ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ៖ ភាគី​ដទៃ​កុំ​និយាយ​អ្វី​លើសពី​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​កម្ពុជា​-​ចិន
23, Jul 2019 , 12:59 pm        
រូបភាព
រូបពីវេបសាយក្រសួងការបទេសចិន៖ លោក  Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន
រូបពីវេបសាយក្រសួងការបទេសចិន៖ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន
​ភ្នំពេញ​៖ «​ភាគី​ដទៃ​កុំ​និយាយ​អ្វី​លើសពី​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​កម្ពុជា​-​ចិន​»​។ នេះ​ជា​ការលើក​របស់លោក  Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដែល​ព្យាយាម​បកស្រាយ​តប​នឹង​សំនួរ​របស់​អ្នកកាសែត ជុំវិញ​ព័ត៌មាន​ថា ចិន និង​កម្ពុជា មាន​កិច្ចព្រមព្រៀងសម្ងាត់​មួយ ដែល​អាច​បើកផ្លូវ​ឲ្យ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ឈរជើង​មូលដ្ឋានទ័ព​ខ្លួន​។​


 
​លោក  Geng Shuang មិនបាន​ឆ្លើយ​ឲ្យ​ចំ​សំនួរ​របស់​អ្នកកាសែត ដែល​ចង់ដឹង​រឿងរ៉ាវ​លម្អិត​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​អាមេរិក ដែលថា ចិន​និង​កម្ពុជា មាន​កិច្ចព្រមព្រៀងសម្ងាត់​ឡើយ​។ ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២២ កក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បាន​ត្រឹម​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​វិញ ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ​ដឹង ភាគី​កម្ពុជា បាន​បដិសេធ​រឿង (​ព័ត៌មាន​ដែលថា​ចិន នឹងមាន​មូលដ្ឋានទ័ព​នៅ​កម្ពុជា​) នេះហើយ​។ ក្នុងនាម​ជា​មិត្តភក្តិ​ជិតខាង​ជា​យូរណាស់​មកហើយ កម្ពុជា និង​ចិន មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញទំហឹង ហើយ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង គឺ​ទូលំទូលាយ មាន​តម្លាភាព និង​ផ្ដល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព​គ្នា​»​។​
 
​នៅពេលដែល​អ្នកកាសែត ព្យាយាម​សួរ​ដោយ​សង្កត់ធ្ងន់ថា កម្ពុជា បាន​បដិសេធ​ករណី​ទ័ព​ចិន​ឈរជើង​នៅ​កម្ពុជា​នេះ ដូច្នេះ​តើ​ចិន​បដិសេធ​រឿងនេះ​ដែរ​ទេ​? លោក  Geng Shuang នៅតែ​ឆ្លើយ​ពង្វៀន​សំនួរ​របស់​អ្នកកាសែត​ដដែល ដោយ​លោក​បាន​ត្រឹម​បកស្រាយ​វិញ ដូច្នេះ​ថា​៖«​ដូច​អ្វីដែល​ខ្ញុំ​និយាយ​ខាងដើម​អ៊ីចឹង​! ហើយ​យើង​សង្ឃឹមថា ភាគី​ដទៃ នឹងមិន​និយាយ​អ្វីដែល​លើសពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ឡើយ​»​។​
 
​កាលពី​ថ្ងៃទី​២២ កក្កដា សារព័ត៌មាន The Wall Street Journal របស់​អាមេរិក បាន​ចុះផ្សាយ​ថា ចិន នឹង​អាចឈរជើង​ទ័ពជើងទឹក​នៅ​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀងសម្ងាត់​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ សារព័ត៌មាន​ដដែល បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់ ដែល​អះអាង​បានឃើញ​កិច្ចព្រមព្រៀង​នោះ​ថា កម្ពុជា​បានអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅ​រាម ខេត្ត​ព្រះសីហនុ រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​សុពល​ភាពជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្ដង​។ បើតាម The Wall Street Journal មូលដ្ឋានទ័ព​ចិន​នេះ នឹងមាន​កន្លែង​ស្ដុក​អាវុធ និង​កន្លែង​ចតកប៉ាល់​ចម្បាំង​ជាដើម​។​
 
អត្ថបទទាក់ទង
 
​ឆ្លើយតប​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក​ខាងលើនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ប្រតិកម្ម​ថា ព័ត៌មាន​ដែល​និយាយ​ពី​កម្ពុជា​បើកផ្លូវ​ឲ្យ​ទ័ព​ចិន​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ​នេះ ជា​រឿងប្រឌិត​។ តាមរយៈ​សេចក្តីបំភ្លឺ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ដូច្នេះ​ថា​៖«​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែបនេះ​កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធា បរទេស​វា​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​»៕

Tag:
 ហ៊ុន សែន​
  ចិន​
  ទ័ព​
 ​យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com