ជាតិ
លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​មន្ត្រី​តាមដាន​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ដើម្បី​កុំ​ឲ្យ​ឮ​ពាក្យ​«​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​»
23, Jul 2019 , 4:49 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឺកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឺកជញ្ជូន
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ប្រាប់​មន្ត្រី​ឲ្យ​កសាង​ផ្លូវ​មានគុណ​ភាពល្អ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ មកលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​


 
«​គេ​ថា​កម្ពុជា​យើង ធ្វើ​ផ្លូវ​ជាប់​រហូត គឺ​ជាប់​រហូត​មែន​។ ថ្ងៃនេះ​ធ្វើ​(​ផ្លូវ​) មួយខែ​ក្រោយ​ធ្វើ​(​ផ្លូវ​)​ហ្នឹង​ទៀតហើយ​»​។ នេះ​ជា​អត្ថាធិប្បាយ​របស់លោក ស៊ុន ចាន់ថុល ដែល​បាន​លើកយក​ការរិះគន់​លើ​បញ្ហា​ផ្លូវថ្នល់ ថ្លែងប្រាប់​មន្ត្រី​ខ្លួន នៅ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៣ កក្កដា​នេះ​។​



 
​លោក ស៊ុន ចាន់ថុល ដែល​បាន​មើលឃើញ​ពី​បញ្ហា​ផ្លូវថ្នល់​នេះ បាន​និយាយថា ផ្លូវថ្នល់​នៅ​កម្ពុជា​កន្លងមក តែងតែ​ជួសជុល​ឥត​ស្រាកស្រាន្ត រហូតដល់​មានការ​រិះគន់ថា​«​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​» ដែល​សំដៅលើ​ផ្លូវ​គ្មាន​គុណភាព​។ 
 
​ដើម្បី​បញ្ចៀស​ការរិះគន់​ទាំងនេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន​ទាំងអស់ តាមដាន​រាល់​ការសាងសង​ផ្លូវ របស់​ក្រុមហ៊ុន ដែល​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល​។ 
 
«​គេ​និយាយ​ទៀត​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​។ អា​ចាក់​ក្រាស់​ស៊ី​ស្ដើង វា​មិនសូវ​ប៉ុន្មាន​ទេ ប៉ុន្តែ​អា​ចាក់​ស្ដើង​ស៊ី​ក្រាស់ គឺ​សាហាវ​ណាស់ ព្រោះ​វា​អត់​ជាប់​ផ្លូវ​(​គ្មាន​គុណភាព​)​ហ្នឹង​។ អ៊ីចឹង​ត្រូវ​ធ្វើតាម​នីតិវិធី គឺ​តាមដាន​ការសាងសង​នេះ ឲ្យ​បាន​ដិតដល់ កុំ​ពឹងផ្អែក​១០០​ភាគរយ​ទៅ​ក្រុមហ៊ុន​ទីផ្សារ​បច្ចេកទេស ដែល​យើង​ជួល​គាត់​ជា​ភ្នែក​ជា​ច្រមុះ​យើង ប៉ុន្តែ​គាត់​មិនបាន​ធ្វើការ​១០០​ភាគរយ​ទេ ដោយសារ​មិនមែនជា​លុយ​របស់គាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ដែល​ផ្ដាំ​ឲ្យ​មន្ត្រី​ខ្លួន ចេះ​ស្ដាយ​ថវិការដ្ឋ ដែល​ចំណាយ​លើ​ការសាងសង​ផ្លូវ​ហើយ បែរជា​ទទួលបាន​ផ្លូវ​គ្មាន​គុណភាព​មកវិញ​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​ខូច​ក្នុង​មួយឆ្នាំៗ​៕
 

Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវថ្នល់​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com