កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ថា​ការ​ឈ្នះ Ballon d'Or ជា​កិត្តិយស​បំផុត តែ​ត្រូវ​ការកែលម្អ​ខ្លួន​ច្រើន​ទៀត​
24, Jul 2019 , 8:29 am        
រូបភាព
Virgil van Dijk បាន​សារភាព​ពី​អារម្មណ៍​ពិត​របស់ខ្លួន​ថា​វា​ពិតជា «​មិនគួរ​ឲ្យ​ជឿ​» ប្រសិនបើ​រូបគេ​ឈ្នះ Ballon d'Or ឆ្នាំ ២០១៩​នេះ ហើយ​ជា​កិត្តិយស​ដ៏​ធំធេង​បំផុត​បើ​ក្លាយជា​ការពិត​។ ប៉ុន្តែ​យ៉ាងណា ខ្សែការពារ Liverpool នេះ​នៅតែ​ផ្តោត​ខ្លាំង​លើ​កា​រព​ង្រឹ​ក​សមត្ថភាព​បន្ថែម​ដើម្បី​ជួយ​ក្រុម​នា​រដូវ​កាល​ថ្មី​។​


 
​អាយុ ២៨ ឆ្នាំ ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក World's Best Player of the Years 2019 តាមរយៈ​ការជួយ​ហង្ស​ក្រហម Liverpool លើក​ពាន Champions League និង​ជា​ក្រុម​តែមួយគត់​ដែល​ប្រជែង​ពាន Premier League បើ​ទោះ​បាន​ត្រឹម​រងជើង​ឯក​រដូវ​កាល​មុន​។​
 
Van Dijk ជា​សមាជិក​ដ៏​សំខាន់បំផុត​សម្រាប់​ក្រុម​លោក Jurgen Klopp ចាប់តាំងពី​ផ្ទេរ​ពី Southampton ក្នុងតម្លៃ​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​បំផុត ៧៥​លាន​ផោន (៩៣​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែមករា ឆ្នាំ​២០១៨​។​


 
«​ប្រសិនបើ​ខ្ញុំ​ឈ្នះ Ballon d'Or តាមរយៈ​សមិទ្ធផល​ដែល​ខ្ញុំ​មាន​កាលពី​ឆ្នាំមុន គឺ​ពិតជា​មិនគួរ​ឲ្យ​ជឿ​នោះទេ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទកភាព​ណាស់​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅតែមាន​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​ជាច្រើន​ទៀត​។ ខ្ញុំ​អាច​ទទួលលទ្ធផល​ល្អ​ជាង​នេះ​សម្រាប់​រដូវ​កាល​បន្ទាប់​ទៀត​»​។ Van Dijk លើកឡើង​បែបនេះ​ដែល​ហាក់ដូច​មិនមាន​ការជឿជាក់​លើ​ខ្លួនឯង​សម្រាប់​តំណែង​ពាន​ដ៏​អស្ចារ្យ​មួយ​នេះ​។​
 
​ប្រធាន​ក្រុម​ជម្រើសជាតិ​ង​ហូ​ឡង់​ខាងលើ ត្រូវបាន​អ្នកតាមដាន និង​អ្នកវិភាគ​កីឡាបាល់ទាត់​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក យល់ឃើញថា Van Dijk អាច​នឹង​ឈ្នះ Ballon d'Or ដូចដែល Luka Modric ខ្សែបម្រើ Real Madrid ប្រជែង​ឈ្នះ Cristiano Ronaldo និង Lionel Messi កាលពី​ឆ្នាំ​២០១៨​ដូច្នោះ​ដែរ​។​
 
Van Dijk បានបញ្ជាក់​ប្រាប់ BBC Sport ដោយ​ដាក់ខ្លួន​ថា​៖«​ពិតណាស់​វា​ជា​កិត្តិយស​ដ៏​ធំធេង​បើ​ខ្ញុំ​ត្រូវគេ​ដាក់ឈ្មោះ​ជា​កីឡាករ​ដែល​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព ប៉ុន្តែ​សួរថា​តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​?»
 
​បើ​ទោះ​បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ក៏ដោយ ប៉ុន្តែ​អតីត​សមាជិក​ក្រុម Celtic រូបនេះ តែងតែ​រិះគន់​ខ្លួនឯង និង​រីករាយ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​រិះគន់​ពី​ទម្រង់​លេង​របស់គេ​ទៀតផង​។ Van Dijk យល់ថា ការរិះគន់​នឹង​ជួយ​រូបគេ​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ប្រសើរឡើង​៕
 

Tag:
 បាល់ទាត់​
  Virgil van Dijk
  Ballon d\'Or
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com