រថយន្ត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហិច្ឆតា​ផលិត​រថយន្ត​អគ្គិសនី​របស់​ថៃ ទាក់​អារម្មណ៍​ក្រុមហ៊ុន​ផលិត​ឡាន​បរទេស​ជាច្រើន​
22, Jul 2019 , 7:39 pm        
រូបភាព
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Honda ក្នុងខេត្ត Prachin Buri ភាគកណ្តាលនៃប្រទេស ថៃ (កាសែតបាងកកប៉ុស្តិ៍)
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Honda ក្នុងខេត្ត Prachin Buri ភាគកណ្តាលនៃប្រទេស ថៃ (កាសែតបាងកកប៉ុស្តិ៍)
ដោយ:
​មកទល់នឹង​ពេលនេះ វា​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ ចាប់តាំងពី​រដ្ឋាភិបាល​ថៃ បាន​ដាក់ចេញ​មហិច្ឆតា​ផលិត​រថយន្ត​អគ្គិសនី​ក្នុងស្រុក​។ គម្រោង​នេះ ទទួលបាន​ពាក្យស្នើសុំ​វិនិយោគ​ប្រមាណ ២០ ទៅ ៣០ ពី​ក្រុមហ៊ុន​បរទេស​ធំៗ​ជាច្រើន ដែល​ផ្តោតលើ​ការបើក​រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​ផលិត​ផ្នែក​រថយន្ត​សំខាន់ៗ និង​ស្ថានីយ៍​សាក​អាគុយ​រថយន្ត​អគ្គិសនី​ជាដើម​។​


 
​នៅ​ថ្ងៃ​ចន្ទ ទី​២២ កក្កដា អគ្គនាយក ន​គណៈ​វិនិយោគ​ថៃ (BoI) លោកស្រី Duangjai Asawachintachit បានបញ្ជាក់​ឲ្យ​ដឹងថា ភ្នាក់ងារ​លោកស្រី បានអនុម័ត​គម្រោងរ​ថយ​ន្ត​អគ្គិសនី​ចំនួន​៩ សម្រាប់​សាងសង់​រោងចក្រ​ដំឡើងរ​យន្ត​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១,៦៥​ពាន់​លាន​ដុល្លារ ។ ផែនការ​ទាំងនេះ គឺ​រាប់បញ្ចូល គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid ចំនួន ៤, គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid Plug-in ចំនួន ៤ និង​គម្រោង​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ​ចំនួន ១​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ ក្រុមហ៊ុន Toyota និង Honda បានចាប់ផ្តើម​ផលិតកម្ម​របស់ខ្លួន​ក្នុងប្រទេស​ថៃ​សម្រាប់​គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid ខណៈ​ក្រុមហ៊ុន Mercedes-Benz និង BMW បានដាក់​ស្នើសុំ​ការគាំទ្រ​ផ្នែក​គោលនយោបាយ​ពី​រដ្ឋាភិបាល​ថៃ សម្រាប់​គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid Plug-in ។​
 
​ចំណែក រថយន្ត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​អាគុយ​របស់​ក្រុមហ៊ុន FOMM ត្រូវបាន​ដាក់លក់​ហើយ​ក្នុងប្រទេស​ថៃ នាពេល​បច្ចុប្បន្ននេះ​។ ប៉ុន្តែ​ការលក់​របស់​វា នៅមានកម្រិត​ទាប​នៅឡើយ ព្រោះថា រថយន្ត​នេះ ត្រូវបាន​គេ​ចាត់ថ្នាក់​ថា​ជា រថយន្ត​ទំហំ​តូច (Micro-car) ដែល​មិនសូវ​ពេញនិយម​។ 
 
​យ៉ាងណាមិញ ក្រុមហ៊ុន​ចំនួន​៤ ផ្សេងទៀត ដូចជា ក្រុមហ៊ុន Nissan, Mazda, SAIC Motor-CP និង Mitsubishi ដែល​បានដាក់​ពាក្យ​ស្នើ​វិនិយោគ​ក្នុង​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ថៃ នៅ​ពុំទាន់​បានប្រកាស ឬ​ចាប់ផ្តើម​សាងសង់​រោងចក្រ​ដំឡើងរថយន្ត​របស់​ពួកគេ​នៅឡើយ​ទេ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ គណៈ​វិនិយោគ​ថៃ បាន​យល់ព្រម​ផ្តល់​ឲ្យ​ជាថ្មី​នូវ​គោលនយោបាយ​ជំរុញ​ការវិនិយោគ​សម្រាប់​គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។ 
 
​លោកស្រី Duangjai លើកឡើងថា ភ្នាក់ងារ​លោកស្រី បាន​តម្រូវ​ឲ្យ​ក្រុម​អ្នកវិនិយោគ​ជាច្រើន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​របស់​ពួកគេ​សម្រាប់​គម្រោង​ផលិត​រថយន្ត​អគ្គិសនី Hybrid ក្នុង​ឆ្នាំ ២០១៩ ខណៈ​ការស្ថាបនា​រោងចក្រ​ផលិត​អាគុយ​របស់​រថយន្ត​នេះ ត្រូវធ្វើឡើង​ក្នុងអំឡុងពេល​៣​ឆ្នាំ​។ តាម​ការគ្រោងទុក អំឡុងពេល​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​សម្រាប់​រថយន្ត​អគ្គិសនី Hybrid បានបញ្ចប់​ក្នុង​ឆ្នាំ ២០១៧ ខណ​សម្រាប់​ប្រភេទ​ផ្សេងៗ​ទៀត​នៃ​រថយន្ត​អគ្គិសនី និង​ផ្នែក​របស់​វា បាន​ផុតកំណត់​កាលពី​ឆ្នាំ ២០១៨​មកម្ល៉េះ ។​
 
​ទោះជា​បែបនេះ​ក្តី ក្រុមហ៊ុន​ជាច្រើន នៅតែមាន​បំណង​ដាក់​ពាក់​ស្នើសុំ​វិនិយោគ​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hybrid ។ នេះ​ជាការ​អះអាង​របស់លោក​ស្រី Duangjai ដោយ​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ថៃ បន្ត​បើកទ្វារ​ទទួលយក​សំណើ​នេះ ប៉ុន្តែ​តម្រូវ​ឲ្យ​ក្រុម​អ្នកវិនិយោគ​ផ្តោត​សំខាន់​លើ​ការផលិត​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ ក៏ដូចជា​បង្កើនល្បឿន​ផលិតកម្ម​ផងដែរ​៕

Tag:
 ថៃ​
  រថយន្ត​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com