ពីនេះ ពីនោះ
កាហ្វេថ្មីៗ៖ យករូបថតរបស់អ្នកដទៃមកកំប្លែងលេងនៅទីសាធារណៈ ជាអំពើអសីលធម៌
× មួយថ្ងៃពីរថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានចែករំលែករូបថតមន្ត្រីប៉ូលិសម្នាក់ដែលទំនងកំពុងឈរសួរព័ត៌មានពីស្ត្រីម្នាក់ ដែលត្រូវបានអះអាងថាមានបញ្ហាក្នុងករណីចរាចរណ៍។ ទាំងមន្ត្រីប៉ូលិស និងទាំងស្ត្រី បានក្លាយជាជនរងគ្រោះនៃការប្រមាថសើចលេងរបស់សាធារណជន។ សំណាង និងសុធីរ បង្ហាញអារម្មណ៍ខឹងខ្លាំងនឹងទិដ្ឋភាពបែបនេះ។
សំណាង៖ អញឆ្ងល់ណាស់ ហេតុអ្វីអ្នកប្រើប្រាស់ហ្វេសប៊ុក មានទាំងបញ្ញវន្ត និស្សិត មន្ត្រីធំៗ ចែករំលែករូបប៉ូលិសចរាចរណ៍និងស្ត្រីម្នាក់ ហើយនាំគ្នាអធិប្បាយតាមចិត្តរៀងៗខ្លួន ចំអកឲ្យប៉ូលិស និងស្ត្រីនោះ? តាមមើលទៅ បង្ហោះរូបភាពបន្តគ្នានោះ ក៏មិនដឹងថារូបនេះភាព ត្រូវបានថតនៅពេលណា ហើយវាមានរឿងអ្វីផង?
សុធីរ៖ វាមិនមែន ជារឿងដែលត្រូវដឹងរឿងពិត ឬមិនពិតដែលបានកើតឡើងមុន ប៉ូលិស និងស្ត្រីនោះជជែកគ្នានោះឡើយ។ អ្វីដែលយើងកំពុងនិយាយ គឺម្នាក់ៗយករូបភាព ដែលសន្មតថា ប៉ូលិសសំឡឹងដើមទ្រូងស្ត្រី ហើយនាំគ្នាសរសេរចំអកលេងសើចចំពោះអ្នកទាំងពីរ ដែលមិនដឹងរឿងអ្វីសោះ។ ទីមួយ រូបថតមួយសន្លឹក វាមិនមែនជាសាច់រឿងមួយទេ។ ស្ត្រីម្នាក់មានរូបរាងយ៉ាងណា វាជាជីវិតរបស់គេ ហេតុអ្វីយើងយករូបគេមកនិយាយលេងសើច? ចុះបើស្ត្រីនោះ ជាបងស្រីយើង ប្អូនស្រីយើង ឬជាសាច់ញាតិយើង ហើយត្រូវមហាជនយកទៅចែករំលែក និយាយចំអកបែបកំប្លែង តើយើងចេះឈឺចាប់ទេ?
សំណាង៖ អ្ហែងនិយាយត្រូវ សំខាន់ អញឃើញមនុស្សសំខាន់ៗចែករំលែករូបនេះលេង ដូចមិនដឹងថា ពួកគេកំពុងរំលោភសិទ្ធិឯកជន និងចោទប្រកាន់មន្ត្រីប៉ូលិស និងស្ត្រីនោះទេ។ សង្គមយើងហាក់កាន់តែអសីលធម៌ហើយមើលទៅ។
សុធីរ៖ វាមិនមែនសង្គមទាំងមូល វាជារឿងរបស់មនុស្សមួយក្រុមដែលឈ្លក់លេងហ្វេសប៊ុក ហើយមិនបានចាប់អារម្មណ៍យល់ដឹងពីសិទ្ធិនៃជីវិតឯកជនរបស់គេហ្នឹងណា។
© រក្សាសិទ្ធិដោយ thmeythmey.com