ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​សំឡូត​-​វាលវែង​-​កោះកុង នឹងត្រូវ​សាងសង់​នាពេល​ខាងមុខនេះ​
24, Jul 2019 , 8:59 am        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​១០​ប្រវែង​១៩៣​គីឡូម៉ែត្រ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់ នៅក្រោយ​រដូវ​ភ្លៀវ​ធ្លាក់​ឆ្នាំនេះ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​បែបនេះ​ប្រាប់​អ្នកកាសែត​នាពេល​លោក​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​មួយចំនួន​នៅ​ភាគ​ខាងលិច និង​ពាយព្យ​នៃ​ប្រទេស នៅ​ថ្ងៃទី​២២​ខែកក្កដា​។​


 
​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ៖



 
​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១០​នេះ នឹងត្រូវ​ធ្វើឡើង​រួមគ្នា​នឹង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ ក្រោម​អធិបតី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា កាលបរិច្ឆេទ​បើក​ការដ្ឋាន និង​សម្ពោធ​ផ្លូវ​នេះ គឺ​អាស្រ័យ​ការអនុញ្ញាត​របស់​សម្ដេច តែ​លោក​លើកឡើងថា​ទំនងជា​ក្រោយ​រដូវ​ធ្លាក់ភ្លៀង​។​
 
​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​១៩៣ គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ចេញពី​ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង ទៅ​ខេត្តកោះកុង ដោយ​ឆ្លងកាត់​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។ បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ ទទួលបាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ ១៨៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​។​
 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​មើលឃើញថា ផ្លូវជាតិ​លេខ​១០​នេះ មាន​សក្ដានុពល​សម្រាប់​ការដឹកជញ្ជូន​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​បើ​យើង​ធ្វើ​ផ្លូវ​លេខ​១០​ហើយ រថយន្ត​ដឹកទំនិញ​ច្រើនណាស់ មកពី​បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅ​ខេត្តកោះកុង និង​ព្រះសីហនុ ហើយ​បើតាម​ខ្ញុំ​លឺ​ថ្មីៗ​នេះ​មាន​អ្នកវិនិយោគ​ចង់​ស្នើសុំ​បង្កើត​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​កោះកុង ថែមទៀត ដូចនេះ​ខ្ញុំ​ជឿជាក់ថា​ផ្លូវ​នេះ​មាន​សកម្មភាព​ច្រើនណាស​»​។​
 
​គួរ​បញ្ជាក់ថា ក្រៅពី​ផ្លូវជាតិ​លេខ​១០​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នេះ បណ្ដា​ផ្លូវជាតិ​មួយចំនួន​នៅ​ភាគ​ខាងលិច និង​ពាយព្យ​ប្រទេស ឬ​អាច​និយាយថា​បណ្ដា​ផ្លូវ​កៀក​នឹង​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​ត្រូវបាន​យកចិត្តទុកដាក់​លើកកម្ពស់​ផ្លូវ​ពី​រដ្ឋាភិបាល​៕

Tag:
 ផ្លូវជាតិ​លេខ​១០
  ស៊ុន ចាន់ថុល​
  វាលវែង
  សំឡូត​
© រក្សាសិទ្ធិដោយ thmeythmey.com