កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រដូច Thurman ទៅ Margarito ខណៈ Thurman សរសើរ Pacquiao ថា​វ៉ៃ​លឿន​
22, Jul 2019 , 4:51 pm        
រូបភាព
Manny Pacquiao (ឆ្វេង) វាយទៅ​លើមុខ​របស់ Keith Thurman នាជំនួប​ដណ្តើមខ្សែក្រវាត់ WBA super world welterweight នៅ Las Vegas។ Pacquiao ឈ្នះក្រោយប្រកួត១២ទឹកពេញ។ រូបថត AFP
Manny Pacquiao (ឆ្វេង) វាយទៅ​លើមុខ​របស់ Keith Thurman នាជំនួប​ដណ្តើមខ្សែក្រវាត់ WBA super world welterweight នៅ Las Vegas។ Pacquiao ឈ្នះក្រោយប្រកួត១២ទឹកពេញ។ រូបថត AFP
Manny Pacquiao សារភាពថា Keith Thurman ជា​គូប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក ក្រោយ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight នៅ​សង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​។ Pacquiao ថែមទាំង​សរសើរ Thurman ថា​មាន​កម្លាំង​ខ្លាំងក្លា​និង​មាន​របៀប​វាយ​ដូច Antonio Margarito ដែល​ខ្លួន​បាន​ផ្តួល​កាលពី​៩​ឆ្នាំមុន​។​


 
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ ៤០ ឆ្នាំ​រូបនេះ បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុង​អាជីព​តាមរយៈ​ការ​ផ្តួល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Keith Thurman ដែលមាន​អាយុ​ប្អូន​ខ្លួន​ដល់​ទៅ​១០​ឆ្នាំ​ដើម្បី​គ្រង​ខ្សែក្រវាត់ Super Welterweight និង​ជា​ខ្សែក្រវាត់​ទី​១៣​លំដាប់​ពិភពលោក​ផងដែរ​។​


 
​នេះ​ជា​ជ័យជម្នះ​ទី ៦២ របស់ Pacquiao ក្នុងចំណោម​ការឡើង​សង្វៀន​សរុប​ទាំង ៧១​លើក​ចាប់តាំងពី​ប្រកប​អាជីព​នេះ​រយៈពេល ២៤ ឆ្នាំ​មក​។ ស្តេច​ប្រដាល់​អាស៊ី​រូបនេះ សារភាពថា​នេះ​ជាការ​បង្ហាញខ្លួន​ដ៏​ល្អ​បំផុង​របស់ខ្លួន ចាប់តាំងពី​ការ​ឈ្នះ Antonio Margarito កាលពី​ឆ្នាំ ២០១០​។​
 
«​នេះ​ជា​ជំនួប​ដ៏​អស្ចារ្យ​។ គូប្រជែង​របស់ខ្ញុំ​គឺជា​អ្នក​ប្រយុទ្ធ​ដ៏​ល្អ​ម្នាក់ ហើយ​គាត់​ពិតជា​រឹងមាំ​ណស់​។ ខ្ញុំ​គិតថា Thurman ធ្វើ​បានល្អ​បំផុត ហើយ​ខ្ញុំ​ក៏​ធ្វើ​បានល្អ​បំផុត​ដូចគ្នា​។ ខ្ញុំ​ជឿជាក់ថា​យើង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​នៅ​ជំនួប​នេះ ព្រោះ​វា​ជាការ​ប្រកួត​ដ៏​ល្អ​មួយ​»​។ នេះ​ជាការ​លើកឡើង​របស់ Pacquiao​។ សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​បន្ថែមថា Thurman ពិត​មាន​របៀប​វាយ និង​កម្លាំង​ខ្លាំង​ដូច Margarito ណាស់​។​
 
​ចំណែក Thurman វ័យ​៣០​ឆ្នាំ ដែល​ខកខាន​ឡើង​សង្វៀន​ជិន​២​ឆ្នាំ បាន​របូត​ខ្សែក្រវាត់ WBA Supr Welterweight ដែល​ខ្លួន​ដណ្តើមបាន​កាលពី​ឆ្នាំ​២០១៥ និង​ជាការ​ចាញ់​លោក​ដំបូង​របស់គេ​ផងដែរ​។ បរាជ័យ​នេះ​អ្នក​ប្រដាល់​អាមេរិក​សារភាពថា​ខ្លួន​មិនអាច​ទប់ទល់​នឹង​កណ្តា​ប់​ដៃ​ដ៏​ខ្លាំងខ្លា​របស់ Pacquiao បានទេ​។​
 
«​គាត់ (Pacquiao) វាយ​បាន​លឿន និងចំ​ចំណុច​។ ខ្ញុំ​មិន​គិតថា​បានបញ្ចប់​ទឹក​ទី​១២​ផង​។ នៅ​ទឹក​៧ ខ្ញុំ​ស្ទើរតែ​បាត់បង់​ការគ្រប់គ្រង​ទៅហើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ឆ្លង​ផុត​»​។ នេះ​ជាការ​បញ្ជាក់​របស់ Thurman​។​
 
​តាម​ស្ថិតិ​ពិន្ទុ​ក្រោយ​ការប្រកួត Pacquiao បាន​យកឈ្នះ Thurman ក្នុង​លំដាប់​ពិន្ទុ ១១៥-១១២ ១១៣-១១៥ និង​១១៥-១១២៕
 

Tag:
 ប្រដាល់​
  Manny Pacquiao
  Keith Thurman
© រក្សាសិទ្ធិដោយ thmeythmey.com