ជាតិ
ប្រភពធនធាន​សេ​នេ​ទិ​ក​ព្រៃឈើ ធ្នង់ ច្រេស និង​សុ​ក្រម ១៧០​ហិកតា​នៅ​កំពង់ធំ ត្រូវបាន​អភិរក្ស​
21, Jul 2019 , 10:51 am        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​អំពី​ការកំណត់​ទីតាំង​អភិរក្ស​ប្រភពដើម​ធនធាន​សេ​នេ​ទិ​ក​ព្រៃឈើ ប្រភេទ​ឈើ​ធ្នង់ ច្រេស និង​សុ​ក្រម លើ​ផ្ទៃដី​១៧០​ហិកតា នៅ​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

 
​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​បញ្ជាក់ថា ប្រកាស​នេះ មាន​គោលបំណង​កំណត់​ទីតាំង ការពារ និង​អភិរក្ស​ប្រភពដើម​ធនធាន​សេ​នេ​ទិ​ក​ព្រៃឈើ ប្រភេទ​ធ្នង់ ច្រេស និង​សុ​ក្រម ឲ្យ​បាន​គង់វង្ស​។ គោលបំណង​សំខាន់ គឺ​ដើម្បី​ការពារ និង​ប្រភេទ​ព្រៃឈើ​ទាំងនេះ ក្នុង​តំបន់​ប្រព័ន្ធ​អេកូឡូស៊ី​ដើម​។​
 
​បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល មាន​គោលដៅ​ទប់ស្កាត់​សកម្មភាព​បទល្មើស បង្កើន​គុណភាព​ពូជ (Genetic Quality)  ក៏ដូចជា​ការលើកទឹកចិត្ត និង​លើកកម្ពស់​ស្មារតី​ចូលរួម​ពី​ពលរដ្ឋ ជាពិសេស​សហគមន៍​មូលដ្ឋាន​ក្នុងការ​ការពារ និង​អភិរក្ស​ប្រភេទ​ឈើ​ធ្នង់ ច្រេស សុ​ក្រម និង​ប្រភេទ​ឈើ​ផ្សេងទៀត​។​

 
​រដ្ឋមន្ត្រី​បរិស្ថាន ក៏បាន​បញ្ជាក់​ទៅ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ ក្នុងការ​បំពេញភារកិច្ច​សិក្សា​ស្រាវជ្រាវ ផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​ការគ្រប់គ្រង​ពី​ការងារ​ថែរក្សា ការពារ ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ផ្សេង​អភិរក្ស​ផ្សេងៗ ក្នុង​ដែន​អភិរក្ស​ដែល​ក្រសួងបរិស្ថាន​បានកំណត់​ខាងលើ​។ រីឯ​មន្ទីរ​បរិស្ថាន មាន​ភារកិច្ច​គ្រប់គ្រង អភិរក្ស និង​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​៕
 
 

Tag:
 ខេត្តកំពង់ធំ​
  អភិរក្ស​
  ធ្នង់​
  ច្រេស​
  សុ​ក្រម​
© រក្សាសិទ្ធិដោយ thmeythmey.com