អន្តរជាតិ
សិស្សសាលានៅបារាំងក្រោមអាយុ១៥ឆ្នាំ លែងអាចប្រើទូរសព្ទក្នុងសាលារៀន ប្រភពរូប៖ Getty Images
× ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រជាច្រើន បានព្យាយាមសិក្សាស្រាវជ្រាវ រកមើលពីឥទ្ធិពលនៃទូរសព្ទឆ្លាតវៃទៅលើខួរក្បាលកុមារ ។ មនុស្សជាច្រើន ជាពិសេស អាណាព្យាបាល និងឪពុកម្តាយ ស្វាគមន៍ចំពោះការបង្កើតឲ្យមានបម្រាមលើការប្រើប្រាស់ទូរសព្ទនៅសាលារៀនថែមទៀតផង។ ជាដំណឹងរីករាយ បារាំង បានចេញមុខធ្វើជាគំរូសម្រាប់ប្រទេសដទៃ ដោយបានអនុវត្តចំណាត់ការនេះមុនគេបង្អស់។
ថ្ងៃទី២២ ខែកក្កដា ជាថ្ងៃដំបូងដែលសិស្សសាលានៅបារាំងដែលមានអាយុក្រោយ១៥ឆ្នាំ មិនអាចប្រើប្រាស់ទូរសព្ទក្នុងសាលារៀនរបស់ពួកគេ។ នេះបើតាមច្បាប់ថ្មីដែលត្រូវបានអនុម័តតាំងពីខែកក្កដា ឆ្នាំ២០១៨ ដោយសភាបារាំង សំដៅហាមឃាត់ការប្រើប្រាស់ទូរសព្ទឆ្លាតវៃក្នុងសាលារៀន។ ច្បាប់ថ្មីនេះ ជាការបំពេញបន្ថែមច្បាប់ចាស់ដែលហាមប្រាមត្រឹមការប្រើប្រាស់ក្នុងពេលបន្ទប់រៀនប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់កាសែតអាមេរិក CNN ច្បាប់ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង គ្របដណ្តប់លើសិស្សដែលរៀនចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ទី ៩ នៅទូទាំងប្រទេសបារាំង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ម៉ោងញាំអាហារ និងម៉ោងសម្រាក ក៏ត្រូវរាប់បញ្ចូលក្នុងបម្រាមនេះផងដែរ។
ច្បាប់ដែលបានចូលជាធរមាន ចាប់តាំងពីខែសីហាឆ្នាំមុននេះ ហាមប្រាមការប្រើប្រាស់ទូរសព្ទគ្រប់ប្រភេទ រួមទាំង Tablet និងនាឡិកាឆ្លាតវៃផងដែរ។ គោលដៅនៃការបម្រាមនេះ គឺដើម្បីដោះស្រាយបញ្ហាញៀនលេងទូរសព្ទ ហើយភ្លេចការសិក្សារបស់ក្មេងៗសិស្សសាលាបារាំងរាប់លាននាក់។ ហើយ វាក៏មានបំណងណែនាំឲ្យសិស្សទាំងអស់នោះ ផ្លាស់ប្តូរទម្លាប់អាក្រក់នេះចេញ ហើយផ្តើមចាប់យកទម្លាប់ល្អៗសម្រាប់សុខភាពចិត្តពួកគេ ដោយកាត់បន្ថយពេលវេលានៅលើបណ្តាញសង្គម និងវេបសាយផ្សេងៗ។
ទាក់ទិននឹងច្បាប់ដែលចាត់ទុកថា «ច្បាប់ប្រចាំសតវត្សរ៍ទី២១» រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Jean-Michel Blanquer លើកឡើងថា ច្បាប់នេះ នឹងពង្រឹងវិន័យកាន់តែល្អប្រសើរ ក្នុងចំណោមសិស្សវ័យក្មេងៗទាំង ១២លាននាក់របស់បារាំង ។
ការចេញច្បាប់ថ្មីរបស់បារាំងនេះ ធ្វើឡើងក្រោយពីការសិក្សាមួយ ដែលចុះផ្សាយដោយសាកលវិទ្យាល័យរដ្ឋរបស់ចក្រភពអង់គ្លេស ឈ្មោះថា London School of Economics and Political Science រកឃើញថា ការហាមប្រាមទូរសព្ទឆ្លាតវៃក្នុងសាលារៀន ធ្វើឲ្យសិស្សទទួលបានពិន្ទខ្ពស់ជាងមុន និងមានពេលច្រើនបន្ថែមសម្រាប់ការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ សិស្សបារាំងជាង៩០ភាគរយ ដែលមានអាយុចន្លោះពី ១២ ដល់ ១៧ឆ្នាំ មានទូរសព្ទឆ្លាតវៃប្រើប្រាស់។ តួលេខនេះ កើនឡើង ៧២ភាគរយ បើធៀបនឹងឆ្នាំ២០០៥ ។ នេះបើតាមនិយ័តករទូរគមនាគមន៍បារាំង ARCEP ៕
Tag:
បារាំង
សាលារៀន
ទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com