​ដួលរលំ​ទៅហើយ ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​


 
​បន្ថែម​ពី​ការ​ទស្សនា​រូបថត​អគារ​បេតិកភណ្ឌ​នោះ ក្នុង​ពិព័រណ៍​ក៏មាន​រៀបចំ​ការសម្ដែង​របាំ​ប្រពៃណី ការ​ស្មូត្រ​កំណាព្យ​អំពី​អគារ​បេតិកភណ្ឌ​ដោយ​អតីត​ជ័យលាភី​ស្មូត្រ​កំណាព្យ​លេខ​១​ទូទាំងប្រទេស​។ ការ​ទស្សនា​វីដេអូ​ខ្លី​ដ៏​កម្រ​អំពី​ប្រទេស​កម្ពុជា​ក្នុងសម័យ​សង្គមរាស្ត្រនិយម ការសម្ដែង​ទម្រង់​ល្ខោនបាសាក់​ទោល​របស់​លោកតា ពៀក ចា​ប៉ិច មរតក​មនុ​ស្សរស់ រួមទាំង​មាន​តន្ត្រី​ទំនើប​នៅ ទសវត្សរ៍​ទី ៦០ និង​៧០ រាំលេង​កម្សាន្ត​ផងដែរ​។​
 
​ចំពោះ​វិភាគទាន ដែល​លោក ស្រុិន សុខ​មាន ទទួលបាន​ពី​តាំង​ពិ​រណ៍​នោះ លោក​នឹង​យកទៅ​ទ្រទ្រង់​ក្នុងការ​ស្រាវជ្រាវ និង​រៀបចំ​ចងក្រង​បោះពុម្ព​ឯកសារ​ស្ដីពី​ស្ថាបត្យកម្ម​បេតិកភណ្ឌ​។ ហើយ​មួយចំណែក​ទៀត​នឹង​យកទៅ​ជូន​លោកតា ពៀក ចា​ប៉ិច ដែល​កំពុង​ជួបប្រទះ​ភាពខ្វះខាត​ក្នុង​វ័យ​ជរា​នោះ​។ 
 
​កម្មវិធី​តាំងពិព័រណ៍​នឹង​ប្រារព្វ​ឡើង​នៅ​វិចិត្រសាល​ក្បាច់ ក្នុង​បរិវេណ​មជ្ឈមណ្ឌល Factory Phnom Penh ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ (​ទល់មុខ​វត្ត​ចាក់អង្រែលើ​)៕
 

Tag:
 ​រូបថត​
  ពិព័រណ៍​
  បេតិកភណ្ឌ​
  សិល្បៈ​
  អគារ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com