ជាតិ
សង្គមជាតិ
សាន ដារ៉ាវីត ជឿថា ក្រុមរបស់លោកអាចប្រមូលកន្ទុយបារីដល់ជិត១លានដើមនៅតាមឆ្នេរ
× ភ្នំពេញ៖ យុវជន សាន ដារ៉ាវីត និងមិត្តភក្តិរបស់ខ្លួនមួយចំនួន បានបង្កើតកម្មវិធីប្រកួតប្រជែងគ្នា (Challenge) នៅខេត្តព្រះសីហនុ តាមរយៈការរើសកន្ទុយបារីតាមឆ្នេរដាក់ចូលក្នុងដបទឹកសុទ្ធ។ ក្រុមយុវជនដែលគេនិយមហៅថា «យុវជនសំរាម» បានចាប់ផ្តើមសកម្មភាពរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា នៅឆ្នេរអូរឈើទាល។ មិនដល់២ថ្ងៃផង ពួកគេប្រមូលបានកន្ទុយបារីដល់ទៅជាង៥០០០ដើម ហើយគិតថា កន្ទុយបារីដែលត្រូវប្រមូលមានយ៉ាងហោចណាស់ជិត១លាន។
នៅតាមឆ្នេរសមុទ្រ អូរឈើទាល ជាគោលដៅដំបូងគេបង្អស់ ដែលក្រុមយុវជន «សំរាម» ប្រមូលកន្ទុយបារីប្រមាណ៥០០០កន្ទុយបារីដែលគេបោះចោលនៅតាមឆ្នេរសមុទ្រ។ លោក ដារ៉ាវីត ដែលជាប្រធានក្រុម និងត្រូវបានគេស្គាល់ច្បាស់តាមរយៈសកម្មភាពប្រមូលសំរាមនៅបឹងត្របែក បានបញ្ជាក់ថា៖«នៅតាមឆ្នេរមានសំរាមច្រើនប្រភេទណាស់ដែលគេនាំគ្នាសំអាត ប៉ុន្តែកន្ទុយបារីមិនសូវជាមានអ្នកណាគេរវល់ឡើយ ដូច្នេះយើងក៏ចាប់ផ្តើមរើសវា ដើម្បីកុំឲ្យប៉ះពាល់ដល់ឆ្នេរខ្សាច់ ដែលនាំឲ្យហូរចូលក្នុងសមុទ្រ ដែលបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើង»។
លោក ដារ៉ាវីត អះអាងថា ក្រុមរបស់លោកនឹងបន្តសកម្មភាពរើសកន្ទុយបារីនេះឲ្យអស់ពីឆ្នេរសមុទ្រ។ ប្រធានក្រុមយុវជនសំរាមរូបនេះ បានប្រាប់ដល់អ្នកសារព័ត៌មាន ThmeyThmey ថា ថ្វីដ្បិតលោកជាប់រវល់នឹងកិច្ចការងារបង្កើតហាងកាហ្វេសំរាម ប៉ុន្តែលោកក៏មិនចោលកិច្ចការងាររើសសំរាមឡើយ។
«ពួកយើងនឹងបន្តរើសសំរាមដែលមាននៅតាមឆ្នេរសមុទ្រយ៉ាងហោចក្នុងមួយសប្តាហ៍ម្តងផងដែរ»។ នេះជាការអះអាងរបស់លោក ដារ៉ាវីត ស្របពេលដែលអភិបាលថ្មីនៃខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ចេញនូវយុទ្ធនាការសម្អាតក្រុងកំពង់ផែមួយនេះ៕
សកម្មភាពក្រុមយុវជនសំរាមដែលប្រមូលកន្ទុយបារីនៅតាមឆ្នេរសមុទ្រ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកក្កដា
កន្ទុយបារីដែលក្រុមយុវជនប្រមូលដាក់ចូលដបទឹក នៅឆ្នេរអូរឈើទាល កាលពីថ្ងៃទី២១ ខែកក្កដា
Tag:
យុវជន
សំរាម
បារី
សមុទ្រ
សាន ដារ៉ាវីត
© រក្សាសិទ្ធិដោយ thmeythmey.com