អន្តរជាតិ
ដូចគ្នានឹងវៀតណាម អាមេរិក ព្រួយបារម្ភនឹងសកម្មភាពចិននៅសមុទ្រចិនខាងត្បូង
× រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញពីក្តីបារម្ភលើសកម្មភាពម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ក្រុងវ៉ាស៊ីនតោនតាមរយៈរបាយការណ៍ចុងក្រោយស្តីពីការវិវត្តន៍នៅក្នុងសមុទ្រចិនខាងត្បូង បានមើលឃើញថា ក្រុងប៉េកាំង បានបន្តធ្វើសកម្មភាពយ៉ាងគឃ្លើន ដែលអាចធ្វើឲ្យស្ថានភាពក្នុងតំបន់អសន្តិសុខ។
បន្ទាប់ពីទទួលបានរបាយការណ៍មួយស្តីពីសកម្មភាពពាក់ព័ន្ធនឹងការរុករកប្រេងនៅក្នុងសមុទ្រចិនខាងត្បូងរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus នៅថ្ងៃទី២០ ខែកក្កដា បានធ្វើសេចក្តីថ្លែងការណ៍មួយដោយបានប្រតិកម្ម និងតវ៉ាដល់រដ្ឋាភិបាលចិនឲ្យបញ្ឈប់សកម្មភាពឈ្លានពានទាំងនោះជាបន្ទាន់។
តាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times លោកស្រីអ្នកនាំពាក្យ បានអះអាងថា សកម្មភាពបង្ករឿងដដែលៗរបស់ចិន ក្នុងគោលដៅអភិវឌ្ឍរោងចក្រហ្កាស និងប្រេង ក្នុងតំបន់ដែលប្រទេសដទៃបានទាមទារ(ក្នុងសមុទ្រចិនខាងត្បូង) បានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងរឹតត្បិតដល់ទីផ្សារសេរី និងការបើកចំហររបស់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកស្រីអ្នកនាំពាក្យ ក៏បានផ្ញើសារខ្លីបន្ថែម ដោយបានទទូចឲ្យចិនបញ្ឈប់ឥរិយាបថដ៏គឃ្លើន និងជៀសវាងធ្វើសកម្មភាពនានា ដែលមានលក្ខណៈបង្ករឿង និងអសន្តិសុខ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិក ធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ នៃសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមលើករណីតែមួយនេះ។ នៅថ្ងៃទី១៩ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាម បានព្យាយាមទាក់ទងទៅកាន់ភាគីចិនគ្រប់មធ្យោបាយ ដោយរាប់បញ្ចូលទាំងកំណត់ហេតុការទូតដើម្បីតវ៉ា និងទាមទារឲ្យរដ្ឋាភិបាលចិន គោរពអធិបតេយ្យវៀតណាម។
រដ្ឋាភិបាលវៀតណាម បានលើកឡើងថា សកម្មភាពរបស់ចិនដែលបញ្ជាក់ក្នុងរបាយការណ៍នោះ បានបំពានទាំងស្រុងទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ នៃសមុទ្រចិនខាងត្បូងរបស់ខ្លួន។ វៀតណាម ហ៊ាននិយាយបែបនេះ ដោយសំអាងលើអនុសញ្ញាស្តីពីច្បាប់សមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិដែលទាំងវៀតណាម និងចិន សុទ្ធសឹងតែជាភាគី។
អ្វីដែលគួរឲ្យកត់សម្គាល់ សមុទ្រចិនខាងត្បូង គឺជាតំបន់មានវិវាទដោយផ្ទាល់រវាងរដ្ឋអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិននោះទេ។ ចិន បានទាមទារស្ទើរតែទាំងស្រុងនៃតំបន់នោះ ដែលបានគ្របដណ្តប់លើតំបន់ ដែលរដ្ឋអាស៊ានបានទាមទារដូចគ្នា៕
Tag:
ចិន
វៀតណាម
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com