ជាតិ
សង្គមជាតិ
សម្តេច ប៊ុន រ៉ានី៖«ក្មួយៗ កត់លេខឡានឲ្យមីង បើឡានឈប់លើគំនូសដើរ ហើយមិនព្រមថយ»
× សម្តេច ប៊ុន រ៉ានី ភរិយារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា ធ្លាប់ឃើញអ្នកជិះរថយន្តទំនើបមួយចំនួន មិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ដោយសម្តេច បានលើកយកករណីមួយមកបង្ហាញថា ពេលទៅដល់ស្តុបចរាចរណ៍ ម្ចាស់រថយន្តទាំងនោះ បានឈប់លើគំនូសសម្រាប់អ្នកដើរ។ សម្តេច បានសរសើរយុវជនកាកបាទក្រហម តាមស្តុបចរាចរណ៍ ដែលបានជួយសម្រួលចរាចរណ៍ និងតែងព្យាយាមសុំឲ្យម្ចាស់រថយន្តទាំងនោះ ថយក្រោយ កុំឲ្យឈប់លើគំនូសសម្រាប់អ្នកដើរ ដោយពេលខ្លះ ត្រូវលើកដៃសំពះទៀតផង។
សម្តេច ប៊ុន រ៉ានី សង្កេតឃើញថា មានម្ចាស់រថយន្តខ្លះ ផ្តល់តម្លៃដល់យុវជនកាកបាទក្រហម និងថយរថយន្តតាមសំណូមពរ តែក៏មានម្ចាស់រថយន្តខ្លះ បានមើលស្រាលលើយុវជនកាកបាទក្រហម ហើយមិនព្រមថយរថយន្តចេញពីគំនូសសម្រាប់អ្នកដើរឡើយ។ ប្រធានកាកបាទក្រហមកម្ពុជា ប្រាប់យុវជនរបស់ខ្លួនដូច្នេះថា៖«បើគេមិនថយ សុំឲ្យក្មួយកត់ [ស្លាក] លេខឡានឲ្យមីង។ តាំងពីនុ៎ងមក ដូចរៀងអន់ដែរតើ។ ទោះអ្នកឯងមានឡានស្អីក៏ដោយ ទំនើបក៏ដោយ គួរតែគោរពក្មួយៗ គួរតែខ្មាសក្មួយៗ»។
សំឡេង
ការថ្លែងរបស់សម្តេច ប៊ុន រ៉ានី គឺធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងពិធីនោះ សម្តេច បានជំរុញយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហម ដែលសម្រាកពីការសិក្សា ឲ្យបន្តជួយចូលរួមសម្រួលចរាចរណ៍តាមស្តុបនានា៕
Tag:
ប៊ុន រ៉ានី
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com