ជាតិ
រដ្ឋមន្ត្រីការងារ ឲ្យអង្គភាពបណ្ដុះបណ្ដាលនានា ដាក់ពាក្យសុំមូលនិធិ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីក្រសួង)
× អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់ទៅអង្គភាពបណ្ដុះបណ្ដាល ទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ចិកានៅក្រសួងការងារ ឲ្យដាក់ពាក្យស្នើសុំ «មូលនិធិជាតិបណ្តុះបណ្ដាល ដើម្បីកាត់បន្ថយភាពក្រីក្រជំហានទី២ឆ្នាំ២០១៩»។ លោករដ្ឋមន្ត្រី បានចេញសេចក្ដីជូនដំណឹងទៅដល់អង្គភាពទាំងនោះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ជំនាញបណ្ដោះបណ្ដាលក្រោមមូលនិធិនេះ មានពីរប្រភេទ គឺ ទី១ ផ្នែកបច្ចេកទេស ឧស្សាកម្ម សិប្បកម្ម សេវាកម្ម (រយៈពេល៤ខែ) និង ទី២ កសិកម្ម (រយៈពេល១សប្ដាហ៍) ដែលផ្ដោតលើលើវិស័យអាទិភាព៥ រួមមាន សំណង់ មេកានិករថយន្ត កុំព្យូទ័រ/ធុរកិច្ច អគ្គិសនី និងកម្មន្តសាល។
គោលដៅនៃការបណ្ដុះបណ្ដាលនេះ ផ្ដោតចំពោះជនទីទ័លក្រ ស្រី្តមេម៉ាយ ក្មេងកំព្រា សិស្សបោះបង់ការសិក្សា ជនពិការ និងជនបាត់បង់ឱកាសការងារ។ កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៩នេះ ក្រសួងការងារនឹងផ្ដល់ថវិកាមួយចំនួនតាមមូលធិនិបណ្ដុះបណ្ដាល សម្រាប់អង្គភាពបណ្ដុះបណ្ដាលស្របច្បាប់ មានបទពិសោធ និងឆ្លើយតបទៅតាមការវិនិច្ឆ័យដែលក្រសួងការងារកំណត់។ ក្រសួងការងារ នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៦សីហា ឆ្នាំ២០១៩៕
Tag:
ក្រសួងការងារ
មូលនិធិ
បណ្ដុះបណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com