ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​ប្រយោជន៍​ទេ ដែល​លេបថ្នាំ​វីតាមីន​ចម្រុះ​ច្រើន​?
25, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន​ចម្រុះ​ច្រើនតែ​ត្រូវបាន​គ្រូពេទ្យ​ជាច្រើន​ចេញ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ផ្សំគ្នា​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​នានា​ជាច្រើន​។ យ៉ាងណាមិញ មនុស្ស​មួយចំនួន​ជឿថា ថ្នាំ​វីតាមីន​ចម្រុះ​អាចជួយ​ដល់​សុខភាព បង្កើន​ការ​បាយ​បាន និង​បន្ថយ​ការ​ប្រឈម​ជំងឺ​រុាំរ៉ៃ​។



ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​ការពិត​មួយចំនួន​អំពី​ថ្នាំ​វីតាមីន​ចម្រុះ​៖
 
​វីតាមីន​ចម្រុះ និង​ជំងឺ​បេះដូង​
 
​ជំងឺ​បេះដូង​គឺជា​មូលហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក​នេះ​។ មនុស្ស​ជាច្រើន​ជឿថា ការ​លេបថ្នាំ​វីតាមីន​ចម្រុះ​អាចជួយ​បង្ការ​ជំងឺ​បេះដូង ប៉ុន្តែ​អំណះអំណាង​ដូច​មិន​ច្បា​ស់សោះ​។ ការសិក្សា​ខ្លះ​និយាយទៀតថា វីតាមីន​នេះ​មាន​ទំនាក់ទំនង​ក្នុងការ​បន្ថយ​ការ​ប្រឈម​ជំងឺ​គាំងបេះដូង និង​ស្លាប់​។ ជាក់ស្តែង​តាម​ការសិក្សា​ទៅលើ​មនុស្ស​វ័យ​កណ្តាល ដែលជា​គ្រូពេទ្យ​ភេទ​ប្រុស​ប្រមាណ ១៤០០០​នាក់ ដូចជា​មិនបាន​ឃើញ មានការ​ថយចុះ​បែបនេះ​ឡើយ​។ ប៉ុន្តែ​ការ​លេបថ្នាំ​វីតាមីន​ចម្រុះ​យ៉ាងហោចណាស់ ៣​ឆ្នាំ អាច​បន្ថយ​ការស្លាប់​ដោយសារតែ​ជំងឺ​បេះដូង​បាន ៣៥​ភាគរយ​ដែរ​។ 
 
​វីតាមីន​ចម្រុះ និង​ជំងឺមហារីក​
 
​ការសិក្សា​ខ្លះ​បាន​បញ្ជាក់ថា វា​មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ​ការ​ប្រឈម​ជំងឺមហារីក​ឡើយ ខណៈពេលដែល​ទំនាក់ទំនង​ខ្លះទៀត​បង្ហាញថា វីតាមីន​ចម្រុះ​ធ្វើ​ឲ្យ​ប្រឈម​នឹង​មហារីក​កាន់តែខ្លាំង​ទៅវិញ​។ តាម​ការសិក្សា​គេ​បាន​រកឃើញថា បុរស​ដែល​ប្រើ​ថ្នាំ​វិ​តា​មីន​ចម្រុះ អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​បាន ៣១​ភាគរយ ខណៈពេលដែល​ស្ត្រី​មិនមាន​ឥទ្ធិពល​បែបនេះ​ឡើយ​។ 
 
​ថ្នាំ​វីតាមីន​ចម្រុះ​អាចមាន​គ្រោះថ្នាក់​ខ្លាំង​លើ​ករណីខ្លះ​ដែរ​
 
​កម្រិត​ប្រើប្រាស់​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​គិត​។ ថ្វីបើ​ការ​លេបថ្នាំ​នេះ​ក្នុង​កម្រិត​ខ្ពស់ វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​កម្រិត​ខ្ពស់​ដែរ​។ យ៉ាងណាមិញ កម្រិត​ថ្នាំ​ដែល​សមស្រប​ច្រើនតែ​អាស្រ័យ​ទៅតាម​ភាពរលាយ​របស់​វា ដែល​គេ​ចែក​ទៅតាម​ពីរ​ប្រភេទ​ដូចជា​៖
 
  •​ ​រលាយ​ក្នុង​ទឹក​
  •​ ​រលាយ​ក្នុង​ខ្លាញ់​
 
​សម្រាប់​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​មានដូចជា A, D, E និង K​។ ខណៈពេលដែល​វីតាមីន E និង K ច្រើនតែ​មិន​បង្ក​ជា​ភាព​ពុល តែ​វីតាមីន A និង D អាចមាន​ឥទ្ធិពល​ពុល​បាន​បើសិនជា​ញ៉ាំ​ច្រើន​។ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាពិសេស​ចំពោះ​ការ​លេបថ្នាំ​វីតាមីន A ព្រោះ​កាលណា​លេប​ច្រើន​អាចធ្វើ​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ​បាន​។​
 
​បើសិនជា​លេបថ្នាំ​វីតាមីន​ចម្រុះ ហើយ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ខ្លាំង​ទៀត នោះ​វា​ងាយ​នឹង​លើស​តម្រូវការ​ជីវជាតិ​ក្នុង​ខ្លួន​ណាស់​។ ចំពោះ​អ្នក​ជក់បារី​គួរតែ​ចៀសវាង​ការ​លេបថ្នាំ​វីតាមីន​ចម្រុះ​ណា​ដែលមាន​ចំនួន​វីតាមីន A ឬ Beta Carotene ខ្ពស់ ព្រោះ​វា​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​សួត​បាន​។  
 
​តើ​មនុស្ស​ប្រភេទ​ណា​ដែល​គួរ​លេបថ្នាំ​វីតាមីន​ចម្រុះ​ទៅ​?
 
​ថ្នាំ​វីតាមីន​ចម្រុះ​មិនមែន​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​នោះទេ​។ យ៉ាងណាមិញ មនុស្ស​ដែល​អាច​ទទួលបាន​ប្រយោជន៍​ពី​វីតាមីន​ចម្រុះ​គួរតែ​ជា​៖
 
  •​ ​​មនុស្ស​វ័យ​ចំណាស់​៖ ការ​បឺត​ស្រូប​របស់​វីតាមីន B12 នឹង​ថយចុះ​នៅពេល​អាយុ​កាន់តែច្រើន​។ មនុស្ស​ចាស់​ក៏​ប្រហែលជា​ត្រូវការ​ជាតិ​កាលស្យូម និង​វីតាមីន D កាន់តែច្រើន​ដែរ​។ 
 
  •​ ​​អ្នក​ញ៉ាំ​អាហារ​បួស​៖ នៅពេល​វីតាមីន B12 ត្រូវបាន​គេ​រកឃើញថា​មានតែ​ក្នុង​អាហារ​សាច់ ដូច្នេះ​អ្នក​ញ៉ាំ​អាហារ​បួស​គឺ​ប្រឈម​នឹង​ការ​កង្វះ​វីតាមីន B12 នេះ​ណាស់​។ អ្នក​ក៏​ប្រហែលជា​កង្វះ​ជាតិ​កាលស្យូម ស័ង្កសី ជាតិ​ដែក វីតាមីន D និង​អូ​មេ​ហ្គា​បី​ផង​។ 
 
​  •​ ​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​៖ ស្ត្រី​ទាំងនេះ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ជីវជាតិ​ណាខ្លះ​ដែល​ល្អ និង​ណាខ្លះ​ដែល​មិនល្អ​។ ឧទាហរណ៍ ការ​ញ៉ាំ​វីតាមីន A ច្រើន​អាចធ្វើ​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ​បាន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com