ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចោទថា ពលរដ្ឋ៣ភូមិ និងអាជ្ញាធរមូលដ្នាន នៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលក់ដីឲ្យក្រុមហ៊ុនចិន ខណៈពលរដ្ឋបានអះអាងថា ពួកគេមិនបានលក់ដីសហគមន៍ទៅឲ្យក្រុមហ៊ុន ដូចការចោទប្រកាន់របស់ក្រសួងនោះទេ។
ក្រសួងដែនដីបានបញ្ជាក់ថា ពលរដ្ឋ និងមេភូមិ មេឃុំ ក្នុងភូមិជីទ្រុង ភូមិបុស្សស្នោរ និង ភូមិស្រែប្រាំង ស្ថិតនៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលក់ដីឲ្យក្រុមហ៊ុនចិនមួយឈ្មោះ ហាមីនីវីងអីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១ ហើយក្រសួងក៏បានចុះបញ្ជីឲ្យក្រុមហ៊ុនរួចរាល់ដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ដែលចេញកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៩។
លោក សែម សាង ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិ ស្រែប្រាំង បានអះអាងថាពលរដ្ឋទាំង៣ភូមិខាងលើ មិនបានលក់ដីឲ្យក្រុមហ៊ុនទេ។ លោកបានដាក់ការសង្ស័យថា មានតែអាជ្ញាធរទេដែលមានសិទ្ធិលក់ដីទាំងនោះ ខណៈប្រជាពលរដ្ឋតែងតែរងការគំរាមកំហែងពីអាជ្ញាធរ និងតុលាការ។ លោកបានឲ្យដឹងបន្ថែមថាដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចិននោះស្ថិតនៅក្នុងភូមិ ជីទ្រុង ភូមិបុស្សស្នោរ និង ភូមិស្រែប្រាំង ដែលជាដីសហគមន៍មានទំហំប្រមាណ២០០០ ហិកតា។
លោកបាននិយាយថា៖«បើក្រសួងប្រកាសអ៊ីចឹង មានតែក្រសួង និងមេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ជាអ្នកលក់។ ប្រជាពលរដ្ឋ មិនបានលក់ទេ។ បើក្រសួងថាពលរដ្ឋជាអ្នកលក់ តើក្រសួងមានឯកសារអ្វីជាក់លាក់ឲ្យប្រជាពលរដ្ឋមើល?»
លោកបន្តថា ប្រជាពលរដ្ឋនឹងរៀបចំឯកសារប្ដឹងជំទាស់នឹងការលើកឡើងរបស់ក្រសួងដែនដី និងគ្រោងជួបជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីសួររកឯកបញ្ជាក់ថា ពលរដ្ឋទាំង៣ភូមិបានលក់ដីឲ្យក្រុមហ៊ុន។ លោកបានឲ្យដឹងបន្តែមថា លោកបានទទួលព័ត៌មានថាក្រុមហ៊ុនមានគម្រោងវិនិយោគលើដំណាំថ្នាំជក់ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះលោកមិនឃើញក្រុមហ៊ុនដាំដំណាំអ្វីនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិផ្សេងៗទៀតក្នុងស្រុកតំបែរ ក៏មានជម្លោះដីធ្លីជាមួយឧកញ៉ាផងដែរ។
ប្រជាពលរដ្ឋ៦៧៦គ្រួសារ ដែលមកពី៧ភូមិ រួមមាន ត្រពាំងព្រីង កំប្រើស ស្រែប្រាំង បុស្សស្នោរ ទួលសំបូរ ចំបក់ និង ជីទ្រុង ស្ថិតនៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យប្ដឹងទៅក្រសួងដែនដី ដោយបានទាមទារដីព្រៃសហគមន៍សរុប៣៧១៨ហិកតា កាលពីថ្ងៃទី ២២ ខែកក្កដា។ ជាការឆ្លើយតបក្រសួងដែនដី បានស្នើឲ្យអាជ្ញាធរស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ លើមេក្លោងដែលញុះញង់បោកប្រាស់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនាទាមទារនេះផងដែរ។ ហើយក្រសួងក៏ពុំដោះស្រាយឲ្យនោះទេ ព្រោះបានដីទាំងនោះបានដោះស្រាយរួចរាល់ហើយ។
ក្រសួងសរសេរថា៖«ទី១ ទីតាំងដីក្នុងភូមិ ជីទ្រុង ភូមិស្នោរ និងភូមិស្រែប្រាំង ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ រួមទាំងមេភូមិ និងមេឃុំបានព្រមព្រៀងលក់ឲ្យក្រុមហ៊ុនចិន ហាមីនីវីងអីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១មក និងបានចុះបញ្ជីជូនក្រុមហ៊ុនរួច។ ទី២ ទីតាំងដីក្នុងភូមិទួលសំបូរ និង ភូមិកំប្រឹង ត្រូវបានចុះបញ្ជីតាមបទបញ្ជាលេខ១ បប ជូនប្រជាពលរដ្ឋជាកម្មសិទ្ធិឯកជនអស់ហើយ។ ទី៣ ទីតាំងដីក្នុងភូមិត្រពាំងព្រីង និងភូមចំបក់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិចូលទៅកាន់កាប់ជាលក្ខណៈឯកជនតាមគ្រួសារនីមួយអស់ហើយ មិនមានចំណែកជាដីរួមភូមិទៀតទេ»។
ជុំវិញបញ្ហានេះសារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពី លោក សេង ឡូត បានទេ ព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទង់បាន នាថ្ងៃទី ២២ ខែកក្កដា នេះ។
លោក មុំ សាប៊ុន មេឃុំត្រពាំងព្រឹង បានអៈអាងថា ប្រជាពលរដ្ឋពិតជាបានលក់ដីឲ្យក្រុមហ៊ុនចិនកាលពីឆ្នាំ២០១០ ដែលមានទំហំប្រមាណ ១០០០ ហិកតា ហើយចំពោះឯកសារលក់ដីទាំងនោះលោកបានបញ្ជូនទៅថ្នាក់លើអស់ហើយ។ លោកអៈអាងថាដីដែលមានជម្លោះនោះមានទំហំជាង ៣០០ហិកតា។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគលើវិស័យកសិកម្ម ដាំដំណាំដូចជា ថ្នាំជក់ ពោត សណ្ដែកដី ត្រសក់ជាដើម។
មេឃុំរូបនោះបន្តថា៖« ខ្ញុំអត់បានលក់ទេ។ មានឯកសារផ្ដិតមេដៃ អ្នកយកលុយបានផ្ដិតអស់រលីងហើយ មានតែ(ពលរដ្ឋ)ម្នាក់ទេដែលខ្លួនទៅធ្វើការនៅថៃ ហើយឪពុកម្ដាយនៅភូមិឯនេះលក់ដី ដល់ពេលពួកគាត់ស្លាប់អស់ទៅ ម្នាក់នឹងមកពីថៃវិញគាត់ថា គាត់មិនដឹង ដើរបំផុសដល់ពលរដ្ឋដ៏ទៃ បានរាប់រយនាក់»។
លោក ញ៉ិល ភាព មន្ត្រីសម្របសម្រួលសហគមន៍ CCFC បានឲ្យដឹងថា ករណីជម្លោះដីធ្លីនៅតែបន្តកើតមាន និងគ្មានដំណោះស្រាយជាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ព្រោះការរំលោភមានលក្ខណៈជាប្រព័ន្ធ (អាជ្ញាធរថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ)។ លោកបន្តថា ភាគច្រើននៃគណៈកម្មាធិការដោះស្រាយវិវាធដីធ្លីរបស់រដ្ឋាភិបាល គឺមានជាប់ពាក់ព័ន្ធនឹងការរំលោភដីរបស់ប្រជាពលរដ្ឋដែរ។ លើសពីគណៈកម្មាធិការដោះស្រាយវិវាធដីធ្លីមានអំណាចតូចជាង អ្នកដែលរំលោភដីរបស់ប្រជាពលរដ្ឋ។
លោកបាននិយាយថា៖« គោលនយោបាយដោះស្រាយដីធ្លីរបស់រដ្ឋាភិបាល ដែលបានបង្កើតគណៈកម្មាធិការតាំងពីថ្នាក់ខេត្តដល់ថ្នាក់ជាតិហ្នឹង គណៈកម្មាធិការភាគច្រើន គាត់ពាក់ព័ន្ធជាមួយនឹងការរំលោភដីរបស់ប្រជាពលរដ្ឋ។ ពេលខ្លះគណៈកម្មាធិការដោះស្រាយ ត្រឹមថ្នាក់ខេត្ត មានអភិបាលរងខេត្ត អភិបាលខេត្ត ដែលអ្នកដោះហ្នឹងមានឋានៈតូចជាអ្នកដែលរំលោភ ខណៈអ្នកទៅយកដីជាឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី ឬក៏ជានាយទាហានជាន់ខ្ពស់ជាដើម។ ដូច្នេះវាមានភាពស្មុគស្មាញដែលមិនអាចដោះកើត ការរំលោភមានលក្ខណៈជាប្រព័ន្ធ»។
លោកបានស្នើដល់រដ្ឋាភិបាលជាពិសេស សម្តេច ហ៊ុន សែន ជួយជំរុញដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាវិវាធដីធ្លី ដោយតម្លាភាព និងយុត្តិធម៌ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
គួររម្លឹកថា កាលថ្ងៃទី ២២ ខែកក្កដា ម្សិលមិញក៏មានប្រជាពលរដ្ឋប្រមាណ ៩៨០ នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីចំនួន ៧៦១៥ គ្រួសារ លើទំហំដីធ្លីសរុបចំនួន ១៦២៧៩.៦៤ ហិកតា មកខេត្តព្រះសីហនុ, កំពង់ស្ពឺ, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, និងខេត្តកណ្ដាល បាននាំគ្នាមកតវ៉ា និងដាក់ញតិ្តរកអន្តរាគមន៍ពី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងយុត្តិធម៌ជាដើម៕