ពីនេះ ពីនោះ
សុភាសិត«ចិត្តជាទេវទត្ត មាត់ជាទេវតា»៖ ពេលខ្លះ និយាយល្អ តែធ្វើអាក្រក់…!
× ភ្នំពេញ៖ ដោយពិនិត្យឃើញថានៅក្នុងតថភាពសង្គមមានមនុស្សមួយចំនួននិយាយផ្សេងធ្វើផ្សេង ជាពិសេស គឺភាសាដែលគេនិយាយស្ដាប់ទៅបង្ហាញថាគាត់ជាមនុស្សល្អ ប៉ុន្តែ ការអនុវត្តជាក់ស្ដែងបែរជាអាក្រក់ទៅវិញ ទើបបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា«ចិត្តជាទេវទត្ត មាត់ជាទេវតា»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? តើវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
ដើម្បីមានភាពងាយស្រួលក្នុងការយល់ដឹងលើការបកស្រាយសុភាសិតខាងលើ អ្នកអានគប្បីស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យគន្លឹះទី១ «ទេវទត្ត» គឺជាឈ្មោះភិក្ខុមួយអង្គ ជាព្រះអនុជអយ្យិកាមួយ ដែលត្រូវជាជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ) ទេវទត្តនេះក្រោយពីបានបួសយូរបន្តិចមក ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ ខំប្រឹងព្យាយាមប៉ុនប៉ងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណងទេ ទីបំផុត ទេវទត្តនេះត្រូវព្រះធរណីស្រូបខ្លួនយកទៅ។
«ទេវតា» គឺភាវអធិធម្មជាតិ ឬជាតួអង្គសន្មត ដែលមនុស្សយល់ថាជាប្រភេទភាវៈខ្ពស់បំផុតរស់នៅស្ថានសួគ៌ មានចិត្តល្អ មានកុសលខ្ពស់បំផុត ខ្លាំងពូកែលើសគេ មានបញ្ញាលើសគេ មានតួនាទីជាអ្នកបង្កើតនិងគ្រប់គ្រងចក្រវាល ធម្មជាតិ និងជាអ្នកជួយសង្គ្រោះមនុស្សលោក សត្វ និងធម្មជាតិ។
តាមន័យត្រង់ «ចិត្តជាទេវទត្ត មាត់ជាទេវតា» មានន័យថា ចិត្តអាក្រក់ប្រហែលនឹងចិត្តរបស់ទេវទត្ត ប៉ុន្តែសម្ដីដែលចេញពីមាត់បែរជាទន់ភ្លន់ ផ្អែមពីរោះគួរឱ្យទុកចិត្តថាពិតប្រាដកជាចិត្តល្អដូចជាទេវតា។
ក្នុងន័យធៀប «ទេវទត្ត» តំណាងឱ្យមនុស្សអាក្រក់ «ទេវតា» តំណាងឱ្យមនុស្សល្អ ហេតុដូច្នេះ «ចិត្តជាទេវទត្ត មាត់ជាទេវតា» សំដៅយកសំដីរបស់មនុស្សមិនស្មោះត្រង់ មនុស្សមានល្បិច ខូច មនុស្សលាក់ពុត មនុស្សមានបំណងមិនល្អ ដែលបានព្យាយាមប្រើប្រាស់សម្ដីលួងលោមដោយពាក្យពេចន៍ពីរោះ ផ្អែមល្ហែម ដើម្បីលាក់បាំងនូវគំនិតអាក្រក់ និងបំណងអាក្រក់របស់ខ្លួន។ ប៉ុន្តែ តាមពិត នៅពីក្រោយខ្នងឬតាមផ្លូវងងិត មនុស្សបែបនេះបែរជាបានប្រើអំពើអាក្រក់ដើម្បីផ្ដួលរំលំ និងកេញប្រវញ្ចលើមិត្តភក្ដិ អ្នកជិតខាង ដៃគូជំនួញ និងគូប្រជែងខាងនយោបាយ ជាដើម។
ខ្លឹមសារអប់រំនៅក្នុងសុភាសិតនេះ ចង់អប់រំពលរដ្ឋខ្មែរ ជាពិសេស យុវជនខ្មែរឱ្យយល់ថា ការវាយតម្លៃភាពល្អ ឬភាពអាក្រក់របស់មនុស្សណាម្នាក់ ឬក្រុមណាមួយ ទោះបីជាមនុស្សធម្មតា អ្នកជំនួញ អ្នកជំនាញ ឬអ្នកនយោបាយក៏ដោយ មិនអាចផ្អែកតែទៅលើសម្ដី ការលួងលោម ការឃោសនា ការបញ្ចុះបញ្ចូល ឬការសន្យាតែមួយមុខទេ ប៉ុន្តែ ក៏ត្រូវផ្អែកលើទង្វើ សកម្មភាព និងការអនុវត្តជាក់ស្ដែងផងដែរ ដើម្បីវាស់វែងឱ្យដឹងថាតើសម្ដីឬការសន្យានោះពិតឬមិនពិត។ បើពុំដូច្នោះទេ យើងអាចនឹងត្រូវមនុស្សអាក្រក់ និងមនុស្សខិលខូចបោកប្រាស់យើង ហើយយើងក្លាយជាជនរងគ្រោះដោយសារសម្ដីផ្អែម ឬការសន្យាខ្យល់ទាំងនោះ៕
ដោយសាស្ត្រាចារ្យ ឈត ប៊ុបថង
© រក្សាសិទ្ធិដោយ thmeythmey.com