ជាតិ
លោក ស៊ុន ចាន់ថុល បញ្ជាឲ្យថ្នាក់ក្រោម កុំភ្ជាប់បណ្ដាញលូ ឲ្យសំណង់ខុសច្បាប់ 
×![]()
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីខេត្ត មិនត្រូវអនុញ្ញាតឲ្យសំណង់ខុសច្បាប់ មានប្រព័ន្ធលូសាធារណៈប្រើប្រាស់នោះឡើយ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ខែកក្កដា។
លិខិតខាងលើនេះ ឲ្យដឹងដូច្នេះថា៖«ក្រសួងសង្កេតឃើញថា សំណង់មួយចំនួន មិនមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវ ហើយបានតភ្ជាប់ចូល និងប្រើប្រាស់បណ្ដាញលូសាធារណៈរបស់រាជធានីខេត្ត ដោយគ្មានការត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវឡើយ»។
ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដើម្បីអនុវត្តវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ លោក ស៊ុន ចាន់ថុល បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួន។ វិធានការទាំងនោះមានដូចជា មិនត្រូវអនុញ្ញាតឲ្យសំណង់ទាំងអស់ ដែលគ្មានច្បាប់អនុញ្ញាត តភ្ជាប់ និងប្រើប្រាស់បណ្ដាញលូសាធារណៈឡើយ, ត្រូវពិនិត្យតាមដានឡើងវិញ នូវការស្នើសុំតភ្ជាប់ និងប្រើប្រាស់បណ្ដាញលូសាធារណៈ ជាដើម។
គួរបញ្ជាក់ថា បន្ទាប់ពីមានករណីរលំអគារនៅខេត្តព្រះសីហនុនោះមក រដ្ឋាភិបាលបានព្យាយាមដាក់ចេញវិធានការជាបន្តបន្តាប់ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ណាមួយ និងពង្រឹងវិស័យសំណង់ ឲ្យមានការគោរពច្បាប់ត្រឹមត្រូវ៕
Tag:
សំណង់
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com