កីឡាជាតិ
ជាតិ
វីដេអូ
លោក ស៊ុំ វណ្ណា ផ្តោតមើលកីឡាកររបួសដោយមិនបានឃើញ លោក ហុក សុចិត្រា ដើរទៅចាប់ដៃ លោក ហុក សុចិត្រា (ឆ្វេង)អបអរជាមួយជ័យជម្នះរបស់វិសាខា ខណៈលោក ស៊ុំ វណ្ណា បង្ហាញទឹកមុខសោកស្តាយ, រូបភាពពី CNCC
× លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោនបានបកស្រាយថា ការខកខានចាប់ដៃជាមួយលោក ហុក សុចិត្រា ដោយសារលោករវល់មើលកីឡាកររងរបួស ដែលដេកដួលនៅទីលាន ហើយមិនបានចាប់អារម្មណ៍ថា អ្នកចាត់ការទូទៅវិសាខា ដើរទៅសំដៅទៅរកខ្លួន។ ករណីនេះ កើតឡើងក្រោយភ្នំពេញក្រោនចាញ់វិសាខា ៤-៣ នៅសប្តាហ៍ទី១៦ នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នៅកីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ៥៥០០នាក់។
ទាំងលោក ហុក សុចិត្រា និងលោក ស៊ុំ វណ្ណា សុទ្ធតែបានបដិសេធថា គ្មានបញ្ហាអន់ចិត្តនឹងគ្នានោះទេ។ អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខាលោក ហុក សុចិត្រា បានបញ្ជាក់ថា លោកមិនអន់ចិត្ត ឬប្រកាន់ចំពោះការបដិសេធមិនចាប់ដៃពីសំណាក់លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នរបស់ភ្នំពេញក្រោន ដែលជាសិស្សប្អូននោះទេ។ លោកបានប្រកាសពីជំហរថា វិសាខាតែងតែអប់រំគ្រូបង្វឹក កីឡាករ មន្ត្រី និងបុគ្គលិកឲ្យជៀសវាងតបតនឹងអ្វីដែលគេធ្វើមិនល្អមកលើពួកគេ។
«ខ្ញុំអត់ដែលគិតពីអ្វីដែលគាត់ធ្វើនោះទេ នេះគឺជាសុជីវធម៌របស់គាត់ បើគាត់គិតថា គាត់ធ្វើបែបនេះជាទង្វើល្អជារឿងរបស់គាត់ តែខ្ញុំអត់មានប្រកាន់មានអ្វីទាំងអស់ ហើយក៏មិនខ្វល់ជាមួយពួកគាត់ដែរ ព្រោះពួកគាត់ជាសិស្សប្អូនខ្ញុំ។ តាំងពីដើមខ្ញុំមិនដែលប្រតិកម្មជាមួយទង្វើអាក្រក់របស់អ្នកដទៃមកលើពួកយើងនោះទេ គឺយើងធ្វើតែទង្វើ ដែលឈានទៅរកភាពជោគជ័យ»។ លោក ហុក សុចិត្រា លើកឡើងបែបនេះក្រោយជំនួបវិសាខាចាញ់ភ្នំពេញក្រោន ៤-៣ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោនបានបកស្រាយថា ការខកខានចាប់ដៃជាមួយលោក ហុក សុចិត្រា ដោយសារលោករវល់មើលកីឡាកររងរបួស ដែលកំពុងដេកដួលនៅទីលាន ហើយមិនបានចាប់អារម្មណ៍ជាមួយលោក ហុក សុចិត្រា ដែលដើរសំដៅមករកលោក។ លោកអះអាងថា លោក ហុក សុចិត្រា បានទះស្មាលោកដែលកំពុងផ្តោតអារម្មណ៍លើកីឡាករពីក្រោយ រួចហើយក៏ដើរទៅវិញ ជាហេតុធ្វើឲ្យលោកមិនអាចតបតទាន់ស្ថានភាពនៅពេលនោះ។
«ខ្ញុំឃើញគាត់ដើរមកកន្លែងខ្ញុំពីរដង ដោយលើកទី១ គាត់ដើរហួសផុត លើកទី២ គាត់មកទៀតតែទៅចាប់ដៃជាមួយអ្នកផ្សេង ពេលនោះខ្ញុំគិតថា គាត់ប្រហែលមិនសំដៅមករកខ្ញុំទេ ទើបខ្ញុំងាកទៅមើលកីឡាករខ្ញុំដូចជា Shane និង Zazai ដែលកំពុងរងរបួសដេកដួលលើទីលាន ហើយគាត់ក៏បានមកទះស្មាខ្ញុំពីក្រោយ ហើយក៏ដើរទៅបាត់»។
សម្រាប់លោក ស៊ុំ វណ្ណា ការខនខានចាប់ដៃ មិនមែនជាទង្វើអាក្រក់នោះទេ ព្រោះវារឿងបន្ទាប់បន្សំក្នុងការប្រកួតបាល់ទាត់។ អ្វីដែលសំខាន់គ្រូបង្វឹក ក៏ដូចជាក្លិបទាំងមូលធ្វើយ៉ាងណារៀបចំក្រុមនិងទម្រង់លេងឲ្យបានល្អ ដើម្បីទាក់ទាញអ្នកគាំទ្រឲ្យមកទស្សនាឲ្យបានច្រើន។ ការគោរពរបស់គ្រូបង្វឹកអំឡុងពេលប្រកួត គឺត្រូវអប់រំកីឡាករ និងសតិអារម្មណ៍របស់ពួកគេឲ្យបានល្អ ដើម្បីបញ្ចៀសការប៉ះទង្គិច និងធ្វើឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូនប្រកបដោយបច្ចេកទេស។
នាការប្រកួតដ៏ស្វិតស្វាញរវាងក្រុមវិសាខាជាមួយភ្នំពេញក្រោននៅកីឡដ្ឋានវិសាខាបានទាក់ទាញអ្នកទស្សនារហូត៥,៥១២នាក់ ដែលជួយឲ្យក្លិបបាល់ទាត់វិសាខា ក្លាយជាក្លិបដែលមានអ្នកផ្ទាល់ច្រើនជាងគេ។ វាក៏ជាកំណត់ត្រាថ្មីសម្រាប់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគផងដែរ៕
Tag:
Cambodian League
ហុក សុចិត្រា
វិសាខា
ស៊ុំ វណ្ណា
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com