ជាតិ
ប្រធានជលផល៖ បទល្មើសនេសាទបង្កឡើងដោយជនឆ្លៀតឱកាស
× សៀមរាប៖ បណ្ដាញកម្ពុជាស្ដីពីជលផល បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដោយមានការចូលរួមពីរដ្ឋបាលជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នេសាទ៣តំបន់ រួមមានតំបន់ទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់មេគង្គ។ កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការទប់ស្កាត់បទល្មើសជលផល ដែលបន្តកើតឡើងក្នុងដែននេសាទតាមបណ្ដាសហគមន៍នេសាទ ដែលបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជន។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អេង ជាសាន មើលឃើញថា បទល្មើសនេសាទនេះកើតឡើងដោយសារជនឆ្លៀតឱកាស។
ទាំងរាជរដ្ឋាភិបាលនិងសង្គមស៊ីវិល សុទ្ធតែបានបង្ហាញការយកចិត្តទុកដាក់លើបញ្ហាជលផល។ ការអភិវឌ្ឍមួយចំនួន បានប៉ះពាល់ជាខ្លាំងទៅលើធនធានជលផល ដូចជាការសាងសង់ទំនប់វារីអគ្គិសនីជាដើម។ ក្នុងនោះការប្រែប្រួលអាកាសធាតុក៏ជាមូលហេតុសំខាន់មួយដែរ។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) លើកឡើងក្នុងសិក្ខាសាលារបស់បណ្ដាញកម្ពុជាស្ដីពីជលផល ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផល និងអង្គការសង្គមស៊ីវិលលើការគ្រប់គ្រងធនធានជលផលនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២២ កក្កដា ថា ធនធានជលផលនៅកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីសកម្មភាពរបស់មនុស្ស និងការគំរាមកំហែងដោយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលបង្កផលវិបាកធ្ងន់ធ្ងរពិសេសនៅតំបន់បឹងទន្លេសាប។ លោកបន្ថែមថា នៅរដូវប្រាំង ទឹកបឹងទន្លេសាអាចនឹងរាក់ខុសប្រក្រតី ធ្វើអោយទឹកបឹងកើនឡើងកម្តៅ និងធ្វើឲ្យបាត់បង់ពូជត្រីសំខាន់ៗជាបន្តបន្ទាប់។ ផ្ទុយទៅវិញ ប្រសិនបើបឹងទន្លេសាបទទួលរងឥទ្ធិពលគ្រោះទឹកជំនន់ខ្លាំង បណ្តាលមកពីការប្រែប្រួលអាកាសធាតុ វានឹងបង្កឲ្យកើតមានការហូរចុះខ្លាំង ជាមូលហេតុធ្វើឲ្យបឹងទន្លេសាបកាន់តែឆាប់គោករាក់ ប៉ះពាល់ដល់ការរីកលូតលាស់របស់មច្ឆាជាតិ និងជីវៈចម្រុះច្រើនប្រភេទទៀត ជាពិសេសប្រព័ន្ធអេកូឡូស៊ីនៅបឹងទន្លេសាប។
នាយកប្រតិបត្តិអង្គការ FACT ពន្យល់ថា ការថមថយនៃធនធានជលផលបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជានេសាទប្រមាណ២លាននាក់ដែលរស់នៅនិងពឹងអាស្រ័យលើធនធានទាំងនេះ ដូចជាការបាត់បង់ប្រាក់ចំណូល កុមារបោះបង់ការសិក្សា ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ ទំនាស់ដណ្ដើមធនធានធម្មជាតិក្នុងសហគមន៍ និងជាប់បំណុល។ល។
ក្នុងពិធីដែលធ្វើនៅសណ្ឋាគារ សោម៉ាទេវី ប្រធានរដ្ឋបាលជលផល លោក អេង ជាសាន ថ្លែងថា ការងារអភិរក្សធនធានជលផលសំខាន់គឺយុទ្ឋសាស្ត្រផែនការ ការងារ កម្មវិធីអភិវឌ្ឍ គោលការណ៍អនុវត្តការងារជាដើម នោះការងារនឹងកាន់តែមានប្រសិទ្ឋភាពនិងលើកកម្ពស់បានកាន់តែល្អប្រសើរជាងមុន។ ប្រធានជលផលបញ្ជាក់ថា ករណីបទល្មើសនេសាទខុសច្បាប់ដែលតែងតែកើតមានឡើង «គឺសុទ្ឋតែបង្កឡើងដោយជនឆ្លៀតឱកាសញុះញង់បង្កឲ្យមានបទល្មើសទាំងនេះនិងមានបញ្ហាជាច្រើនទៀត» ហេតុនេះហើយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននឹងកំពុងធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីគ្រប់គ្រងធនធានជលផលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ការធ្វើវិសោធនកម្មច្បាប់ជលផលនេះ តាមការពន្យល់របស់លោក អេង ជាសាន មកដល់ពេលនេះ កំពុងពិភាក្សាកែសម្រួលនិងបន្ថែមលើមាត្រាពាក់ព័ន្ឋទៅនឹងការគ្រប់គ្រងធនធានធម្មជាតិទាំងតំបន់ទឹកសាបនិងទឹកប្រៃ ការគ្រប់គ្រងសហគមន៍ ការគ្រប់គ្រងវិស័យជល និងផ្នែកពាក់ព័ន្ឋមួយចំនួនទៀតដែលគ្រោងនឹងលើកយកទៅពិភាក្សាផ្ទៃក្នុង រួចនឹងដាក់ឆ្លងទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចនិងអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាឆ្នាំ២០២០ ខាងមុខ។
បឹងទន្លេសាប ក៏ជាតំបន់មួយដែលកំពុងមានការគំរាមកំហែងនៃការបាត់បង់ធនធានជលផលធ្ងន់ធ្ងរផងដែរ។ យោងតាមរបាយការណ៍របស់បណ្ដាញកម្ពុជាស្ដីពីជលផល មានប្រជាពលរដ្ឋប្រមាណ២លាននាក់រស់នៅជុំវិញបឹងទន្លេសាប ហើយភាគច្រើនពឹងផ្អែកទាំងស្រុងលើការនេសាទ។ ក្នុងរយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ធនធានជលផលមានការថយចុះយ៉ាងខ្លាំងដោយសារតែការធ្វើនេសាទហួសប្រមាណ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនអាជីវកម្មធ្វើជាម្ចាស់និងគ្រប់គ្រងតំបន់មួយចំនួននៃបឹងទន្លេសាបជាដើម។ បណ្ដាញកម្ពុជាស្ដីពីជលផលរកឃើញថា មានករណីជាច្រើនធ្វើឲ្យស្ថានភាពកាន់តែមិនមាននិរន្តរភាព ព្រោះអាជីវកម្មផ្តោតខ្លាំងលើការកេងប្រវ័ញ្ចធនធានជលផលជាជាងការការពារ៕
Tag:
ជលផល
អេង ជាសាន
បទល្មើសនេសាទ
ប្រជាសហគមន៍នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com