Matsushima អាច​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Nguyen នៅ​សង្វៀន ONE: DAWN OF HEROES
កីឡាជាតិ
ជាតិ
Matsushima អាច​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Nguyen នៅ​សង្វៀន ONE: DAWN OF HEROES
21, Jul 2019 , 5:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នេះ​ជាការ​រង់ចាំ​រយៈពេល ១ ឆ្នាំ​ទើប​ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន Koyomi Matsushima ឬ  «Moushigo» បាន​ជួប​គូប្រកួត​ដែល​គេ​ទន្ទឹង​ជា​យូរ​មកហើយ​។ នៅ​សង្វៀន ONE: DAWN OF HEROES ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន Matsushima ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​លំដាប់​ពិភពលោក Martin Nguyen ដែលមាន​រហស្សនាម «The Situ-Asian» ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Featherweight World Title នៅ​ថ្ងៃទី​២ ខែសីហា នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។



​បុរស​វ័យ ២៦ ឆ្នាំ​មកពី Yokohama តតាំង​នឹង «The Situ-Asian» នៅ​ទីលាន Mall Of Asia Arena ប្រទេស​ហ្វីលីពីន បន្ទាប់ពី​រូបគេ​ទទួលលទ្ធផល​ល្អ​ដោយ​ផ្ដួល​ប្រុស​ស្អាត​មកពី​កូរ៉េខាងត្បូង Kwon Won Il នៅ​ទឹក​ទី​៣ នាពេល​កន្លងទៅ​។ 
 
​យ៉ាងណាក្ដី Matsushima ជឿជាក់ថា​គេ​សម​នឹង​ទទួល​ការប្រកួត​ដ៏​សំខាន់​នេះ​បន្ទាប់ពី​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE ពេល​វាយ Marat “Cobra” Gafurov អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Featherweight World Champion ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​។ នាពេល​កន្លងទៅ ដោយសារតែ​របួស​រៀងៗ​ខ្លួន «Moushigo» និង «The Situ-Asian» ត្រូវបាន​ពន្យារពេល​ជំនួប​គ្នា ប៉ុន្តែ​លើក​នេះ​គេ​ជឿថា​វា​ជា​គូ​ដ៏​ជក់ចិត្ត​បំផុត​មួយ​។ «Moushigo» បាន​ចំណាយពេល​ព្យាបាល​ដៃ​ដែល​បាក់​ពេល​ប្រកួត​ទល់នឹង Gafurov ហើយ​គេ​មាន​ពេល​ច្រើន​ដើម្បី​សំលៀង​ក្បាច់គុន និង កសាង​ទំនុកចិត្ត​ដ៏​ល្អ​ទៅ​ថ្ងៃ​ខាងមុខ​។ «Moushigo» ថ្លែង​បែបនេះ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​រីកចម្រើន​ដោយសារ​ក្ដី​ស្រលាញ់​។ ខ្ញុំ​នៅមាន​អារម្មណ៍​ដក់​ជាប់​ពេល​វ៉ៃ​ជាមួយ Gafurov​។ យ៉ាងណាក៏ដោយ ខ្ញុំ​មាន​លក្ខណៈ​ល្អប្រសើរ ពេល​ហាត់​រាល់ថ្ងៃ​។ ខ្ញុំ​ពិតជា​ខ្លាំង​ជាង​កាល ១ ឆ្នាំមុន​»​។ 
 
​កីឡាករ​វ័យ ២៦ ឆ្នាំ​បន្តទៀតថា ៖«​ខ្ញុំ​នៅ​ផ្លូវ​វែងឆ្ងាយ​ទៀត ព្រោះ​មិនទាន់​ដល់​ចំណុចកំពូល​នៅឡើយ​ទេ​។ ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅមុខ​កាន់តែខ្លាំង​ឡើងៗ​។ ការពិត​ណាស់ ខ្ញុំ​រំពឹងថា​កាន់តែ​រឹងមាំ មុនពេល​ការប្រកួត​មកដល់​»​។ នេះ​ជា​ជំនួប​ដ៏​ធំ​នៅក្នុង​អាជីព​លើស​ង្វៀន ONE: DAWN OF HEROES​។ 
 
​ចំណែក​ជើង​ខ្លាំង Nguyen មានកំណត់​ត្រា​ដ៏​អស្ចារ្យ​នៅលើ​សង្វៀន ONE ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង អាច​ថា​ល្អ​ជាង​កីឡាករ​ណាៗ​ទាំងអស់​។ នេះ​ជា​ហេតុផល​មួយ​ដែល កូនកាត់​វៀតណាម​អូស្ត្រាលី បាន​ក្លាយជា​គោលដៅ​ទី​១ ដែល Matsushima ចង់​ជួប​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។ កីឡាករ​ដែលមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​កា​រ៉ា​តេ​ដូ​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​គេ​ជា​កីឡាករ​ដែល​គ្រប់គ្រង​ខ្សែក្រវាត់​២ ស្ថាប័ន​។  លើ​ដំបូង​ដែល​ខ្ញុំ​បានឃើញ គេ​ប្រកួត ពេល Nguyen ជួប Christian Lee​។ ពេល​ខ្ញុំ​ទទួលបាន​កិច្ចសន្យា​នៅ ONE​។ ខ្ញុំ​ត្រូវតែ​តាមដាន​។ ទីបំផុត ខ្ញុំ​អាច​ជួប​គូប្រកួត​ខ្លាំង​ដែល​ខ្ញុំ​ត្រូវការ​» ។ អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន Pancrase ISM Yokohama បាន​សារភាពថា «The Situ-Asian’s» មាន​ក្បាច់​សម្លាប់​គ្រប់ពេលវេលា ជាពិសេស​ក្បាច់​សម្លាប់​ដៃស្ដាំ​ដែល​គ្រប់គ្នា​សុទ្ធតែ​ខ្លាចរអា​។​


 
​អ្នកស្រុក Yokohama សង្កត់ធ្ងន់​បែបនេះ ៖«​ខ្ញុំ​ត្រូវតែ​ការពារ​ឲ្យ​បាន​ចំពោះ​ការ​វ៉ៃ​ចេញ​របស់​គូប្រកួត​។ អ្វីដែល​ជាពិសេស ខ្ញុំ​មិនត្រូវ​បង្កើត​ចន្លោះ​ឲ្យ​គេ​វ៉ៃ​បានទេ​។ បើ​វា​មិនអាច​បញ្ឈប់​បាន ខ្ញុំ​គិតថា​អាច​ប្រើ​ជំហរ​ដេក ឬ លៃ​យ៉ាងណា​ដើម្បី​ទប់ទល់​រូបគេ​»​។ ដោយសារ​ការហ្វឹកហាត់​ក្បាច់​កា​រ៉ា​តេ​ដូ​មាន​កម្រិត​ខ្ពស់ Matsushima នឹង​ព្យាយាម​បញ្ចប់​កូនកាត់​វៀតណាម​-​អូស្ត្រាលី​នៅ​ទឹក​ណាមួយ​។ Matsushima នឹង​ផ្ដល់​មេរៀន​ដល់ Nguyen ក្នុង​អាជីព​ដែល​លំបាក​បំផុត​។ 
 
​អ្នកលេង​គុន​ចម្រុះ​មកពី​ក្លិប Pancraseism Yokohama គូសបញ្ជាក់ថា​៖«​ខ្ញុំ​ហាត់​រាល់ថ្ងៃ គឺ​ខ្ញុំ​ចង់​ឲ្យ​រឿងរ៉ាវ​កើតឡើង​ពិតប្រាកដ​។ ខ្ញុំ​គិត​ច្រើន មិនទាន់​ដឹងថា ឈ្នះ​ដោយ​សន្លប់ ឬ យ៉ាងណាទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឈ្នះ​គ្រប់​ក្បាច់​ដែលមាន ឬ ឈ្នះ​ដោយ​សន្លប់​។ ខ្ញុំ​ពង្រឹង​ក្បាច់គុន​របស់ខ្ញុំ ដែល​អាច​ប្រើ​បាន​ទាំង​កា​រ៉ា​តេ​ដូ ឬ ចំបាប់​»​។


 
«Moushigo» មាន​ទំនុកចិត្ត​ថា​ទាំង​កា​រ៉ា​តេ​ដូ ឬ ចំបាប់​អាច​ប្ដូរ​ឲ្យ​គូប្រកួត​តឹងតែង​គ្រប់​វិនាទី​។ បើសិន​មិនអាច​ធ្វើបាន​ចំពោះ​ក្បាច់​ទាំងពីរ គឺ​មានតែ​ប្ដូរ​ក្បាច់​ជើង និង អាច​ផ្ដួល Nguyen ទៅ​ក្ដារ​រេញ ហើយ​គ្រប់គ្រង​ការ​វ៉ៃ​ពី​ខាងលើ​វិញ​។ 
 
​បែបណាក៏ដោយ «Moushigo» អះអាងថា Nguyen ជា​កីឡាករ​ខ្លាំង​ម្នាក់​កំពុង​គ្រង​ខ្សែក្រវាត់​ពិភពលោក​ដែល​មិន​ងាយស្រួល​ទេ​ពេល​ជួបគ្នា​។ កីឡាករ​ជប៉ុន​ទទួលស្គាល់ថា វា​នឹង​ក្លាយជា​គូប្រកួត​ដ៏​ជូរចត់ និង ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ ទន្ទឹមគ្នា​នោះ «Moushigo» ផ្ញើ​សារ​បញ្ឈឺ​ទៀតថា​៖«​សូមជួយ​ជួយ​រៀបចំ​យក​ខ្សែក្រវាត់​ឲ្យ​ខ្ញុំ​ផង​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com