កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គា​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​លើកដំបូង ខណៈ​ជើងឯក​រង និង​លេខ​៣​ឆ្នាំ​ចាស់ សុទ្ធតែ​ហាលអាវ​ដូចគ្នា​
21, Jul 2019 , 7:59 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយគីរីវង់សុខសែនជ័យ
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយគីរីវង់សុខសែនជ័យ
ដោយ:
​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩ បាន​រកឃើញ​ក្រុម​ទាំង​៨ ដើម្បី​ឡើងទៅ​កាន់​វគ្គ​១/៤ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទាំងពីរ​ជើង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ណាហ្គា​វើ​ល ស្ថិតក្នុង​ចំណោម​ក្រុម​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​៧​ផ្សេងទៀត ដែល​បាន​ហាលអាវ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

 
​តាំងពី​បង្កើត​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំ​២០០៧ ឆ្នាំនេះ​ជា​កំណត់ត្រា​អាក្រក់​បំផុត​សម្រាប់​ណាហ្គា​វើ​ល ដែល​ធ្លាក់​ត្រឹម​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ទាំងពីរ​ជើង ២-១​។ កន្លងមក​កំណត់ត្រា​ទាប​បំផុត​សម្រាប់​ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៨​មួយ​នេះ គឺ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ពីរលើក​នៅ​ឆ្នាំ​២០០៨ និង ២០១៦​។ 
 
​សម្រាប់​ការចូលរួម​១២​លើក​កន្លងមក ក្រុម​ណាហ្គា​វើ​ល​បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​៦​លើក និង​ធ្លាប់​ឈ្នះ​ជើងឯក​ម្តង​នៅ​ឆ្នាំ​២០១៣ ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ​ដោយ​បាល់​កាត់សេចក្តី ៥-៣ ខណៈ​៥​លើក​ទៀត​បាន​ត្រឹម​ជើងឯក​រង​។ ជាមួយគ្នានេះ ណាហ្គា​វើ​ល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​មួយ​លើក និង​លេខ​៤​ពីរលើក​។ 
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ម្ចាស់​ជើងឯក​ឆ្នាំ​២០១៤ និង​រង​ឆ្នាំ​ចាស់ ក៏​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ផងដែរ បន្ទាប់ពី​ចាញ់​ក្រុម​វិសាខា​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ១០-០​។ បន្ថែម​លើ​នេះ ប៉ូលិស​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​មួយ​លើក និង​លេខ​៤​មួយ​លើក​។ ក្រៅពី​ក្រុម​ទាំងពីរ អាស៊ី​អឺរ៉ុប អគ្គិសនី​កម្ពុជា កំពង់ចាម ខេត្ត​ត្បូងឃ្មុំ សៀមរាប និង​រតនគិរី ក៏បាន​ហាលអាវ​ដែរ​។   
 
​ក្រុម​ទាំង​៨ ដែល​ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​១/៤​រួមមាន​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន សូល​ទី​ឡូ​អង្គរ វិសាខា និង​គីរីវង់​សុខ​សែន​ជ័យ​។ បើតាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា ការចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​រៀបចំ​នៅ​ថ្ងៃទី​២៤ កក្កដា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។   
 
​បឹងកេត​បាន​ទម្លាក់​ក្រុម​លេខ​២​ថ្នាក់​ខេត្តសៀមរាប​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៩-០ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អគ្គិសនី​យ៉ាង​ប្រផិតប្រផើយ ៣-២​។ ចំណែក​ភ្នំពេញ​ក្រោ​ន​លត់​កំពង់ចាម ២៤-0 ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ទម្លាក់​ត្បូងឃ្មុំ​ជាមួយ​ជ័យជម្នះ ៧-១ រីឯ​គីរីវង់​សុខ​សែន​ជ័យ​ទម្លាក់​ណាហ្គា​វើ​ល ២-១ ស្របពេល​ក្រសួងការពារជាតិ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៦-៣​។ ដោយឡែក​វិសាខា​ទម្លាក់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១០-០ និង​សូល​ទី​ឡូ​អង្គរ​យកឈ្នះ​រតនគិរី ១៥-៦៕  
 
 

Tag:
 Hun Sen Cup 2019
  ឆាំង ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com