ភ្នំពេញ៖ Thmeythmey.com និង CFI ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានវ័យក្មេងនៅថ្ងៃពុធទី២៤ឆ្នាំ២០១៩ស្អែកនេះតទៅ។ អ្នកសារព័ត៌មានវ័យក្មេងចំនួន១៥នាក់ មកពី១២ស្ថាប័ន នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិកនៅថ្ងៃទី២៤-២៦ ខែកក្កដាខាងមុខនេះ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេងទាំង១៥រូប នឹងទទួលបានចំណេះដឹងពីរបៀបសរសេរ, របៀបចាប់មុំ, គំនិតប្រធានបទ, សុវត្ថិភាពអនឡាញ រួមទាំង ក្រមសីលធម៌ផងដែរ។
ក្នុងន័យពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI (Canal France International), ក្រោមគម្រោង«ព័ត៌មានទន្លេមេគង្គ» (Mekong News), ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងបើកវគ្គបណ្ដុះបណ្ដាលស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ) នៅចុងខែកក្កដានេះនៅទីក្រុងភ្នំពេញ។
អ្នកសារព័ត៌មានវ័យក្មេងទាំង១៥រូប មកពីស្ថាប័នចំនួន ១២រួមមាន វិទ្យុFM102, វិទ្យុបាយ័ន, វិទ្យុអាស៊ីអាគ្នេយ៍, មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, សារព័ត៌មានអេឡិចត្រូនិកថ្មីៗ, សារព័ត៌មានផ្កាឈូក, គេហទំព័រសប្បាយ, BigK Films, VEHA Media, Proraman, Propertyarea និងគេហទំព័រ The Intercon Rooster។
វគ្គពិសេសនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤, ២៥ និង២៦ខែកក្កដានេះ ដោយផ្តោតលើរបៀបសរសេរ, របៀបចាប់មុំ, គំនិតប្រធានបទ, របៀបធ្វើសេចក្តីរាយការណ៍សម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ), ភាពប្រយ័ត្នប្រយែងចំពោះសុវត្ថិភាពអនឡាញ, ការប្រើប្រាស់រូបភាព និងក្រមសីលធម៌។
ក្រោយការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីស្ថាប័ន CFI និង thmeythmey.com។ សាស្ត្រាចារ្យក្នុងវគ្គសិក្សានេះ គឺជនជាតិបារាំង និងខ្មែរ។ គម្រោងបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងអឺរ៉ុប និងកិច្ចការបរទេសនៃសាធារណៈរដ្ឋបារាំង។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងធំរបស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះមាន៖ កម្ពុជា មីយ៉ាន់មា ឡាវ និងវៀតណាម នៅក្នុងតំបន់មេគង្គ៕