ជាតិ
ព្រំដែន
កម្ពុជា​-​វៀតណាម បោះបង្គោល​ព្រំដែន​បាន​៨៤​ភាគរយ​ហើយ និង​ប្តេជ្ញា​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​
22, Jul 2019 , 2:22 pm        
រូបភាព
សកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី )
សកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី )
ដោយ: ថ្មីៗ
​មកដល់ពេលនេះ ការងារ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម សម្រេចបាន​៨៥​ភាគរយ​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​ក្រោយពី​លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម បានបញ្ចប់​កិច្ចប្រជុំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការពិគ្រោះ​យោបល់​នយោបាយ​រវាង​ក​ម្ពុ​ជា​-​វៀតណាម​លើក​ទី​៨​។


 
​កម្ពុជា​-​វៀតណាម ជឿជាក់ថា ឯកសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ទាំងនេះ នឹងត្រូវ​រៀបចំ​ឲ្យ​រួចរាល់​សម្រាប់​ចុះហត្ថលេខា ក្នុងអំឡុង​ឆ្នាំ​២០១៩​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​ជាថ្មី​ថា ខិតខំ​ព​ន្លឿ​ន​ការរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​១៦​ភាគរយ ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​តាម​កេរ្តិ៍តំណែល​មិន​កែប្រែ​»​។ 
 
​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មិនអាច​សន្និដ្ឋានបាន​ទេ​ថា ការងារ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន នឹងត្រូវ​បញ្ចប់​នៅពេលណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ចរចា​គ្នា​។ បើ​យើង​មិន​ព្រម​ត្រង់ចំណុច​ណា គឺ​ត្រូវ​ចរចា​ទៀត ហើយ​គេ ក៏​អាច​មិន​យល់ព្រម​ដែរ​។ អ៊ីចឹង​មិនអាច​កំណត់ថា​ចប់​ពេលណា​ទេ​»​។​
 
​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រូបនេះ អះអាងថា ឧបសគ្គ​ធំ​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​-​វៀតណាម លំបាក​ក្នុង​ការសម្រេច​កិច្ចការ​ព្រំដែន គឺ​បញ្ហា​ច្បាប់​អន្តរជាតិ​។ លោក បកស្រាយ មុននឹង​ភាគី​ទាំងពីរ យល់ព្រម​ជាមួយគ្នា​លើ​ចំណុច​ណាមួយ គឺ​ត្រូវ​ស្រប និង​ធ្វើទៅ​តាមច្បាប់​អន្តរជាតិ​៕  
 

Tag:
 កម្ពុជា​-​វៀតណាម​
  ព្រំដែន​
  វ៉ា គឹមហុង
© រក្សាសិទ្ធិដោយ thmeythmey.com