ជាតិ
​ក្រសួង​អប់រំ​ជ្រើសរើស​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​ចំនួន ៦០​នាក់​
23, Jul 2019 , 7:59 am        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស និង​បណ្ដុះបណ្ដាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​ជំនា​ន់ទី​៨ ចំនួន ៦០​នាក់ ក្នុងនោះ ២០ នាក់​នឹង​ទទួលបាន​អាហារូបករណ៍​ឥត​បង់ថ្លៃ​ដែរ​។  ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​នឹង​បណ្ដុះបណ្ដាល​និស្សិត រយៈពេល ២​ឆ្នាំ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ស​អាទិត្យ​។​


 
​បើតាម​សេចក្តីជូនដំណឹង​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​អប់រំ​លោក ហង់ ជួន ណា​រ៉ុ​ន បេក្ខជន​អាចមាន​សិទ្ធិ​ប្រឡង លុះត្រាតែ​ខ្លួន​កំពុង​បម្រើ​ការងារ​នៅ​អង្គភាព​នានា​ក្រោម​ឱវាទ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​។ បេក្ខជន ត្រូវមាន​បទពិសោធន៍​ការងារ​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ និង​ត្រូវមាន​លិខិត​វាយតម្លៃ​សកម្មភាព​ការងារ​ពី​ប្រធាន​អង្គភាព​។​
 
​ជាមួយគ្នានេះ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ថ្នាក់​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សមមូល​(​បាក់​ឌុប​)​ឡើងទៅ​។ សម្រាប់​វិញ្ញាសា​ប្រឡង​រួមមាន វប្បធម៌​ទូទៅ ភាសា​អង់គ្លេស និង​គ្រប់គ្រង​អប់រំ​។ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាចដាក់​ពាក្យ​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៥:០០ ល្ងាច នៅ​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង និង​ផែនការ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​
 
​សូមបញ្ជាក់ថា ការប្រឡង​ជ្រើសរើស​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ក្រសួង​អប់រំ នឹង​ជូនដំណឹង​ទាក់ទង​នឹង​មណ្ឌល​ប្រឡង​តាម​ក្រោយ​៕

Tag:
 អប់រំ​
  បរិញ្ញាបត្រ​ជាន់ខ្ពស់​
  គ្រប់គ្រង​
© រក្សាសិទ្ធិដោយ thmeythmey.com