ជាតិ
ប្រធានសមាគម៖ ករណីក្រឡាប់ឡាននៅភ្នំគូលែនគឺភ្ញៀវទៅខ្លួនឯងហើយក៏គ្មានមគ្គុទ្ទេសក៍ទៅជាមួយដែរ
× សៀមរាប៖ ហេតុការណ៍ក្រឡាប់រថយន្តប្រភេទ SAANG YONG មួយគ្រឿងនៅភ្នំគូលែន បានបង្កជាការភ្ញាក់ផ្អើល និងមានភ្ញៀវទេសចរចំនួន២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ដ៏អាក្រក់នេះ។ តាមអាជ្ញាធរមូលដ្ឋាន ក្រោយហេតុការណ៍នេះ ថៅកុងឡានរួមនិងមគ្គុទ្ទេសក៍បានរត់គេចពីការទទួលខុសត្រូវ ដោយបន្សល់ទុកនូវជនរងគ្រោះជាទេសចរចិនចំនួន១៣នាក់ រងរបួសដេករាយប៉ាយនៅកន្លែងកើតហេតុ។ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានចេញមុខពន្យល់ថា ករណីនេះពុំមានមគ្គុទ្ទេសក៍នាំផ្លូវនោះទេ។
លោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២២ កក្កដាថា ទេសចរដែលជួបឧបទ្ទេវហេតុក្រឡាប់រថយន្តនៅភ្នំគូលែននោះ គឺបានទៅកម្សាន្តដោយពុំមានមគ្គុទ្ទេសក៍ឬក្រុមហ៊ុនឡើយ។ លោកពន្យល់ថា៖« ថ្ងៃដែលពួកគេទៅនោះ គឺជាថ្ងៃទំនេរគ្មានក្នុងកម្មវិធីកម្សាន្តនោះទេ តែក្រុមហ៊ុនបានណែនាំកញ្ចប់សម្រាប់ទៅភ្នំគូលែនដែរ តែចុងក្រោយពួកគេសម្រេចទៅខ្លួនឯង ដោយជួលតែឡានមួយគ្រឿងមានអ្នកបើកបរម្នាក់ ដោយគិតថាវិធីនេះអស់ថោកជាងទៅតាមរយៈក្រុមហ៊ុនយើងក៏មិនដឹង ហើយគ្មានមគ្គុទ្ទេសក៍ដូចសារព័ត៌មានជាតិ-អន្ដរជាតិចុះផ្សាយទេ»។
លោក ទៀ គីយូ មិនបានបង្ហើបពីឈ្មោះក្រុមហ៊ុនឬមគ្គុទ្ទេសក៍ដែលនាំក្រុមទេសចរនេះនោះទេ ដោយលោកគ្រាន់តែព្យាយាមពន្យល់បន្ថែមថា ក្រុមហ៊ុនមិនជាប់ពាក់ព័ន្ធឬទទួលខុសត្រូវករណីនេះទេ ព្រោះមុននឹងទៅកម្សាន្តជាលក្ខណៈឯកជននេះ ភាគីក្រុមហ៊ុនបានឱ្យភ្ញៀវទេសចរទាំងនោះបំពេញបែបបទរួចហើយ គឺរាល់ហេតុការណ៍កើតឡើងទាំងអស់ ទេសចរទាំងនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។
ប្រធានសមាគមរូបនេះ មិនដឹងច្បាស់ថា គេមានដំណោះស្រាយបែបណាទៅលើករណីភ្ញៀវស្លាប់ក្នុងហេតុការណ៍នេះ តែសម្រាប់ជនរងគ្រោះផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរស្មីអង្គរ ហើយខាងក្រុមហ៊ុនជំរុញឱ្យអាជ្ញាធរតាមរកអ្នកបើកបរឱ្យមកទទួលខុសត្រូវក្នុងហេតុការណ៍ធ្វេសប្រហែសនេះ។
ក្នុងនាមជាមគ្គុទ្ទេសក៍មួយរូប លោក ទៀ គីយូ មានការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់កាលពីថ្ងៃទី២១ កក្កដានោះ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍កម្ពុជា។ លោកក៏សំណូមពរដល់ភ្ញៀវទេសចរទាំងអស់ មុននឹងសម្រេចទៅកម្សាន្តកន្លែងណាមួយគឺត្រូវទៅតាមក្រុមហ៊ុនឬមគ្គុទ្ទេសក៍ដែលមានការរៀបចំត្រឹមត្រូវ ច្បាស់លាស់ និងមានសុវត្ថិភាពខ្ពស់ កុំគិតលើតម្លៃដែលខុសគ្នាបន្ដិចបន្ដួច តែត្រូវគិតលើសុវត្ថិភាពនិងភាពទំនួលខុសត្រូវ។
គួរបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិចិនដែលស្លាប់ក្នុងហេតុការណ៍នេះ គឺមានប្រុសម្នាក់ស្រីម្នាក់ ខណៈពេលអាជ្ញាធរដឹកមកសង្គ្រោះនៅមន្ទីរពេទ្យស្វាយលើ។ ចំណែកជនរងគ្រោះ១១នាក់ទៀត មានស្ដ្រីចំនួន៦នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឯកជនក្នុងក្រុងសៀមរាប៕
Tag:
ក្រឡាប់ឡាននៅភ្នំគូលែន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com