កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៤០ឆ្នាំ Pacquiao បំបាក់ Thurman ឲ្យស្គាល់ចាញ់លើកដំបូងក្នុងអាជីព
× Manny Pacquiao បានយកឈ្នះ Keith Thurman ដោយពិន្ទុ ក្រោយការប្រកួត១២ទឹកពេញ នាជំនួបដណ្តើមខ្សែក្រវាត់ WBA Super Welterweight នៅសង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ ចៅក្រមពីររូបបានផ្តល់ពិន្ទុ ១១៥-១១២ សម្រាប់ Pacquiao រីឯចៅក្រមទីបី ផ្តល់ ១១៤-១១៣ សម្រាប់ Thurman។
Pacquiao ក្លាយជាម្ចាស់ខ្សែក្រវាត់ WBA Supr Welterweight ដែល Thurman បានគ្រប់គ្រងតាំងពីឆ្នាំ២០១៥ មក ហើយនេះក៏ជាខ្សែក្រវាត់ទី១៣លំដាប់ពិភពលោករបស់ស្តេចប្រដាល់ហ្វីលីពីនរូបនេះផងដែរ។
សម្រាប់ការប្រកួតកន្លងមក Keith Thurman អាយុ៣០ឆ្នាំ ជាកីឡាករមិនដែលមានប្រវត្តិចាញ់ទាល់តែសោះ ដោយឈ្នះទាំង២៩ប្រកួត ដែលក្នុងនោះដៃគូសន្លប់មាន២២លើក។ កាលពីដើមឆ្នាំ Thurman បានយកឈ្នះមិត្តរួមជាតិអាមេរិក Josesito Lopez ដោយពិន្ទុជាឯកច្ឆ័ន្ទ។
ក្នុងវ័យ៤០ឆ្នាំ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao មានប្រវត្តិប្រកួតឈ្នះ៦១លើក ចាញ់៧លើក និងស្មើ២លើក ក្នុងនោះវាយឲ្យដៃគូសន្លប់៣៩លើក។ កាលពីដើមឆ្នាំ Pacquiao ក៏បានយកឈ្នះកីឡាករអាមេរិក Adrien Broner ក្រោយការប្រកួត១២ទឹកពេញផងដែរ។
នេះជាការបង្ហាញខ្លួននៅសង្វៀន MGM Grand លើកទី១៦ របស់ Pacquiao បន្ទាប់ពីរូបគេវាយ១៥លើក ឈ្នះ១០ ចាញ់៤ និងស្មើ១ ផ្តួលដៃគូឲ្យសន្លប់៤លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com