កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt៖ «លោក Sarri តែម្នាក់គត់ដែលធ្វើឲ្យខ្ញុំសម្រេចយក Juventus»
× ខ្សែការពារ Matthijs de Ligt បានចេញមុខអះអាងថាអ្នកចាត់ការទូទៅលោក Maurizio Sarri ជាបុគ្គលសំខាន់ដំបូងគេដែលផ្តល់ហេតុផលសមរម្យបំផុតក្នុងការទាក់ចិត្តឲ្យរូបគេចោលក្លិបផ្សេងហើយជ្រើសយក Juventus។
De Ligt ក្នុងនាមជាប្រធានក្រុមវ័យក្មេងជាងគេបានផ្លាស់ពី Ajax ទៅចូលរួមជាមួយក្រុមរហស្សនាមសេះបង្កង់ ក្នុងតម្លៃផ្ទេរ ៨៤លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ មុនសម្រេចទៅទឹកដីអ៊ីតាលី ខ្សែការពារសញ្ជាតិហូឡង់ វ័យ១៩ឆ្នាំ រូបនេះ ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅ Manchester United, Barcelona និង Paris-St Germain ផងដែរ ក្រោយបង្ហាញខ្លួនបានល្អតាមរយៈការនាំ Ajax ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន។
យ៉ាងណាក៏ដោយ De Ligt នៅតែជ្រើសយក Juventus ហើយមូលហេតុចម្បងដែលនាំរូបគេសម្រេចចិត្តបែបនេះក៏ព្រោះតែលោក Maurizio Sarri ដែរ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះទើបតែចូលកាន់តំណែងដឹកនាំម្ចាស់ជើងឯក Serie A រដូវកាលនេះ បន្ទាប់ពីចាកចេញពី Chelsea ទាំងនៅកិច្ចសន្យា២ឆ្នាំ។
«គាត់ [Sarri] ជាមូលហេតុចម្បងមួយដែលធ្វើឲ្យខ្ញុំចង់ចូលរួមនៅទីនេះ។ ខ្ញុំបាននិយាយជាមួយ Sarri តាមទូរស័ព្ទមុនពេលខ្ញុំធ្វើដំណើរទៅទីក្រុង Turin ដើម្បីជួបគ្នា។ ខ្ញុំបានលឺរឿងល្អៗជាច្រើនពីគាត់ ហើយខ្ញុំចូលចិត្តទស្សន និងរបៀបនៃការដឹកនាំរបស់គាត់ ជាពិសេសគឺការរៀបចំតំបន់ការពាររបស់គាត់តែម្តង»។ De Ligt រៀបរាប់ពីអតីតអ្នកចាត់ការ Napoli យ៉ាងដូច្នេះ។
De Ligt ជាកីឡាករទី៤ ដែល Juventus នាំចូលសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីពួកគេទទួលបានកីឡាករ៣រូបរួចហើយដោយគ្មានតម្លៃផ្ទេរ ដែលរួមមាន អ្នកចាំទី Gianluigi Buffon ដែលត្រឡប់ពី PSG វិញ រូបជាមួយខ្សែបម្រើ Adrien Rabiot ពី PSG ដូចគ្នា និង Aaron Ramsey ដែលទើបចាកចេញពី Arsenal នៅក្រោយបញ្ចប់រដូវកាលកន្លងទៅ។
ខ្សែការពារវ័យក្មេងរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមលោក Sarri លើកដំបូង ខណៈដែល Juvetus ចាញ់ Tottenham Hotspur ៣-២ នាជំនួបកំដៅសាច់ដុំមុនបើករដូវកាលថ្មី (Preseason Tour) នៅទឹកដីសិង្ហបុរីកាលពីចុងសប្តាហ៍កន្លងទៅ។ De Ligt ត្រូវចូលរួមជាមួយក្រុមដែលមានសមាសភាពកីឡាករល្អៗជាច្រើនដូចជា Cristiano Ronaldo, Paulo Dybala, Douglas Costa, Miralem Pjanic ជាដើម ដើម្បីប្រជែងពានលំដាប់កំពូលៗនៅរដូវកាលថ្មី ២០១៩-២០ នេះ៕
Tag:
Matthijs de Ligt
Maurizio Sarri
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com