ជាតិ
រថយន្ត
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍លើអ្នកបើកបរ ចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២២ កក្កដា រូបភាពពីទំព័រហ្វេសប៊ុក លោក ស ថេត ( លោក ស ថេត កំពុងពាក់មួកឲ្យអ្នកបើកបរ )
× ភ្នំពេញ៖ កម្លាំងនគរបាល ចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍លើអ្នកបើកបរ នៅថ្ងៃទី២២ កក្កដា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យសមត្ថកិច្ចត្រួតពិនិត្យ និងឃាត់អ្នកបើកបរគ្មានមួកសុវត្ថិភាពទុក ដោយមិនឲ្យពិន័យដូចមុនឡើយ។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យចរាចរណ៍តាមដងផ្លូវនោះ បានរំឭកថា អ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាព ត្រូវឃាត់ម៉ូតូទុករហូតទាល់តែមានមួក ទើបអនុញ្ញាតឲ្យយកម៉ូតូទៅអ្នកបើកបរវិញ។
ទន្ទឹមនឹងនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀននិងជាតិស្រវឹង ទៅលើអ្នកបើកបរម៉ូតូនិងរថយន្តផងដែរ ហើយប្រសិនបើរកឃើញសារធាតុញៀននិងជាតិស្រវឹងនោះ ត្រូវបញ្ជូនទៅមណ្ឌលអប់រំនិងកែប្រែ។ នេះបើតាមការសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ថេត នៅថ្ងៃទី២២កក្កដា ឆ្នាំ២០១៩។
បន្ថែមពីនេះលោក ស ថេត អំពាវនាវឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើជាគំរូដល់ពលរដ្ឋ ដោយពាក់មួកសុវត្ថិភាពជានិច្ចនៅពេលបើកបរ។
របាយការណ៍របស់ក្រសួងមហាផ្ទៃកន្លងមក បានបង្ហាញថា ក្នុងចំណោមអត្រាអ្នកស្លាប់នៃគ្រោះថ្នាក់ចរាចរណ៍ មានអ្នកមិនពាក់មួកសុវត្ថិភាព៨០ភាគរយ៕
Tag:
រាជធានីភ្នំពេញ
រឹតបណ្តឹងអ្នកបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com