ភ្នំពេញ៖ អភិបាលខេត្ត៩រូប មិនទាន់អនុវត្តតាមបញ្ជារបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើករណីបង្ក្រាបគ្រឿងញៀននៅឡើយទេ។ នេះជាការលើកឡើងរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក នេត សាវឿន បានសរសេរលិខិតក្រើនរំឭកដល់អភិបាលខេត្តទាំង ៩នាក់នេះរួចហើយ ដើម្បីឲ្យអនុវត្តវិធានការបង្ក្រាបគ្រឿងញៀន តាមបញ្ជារបស់សម្ដេច ស ខេង ។ ប៉ុន្តែលោកមិនបានបង្ហើបឈ្មោះថ្នាក់ដឹកនាំខេត្តទាំងនោះទេ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ អគ្គស្នងការរូបនេះ បាននិយាយដូច្នេះថា៖«កិច្ចការទី១ យើងត្រូវលុបបំបាត់គ្រឿងញៀនតាមក្លិបកម្សាន្ត ។នេះខ្ញុំសូមរម្លឹក ផ្ដាំផ្ញើតាមអ្នកកាសែត អ្នកសារព័ត៌មានបន្ថែម តែសូមកុំសួរខ្ញុំ ថាខេត្តទាំង៩នោះមានខេត្តណាខ្លះ ខ្ញុំមិនប្រាប់ទេ ព្រោះនេះទុកមុខជូនខេត្ត»។
អគ្គស្នងការនគរបាលជាតិរូបនេះ បានបន្ថែមថា ការនាំចូលគ្រឿងញៀនមកក្នុងប្រទេសកម្ពុជាមាន ៣ ច្រក មានដូចជាផ្លូវអាកាស, ការផ្ញើតាមប្រៃសណីយ៍ (ទឹក) និងផ្លូវគោគ។ បើតាមការប៉ាន់ស្មានរបស់លោក នេត សាវឿន គ្រឿងញៀនដែលចូលតាមផ្លូវអាកាសមានប្រមាណ ១០ ភាគរយ, តាមបញ្ញើប្រៃសណីយ៍មាន២០ភាគរយ និងតាមផ្លូវគោក៧០ភាគរយ។
កាលពីខែឧសភាកន្លងមកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបញ្ជាឲ្យមន្ត្រី និងកងកម្លាំងទាំងអស់ ចុះបង្ក្រាបករណីគ្រឿងញៀននៅតាមបណ្ដាក្លិប និងទីតាំងកម្សាន្តទូទាំងប្រទេសឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ។
ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានព្រមានថា បិទ ឬរឹបអូស ទីតាំងក្លិប និងទីកន្លែងកម្សាន្តណា ដែលនៅបន្តលួចលាក់ប្រើប្រាស់គ្រឿងញៀនផងដែរ ក្នុងករណីសមត្ថកិច្ចបង្ក្រាបម្ដងជាពីរដងហើយនៅតែមិនរាងចាល។ បើតាមសម្ដេច ស ខេង ទីតាំងកន្លែងកម្សាន្តដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ គឺជាកន្លែងដែលបំពុល និងពង្វក់ស្មារតីយុវជនឲ្យដើរផ្លូវខុស ហើយបំផ្លាញអនាគតពួកគេ ។
កាលពីដើមឆ្នាំ២០១៩នេះ សមត្ថកិច្ច បានបង្ក្រាបក្លិបកម្សាន្តរ៉ក និងក្លិប ម៉ៃ អាមី ជាដើម ដោយបានឃាត់ខ្លួនមនុស្សរាប់រយនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនទៀតផង។
កន្លងមកសម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ធ្លាប់បានអះអាងថា ច្រកព្រំដែនខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង គឺជាច្រកព្រំដែនដ៏ធំ ដែលឈ្មួញទុច្ចរិត លួចនាំគ្រឿងញៀនពីថៃនិងឡាវ ចូលមកកម្ពុជា។ រដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អភិបាលខេត្តទាំងពីរនេះ ឲ្យយកចិត្តទុកក្នុងការទប់ស្កាត់៕