កីឡាអន្តរជាតិ
អន្តរជាតិ
Inter បោះ​តម្លៃ ៦៧​លាន​ដុល្លារ​ដើម្បី​យក Lukaku តែ Man Utd ចង់បាន​ថ្លៃដើម​៩៣​លាន​ដុល្លារ​
22, Jul 2019 , 10:59 pm        
រូបភាព
Manchester United ច្រានចោល​សំណើ​ដេញថ្លៃ ៥៤ លាន​ផោន (៦៧​លាន​ដុល្លារ​អាមេរិក​) របស់​ក្លិប​អ៊ីតាលី Inter Milan សម្រាប់​ថ្លៃ​ខ្លួន​ខ្សែប្រយុទ្ធ Romelu Lukaku​។​
​ការដេញថ្លៃ​របស់ Inter ដើម្បី​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​វ័យ ២៦ ឆ្នាំទៅ​រួម​ក្រុម​ត្រូវបាន​បរាជ័យ ដ្បិត​បិសាច​ក្រហម​ចង់បាន​ថ្លៃដើម​ដែល​ពួកគេ​ទិញ​ពី Everton កាលពី​ឆ្នាំ​២០១៧ ក្នុងតម្លៃ ៧៥ លាន​ផោន (៩៣​លា​ដុល្លារ​អាមេរិក​)​។​


 
Lukaku ស្ថិតនៅ​កៅអី​បម្រុង​នៅពេល Man Utd យកឈ្នះ Inter ១-០ នា​ជំនួប​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​នៅ​ទឹកដី​សិង្ហ​បុរី កាលពី​ថ្ងៃទី​២០ ខែកក្កដា​។ បើ​ទោះ​មិន​ជាប់​ក្នុង​ជម្រើស​១១​នាក់ ប៉ុន្តែ​លោក Antonio Conte ដែលជា​អ្នកចាត់ការ​ទូទៅ Inter នៅតែ​ចាត់ទុក Lukaku ជា​គោលដៅ​ទីមួយ​របស់លោក​ដដែល​។​


 
«​ខ្ញុំ​ជឿថា Lukaku ជា​កីឡាករ​ម្នាក់​ដែល​អាចធ្វើ​ឲ្យ​ក្រុម​របស់​យើង​ប្រសើរឡើង​។ តាមពិត​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​ពី​កីឡាករ​រូបនេះ​ទេ ព្រោះ​គាត់​គឺជា​កីឡាករ​បស់​ក្រុម Manchester United ហើយ​សម្រាប់​ហេតុផល​នេះ​យើង​គ្រាន់តែ​ចង់បង្ហាញ​ការគោរព​ពី​ភាព​អស្ចារ្យ​របស់​កីឡាករ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​រៀបរាប់​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី ដែល​ចង់បាន Lukaku តាំងពី​លោក​នៅ​ដឹកនាំ Chelsea​។​
 
​យ៉ាងណាក៏ដោយ Conte នៅតែ​ជឿជាក់ថា Inter អាច​យក Lukaku បាន​នៅ​រដូវ​កាល​នេះ ស្រប​ពេលដែល​អនាគត​របស់​ខ្សែប្រយុទ្ធ Mauro Icardi ទំនងជា​ត្រូវ​បញ្ចប់​។ ការជឿជាក់​របស់ Conte ស្រប​ពេលដែល​អ្នក​ចាត់​ទូទៅ​លោក Ole Gunnar Solskjær ក៏​ចង់​បញ្ចេញ​សមាជិក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​រូបនេះ​ដូចគ្នា​។ Lukaku មិនបាន​ចូល​លេង​ឲ្យ Man Utd ទាំងពីរ​ប្រកួត​ទាំង​នៅ​អូស្ត្រាលី និង​សិង្ហ​បុរី និង​មិនសូវ​បានបង្ហាញ​ខ្លួន​តាំងពី​គ្រូ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​ឡើងមក​ដឹកនាំ​៕
 

Tag:
 Manchester United
  Inter Milan
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com